ថ្នាក់ដឹកនាំCVEAផ្តោតលើ “ព៣” ដើម្បីពង្រឹងបទដ្ឋានវិជ្ជាជីវៈក្នុងវិស័យនេះ
ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ថ្នាក់ដឹកនាំសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) បាននិងកំពុងផ្តោតលើយុទ្ឋសាស្រ្ត “ព៣” ដើម្បីពង្រីកការផ្សព្វផ្សាយ និងពង្រឹងស្តង់ដាវិជ្ជាជីវៈក្នុងវិស័យនេះ។
លោកសន សៀបប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) បានមានប្រសាសន៍បែបនេះ ក្នុងពិធី ចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ជាមួយគេហទំព័រPropertyarea.asia ដែលជាបណ្តាញពផ្សព្វផ្សាយព័ត៌មាន អចលនទ្រព្យឈានមុខគេ នៅកម្ពុជាកាលពីចុងសប្តាហ៍មុន។
លោកសន សៀបបានមានប្រសាសន៍ថា ការចុះអនុស្សរណៈនេះ ដើម្បីយើងធ្វើការរួមគ្នា ក្នុងការផ្សព្វផ្សាយពីច្បាប់ និងបទដ្ឋានគតិយុត្តិនានា លើការផ្តល់សេវាកម្មរបស់យើង នៅក្នុងវិស័យនេះ។
លោកបន្តថា “ការពង្រឹងច្បាប់ ជាយុទ្ឋសាស្រ្តរបស់យើងមួយនៅក្នុងយុទ្ឋសាស្រ្ត “ព” ទាំងបីរបស់យើង”។
លោកបានពន្យល់ថា “ព” ទី១ គឺការពង្រឹងការអនុវត្តន៍ច្បាប់ សម្រាប់ទាំងអស់គ្នា ដើម្បីយើងអាចប្រកួតប្រជែងគ្នាដោយតម្លាភាព និងផ្តោតលើគុណភាពសេវាកម្មជាចម្បង ព្រោះមានតែការគោរពច្បាប់ទេ ទើបយើងអាចជៀសពីបញ្ហាផ្សេងៗ និងអាចចូលរួមអភិវឌ្ឍន៍ប្រទេសជាតិរបស់យើង។
“ព” ទី២ គឺការពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់យើង ដោយសមាគមនឹងរៀបចំផ្សព្វផ្សាយ ការបណ្តុះបណ្តាលសមត្ថភាពវិជ្ជាជីវៈ ក៏ដូចជាចំណេះដឹងថ្មីៗ ដល់អ្នកនៅក្នុងវិជ្ជាជីវៈរបស់យើង ដើម្បីទទួលបានអាជ្ញាប័ណ្ណវិជ្ជាជីវៈ ពីនិយ័តករអភិវឌ្ឍន៍អាជីវកម្មអចលនវត្ថុ និងបញ្ចាំ។
“ព”ទី៣ គឺការពង្រឹងការការពារវិជ្ជាជីវៈរបស់យើង អញ្ចឹងការសហការជាមួយគេហទំព័រPropertyarea.asia ដើម្បីឲ្យស្ថាប័នព័ត៌មាន ជួយផ្សព្វផ្សាយឲ្យអ្នកគ្មានអាជ្ញាប័ណ្ណ គាត់ងាកមកសុំអាជ្ញាប័ណ្ណ ដើម្បីឲ្យការផ្តល់សេវាកម្ម ដល់សាធារណៈជន និងអ្នកវិនិយោគជាតិ អន្តរជាតិកាន់តែមានទំនុកចិត្ត។
លោកសន សៀបបានបន្តថា “ជំនាញនិងវិជ្ជាជីវៈ ប្រៀបដូចជាវេជ្ជបណ្ឌិតចឹង បើគាត់មានជំនាញ និងបទពិសោធន៍តិចតួច យកទៅមើលអ្នកជំងឺ គឺមិនអាចព្យាបាលបាន គឺគាត់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់”។ លោកបន្តថា “បើគាត់គ្មានជំនាញ និងវិជ្ជាជីវៈច្បាស់លាស់ គាត់ត្រូវប្រឈមមុខចំពោះច្បាប់ ព្រោះមិនអាចឲ្យអ្នកដទៃទៀត ខូចឈ្មោះដោយសារគាត់នោះទេ”។
ជាមួយគ្នានេះ លោកឧកញ៉ាចេង ខេងក្រុមប្រឹក្សាភិបាលសមាគមCVEAបានមានប្រសាសន៍ឲ្យដឹងថា ការពង្រឹងបទដ្ឋានក្រមសីលធ៌មវិជ្ជាជីវៈ និងច្បាប់ពិតជាមានសារៈសំខាន់ណាស់ ដើម្បីជួយដល់វិស័យនេះ ឲ្យមានភាពប្រសើរឡើងវិញ។
លោកបន្តថា “ទំនុកចិត្តទីផ្សារជារឿងសំខាន់ ហេតុនេះទើបយើងស្នើ និងទាមទារឲ្យអ្នកគ្មានអាជ្ញាប័ណ្ណ ពួកគេត្រូវសុំច្បាប់ឲ្យបានត្រឹមត្រូវ ដើម្បីលើកស្ទួយឲ្យវិស័យនេះ មានការរីកចម្រើនប្រកបដោយនិរន្តរភាព”៕