ដោយ វុត្ថា
ភ្នំពេញៈ អនុលោមតាមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា មានតែគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេ ដែលមានសិទ្ធិទទួលបាននូវផលប្រយោជន៍ដែលស្ថិតក្នុងក្របខ័ណ្ឌនៃច្បាប់នេះ។
គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហៅកាត់ថា គ. ល. គ មានន័យថា ជាគម្រោងវិនិយោគ ដែលទទួលបានវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ។ ដើម្បីទទួលស្គាល់ជាគម្រោងវិនិយោគមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ អ្នកវិនិយោគត្រូវដាក់សំណើវិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) ឬ អនុគណៈកម្មាធិការវិនិយោគ ខេត្ត រាជធានី និងទទួលបានវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ។
គម្រោងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មានបីប្រភេទ ទី១គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បម្រើទីផ្សារក្នុងស្រុក ទី២ គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បម្រើឲ្យការនាំចេញ និង៣ គម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលជាឧស្សាហកម្មគាំទ្រ។
១)គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បម្រើទីផ្សារក្នុងស្រុកៈ សំដៅដល់ គ.ល.គ ដែលមិនបម្រើឲ្យការនាំចេញ។ គម្រោងប្រភេទនេះ ត្រូវបានលើកលែងពន្ធគយលើការនាំចូលសម្ភារបរិក្ខារ ផលិតកម្ម និងសម្ភារសាងសង់តែប៉ុណ្ណោះ។ ក្នុងករណីដែលគម្រោងប្រភេទនេះ មានលទ្ធភាពនាំចេញនូវផ្នែកណាមួយ នៃផលិតផលដែលផលិតបានដោយផ្ទាល់ ឬបានផ្គត់ផ្គង់ដល់ឧស្សាហកម្មនាំចេញ បរិមាណធាតុចូលផលិតកម្ម ដែលបានបង់ពន្ធនាំចូលរួច យកទៅផលិតបម្រើការនាំចេញដោយផ្ទាល់ ឬដោយប្រយោលនោះត្រូវបានទទួលការលើកលែងពន្ធគយ ក្រោយពីការត្រួតពិនិត្យរបាយការណ៍ប្រចាំត្រីមាស។
២)គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បម្រើឲ្យការនាំចេញៈ សំដៅដល់ គ.ល.គ ដែលបានលក់ ឬបានផ្ទេរសមាមាត្រណាមួយ នៃផលិតផលរបស់ខ្លួនទៅឲ្យអ្នកទិញ ឬ អ្នកទទួលនៅក្រៅព្រះរាជាណាចក្រកម្ពុជា។ គម្រោងប្រភេទនេះ ត្រូវបានលើកលែងពន្ធគយលើការនាំចូលសម្ភារបរិក្ខារ ផលិតកម្ម សម្ភារសាងសង់ និងធាតុចូលផលិតកម្ម។ ដោយឡែក គម្រោងវិនិយោគមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់បម្រើឲ្យការនាំចេញ ដែលស្ថិតនៅក្រោមយន្តការភណ្ឌាគារផលិតកម្ម ក្រោមការគ្រប់គ្រង របស់គយ ការលើកលែងពន្ធគយ ត្រូវអនុវត្តទៅតាមច្បាប់និងបទប្បញ្ញត្តិជាធរមានរបស់យន្តការនោះ។ ធាតុចូលផលិតកម្ម ដែលកែច្នៃហើយមិនបាននាំចេញ ត្រូវបង់ពន្ធគយនិងអាករឡើងវិញលើធាតុចូល ផលិតកម្មនាពេលនាំចូល ក្រោយពីការត្រួតពិនិត្យរបាយការណ៍ប្រចាំត្រីមាស។
៣) គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលជាឧស្សាហកម្មគាំទ្រៈ សំដៅដល់ គ.ល.គ ដែលផលិតផលរបស់ខ្លួន១០០ (មួយរយ) ភាគរយត្រូវផ្គត់ផ្គង់ដល់ឧស្សាហកម្មនាំចេញ ជំនួសវត្ថុធាតុដើម ឬសម្ភារបន្ទាប់បន្សំដែលតែងតែនាំចូល។ គម្រោងប្រភេទនេះ ត្រូវបានលើកលែងពន្ធគយលើការនាំចូល សម្ភារបរិក្ខារផលិតកម្ម សម្ភារសាងសង់ និងធាតុចូលផលិតកម្ម។ ប៉ុន្តែក្នុងករណីដែលគម្រោងទាំងនេះមិនបានធ្វើការផ្គត់ផ្គង់ ១០០ (មួយរយ)ភាគរយនៃផលិតផលដែលផលិតបានទៅដល់ឧស្សាហកម្មនាំចេញ ឬនាំចេញដោយផ្ទាល់ទេនោះ គម្រោងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងនោះ ត្រូវបង់ពន្ធនិងអាករឡើងវិញ លើធាតុចូលផលិតកម្មនាពេលនាំចូលនូវបរិមាណដែលមិនបានផ្គត់ផ្គង់ឲ្យឧស្សាហកម្មនាំចេញ ឬនាំចេញដោយផ្ទាល់ ក្រោយពីការត្រួតពិនិត្យរបាយការណ៍ប្រចាំត្រីមាស៕