តម្លៃជួលទីតាំងធ្វើការរួមគ្នានៅក្នុងទីក្រុងហូជីមិញកំពុង
កើនឡើង
ដោយ: គង់ លាងហួរ
អន្តរជាតិ: ការសិក្សាថ្មីមួយបានរកឃើញថា ការជួលទីតាំងធ្វើការរួមគ្នាប្រចាំខែ នៅតាមអគារប្រណីត នៅក្នុងសង្កាត់លេខ១ នៃទីក្រុងហូជីមិញបានកើនឡើង៥% ដល់៣៤៤ដុល្លារក្នុងម្នាក់ នៅឆមាសទីមួយឆ្នាំនេះ។
ចំណែក នៅទូទាំងទីក្រុងទាំងមូល អត្រាតម្លៃជួលជាមធ្យមបានកើនឡើង៤,៥% ដល់២១៩ដុល្លារក្នុងម្នាក់ក្នុងអំឡុងពេលដូចគ្នា។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank ។
ជាមួយគ្នានេះ ការផ្គត់ផ្គង់ទីតាំងធ្វើការរួមគ្នា នៅតំបន់មិនស្ថិតចំកណ្តាលទីក្រុង (Non-central)កំពុងកើនឡើង ខណៈបណ្តាអ្នកអភិវឌ្ឍន៍ផ្តោតលើចំណូលចិត្ត បត់បែនរបស់សហគ្រិនវ័យក្មេង និងនិយោជិត។
ជាក់ស្តែង វិទ្យាស្ថាន Quang Trung Software City បានជួលទីតាំងនៅក្នុងអគារថ្មីមួយ កម្ពស់១០ជាន់នៅសង្កាត់លេខ១២។ ក្នុងនោះ អគារចំនួន៣ជាន់ ក្លាយជាទីតាំងធ្វើការរួមគ្នា អភិវឌ្ឍន៍ ដោយក្រុមហ៊ុនThe Sentry សម្រាប់ជួលឱ្យក្រុមហ៊ុនទើបចាប់ផ្តើមអាជីវកម្មថ្មី(Start-up) ប្រហែល៧០ក្រុមហ៊ុន នៅទីក្រុងហូជីមិញ។
លោក Greg Ohan សហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនSentry បានមានប្រសាសន៍ឱ្យដឹងថា “យើងសង្កេតឃើញការរីកចម្រើនយ៉ាងខ្លាំង ក្នុងការអភិវឌ្ឍន៍កម្មវិធី Software ជាពិសេសក្នុងហ្គេម និងបញ្ញាសិប្បនិម្មិត AI”។
នៅតំបន់ដាច់ឆ្ងាយពីកណ្តាលទីក្រុង ទីតាំងធ្វើការរួមគ្នាត្រូវបានជួលជាមធ្យមជារៀងរាល់ខែ ក្នុងតម្លៃ៩៦ដុល្លារសម្រាប់មនុស្សម្នាក់។
លោក Le Nguyen នាយកយុទ្ធសាស្រ្តផ្នែកជួល និងផ្តល់ដំណោះស្រាយនៅក្រុមហ៊ុន Knight Frank Vietnam បានអះអាងថា ក្រៅពីការជួលទីតាំងធ្វើការរួមគ្នា អ្នកអភិវឌ្ឍន៍ក៏កំពុងផ្តល់ការបណ្តុះបណ្តាល និងការកសាងក្រុមការងារ សម្រាប់ក្រុមហ៊ុន Start-up។
និន្នាការនៃការជួលទីតាំងធ្វើការរួមគ្នា កំពុងទទួលបានសន្ទុះយ៉ាងខ្លាំង នៅក្នុងទីក្រុងមជ្ឈមណ្ឌល សេដ្ឋកិច្ចធំៗរបស់ប្រទេសវៀតណាម ដូចជា ទីក្រុងហូជីមិញ ទីក្រុងហាណូយ និងទីក្រុងដាណាង។
បណ្តាក្រុមហ៊ុនបរទេសជាច្រើន ដែលចូលមកបណ្តាក់ទុនក្នុងប្រទេសវៀតណាម កំពុងជ្រើសរើសទីតាំងធ្វើការរួមគ្នា ដោយសារតែការជួលមានតម្លៃសមរម្យ និងប្រតិបត្តិការមានភាពបត់បែន៕ប្រភព: Vnexpress៕