វិភាគ​សង្គម​៖ ប្រតិបត្តិ​វិន័យ ​និង​ច្បាប់​ តម្លៃ​ប្រជាជាតិ​មួយ​

0

ដោយ​ យិន​ លាង​គង់​ អគ្គនាយក​ Propertyarea.asia​

ភ្នំពេញ​៖ ជប៉ុន​បាន​ផ្តល់​វ៉ាក់សាំង​ថ្មី​មួយ​សម្រាប់​ប្រជាជាតិ​នេះ​ តើ​វា​ជា​កំហុស​របស់​ជប៉ុន​ឬដែល​ចង់​ឲ្យ​ប្រជាជាតិ​នេះ​មាន​វិន័យ​ និង​គោរពច្បាប់​ ខណៈ​ពួកគេ​មើលឃើញ​ថា​ប្រទេស​នេះ​ មានការ​អភិវឌ្ឍ​លឿន​លើ​ផ្នែក​សេដ្ឋកិច្ច​ ប៉ុន្តែ​ការ​អភិវឌ្ឍ​ផ្នត់គំនិត​នៅ​មានកម្រិត​នៅឡើយ​។

បន្ទាប់ពី​បើក​ដំណើរការ​ឡើងវិញ​ នូវ​ស្ពាន​មិត្តភាព​កម្ពុជា​ ជប៉ុន​ (ស្ពាន​ជ្រោយ​ចង្វា​រទី១​)បាន​ធ្វើឲ្យ​មាន​មតិ​ចម្រូងចម្រាស​គ្នា​ជុំវិញ​ ការ​ដាក់​ខឿន​សំរាប់​ទោចក្រយាន​យន្ត​ និង​រថយន្ត​ដាច់ពីគ្នា​ ដែល​ជាល​ទ្ឋ​ផល​បាន​បណ្តាល​ឲ្យ​ប្រជាជន​មួយចំនួន​ ដែល​គ្មាន​វិន័យ​ បើកបរ​មិន​គោរពស្លាក​សញ្ញា​ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់​ស្រាល​ យ៉ាង​គួរឲ្យ​សោក​ស្តាយ​។

កំហុស​បច្ចេកទេស​ឬយ៉ាងណា​?

បើ​យើង​គិត​តាម​បរិបទ​សង្គម​កម្ពុជា​ (ភាព​មិន​គោរព​ខ្លួនឯង​) ការសាងសង់​ទម្រង់​ផ្លូវ​ធ្វើដំណើរ​បែបនេះ​ជា​ការខុសឆ្គង​មួយ​ ប៉ុន្តែ​បើ​ផ្នែក​លើ​ទិដ្ឋភាព​វិន័យ​ និង​ច្បាប់​ជា​រឿង​មួយ​គួរតែ​ទទួល​បានការ​អបអរសាទរ​ ដោយសារ​ហេតុផល​ជាច្រើន​ ទី១​ ប្រជាជាតិ​មួយ​ ចង់​អភិវឌ្ឍន៍​ខ្លួនឯង​ ដើម្បី​ក្លាយជា​ជនជាតិ​មួយ​ប្រកបដោយ​ភាព​ស៊ីវិល័យ​ ត្រូវតែ​ជា​ប្រជាជាតិ​មួយ​មាន​ក្រម​សីល​ធ៌ម​ គោរពវិន័យ​ និង​ច្បាប់​ ទី២​ ការ​បដិសេធ​នូវ​វិន័យ​ និង​ច្បាប់​ ជា​រឿង​អសោច​សំរាប់​ប្រជាជាតិ​មួយ​ ទី៣​ អ្នកធ្វើ​ដំណើរ​នានា​នៅ​កម្ពុជា​មួយ​ភាគ​បច្ចុប្បន្ន​ មិនបាន​គោរពច្បាប់​ ស្លាក​សញ្ញា​ ភ្លើង​សញ្ញា​ចរាចរណ៍​នោះ​ទេ​ ហេតុនេះ​ការ​ដាក់ឲ្យ​មានការ​ធ្វើដំណើរ​រវាង​ម៉ូតូ​ និង​រថយន្ត​នៅ​លើ​ស្ពាន​នេះ​ មិនមែន​ជា​កំហុស​បច្ចេកទេស​ទេ​ និង​ទី៤​ ការ​ដាក់​ផ្លូវ​ធ្វើដំណើរ​កាត់​ដាច់​ពីគ្នា​រវាង​រថយន្ត​ និង​ម៉ូតូ​ កង់​ ជប៉ុន​បាន​ដាក់​ស្លាក​សញ្ញា​រួចហើយ​ ដើម្បីឲ្យ​អ្នកបើកបរ​ដ៏​មហិមា​ទាំងឡាយ​មើល​ និង​ប្រតិបត្តិ​។

កំហុស​អ្នកណា​

ទាំង​រដ្ឋាភិបាល​ និង​ប្រជាជន​សុទ្ឋ​តែ​គួរ​កែតម្រូវ​ដូចគ្នា​ ។ ហេតុ​អី​ទើបត្រូវ​មានការ​កែតម្រូវ​? ព្រោះ​ទី១​ រដ្ឋាភិបាល​មិនទាន់​បាន​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ឲ្យបាន​ម៉ឺងមាត់​នៅឡើយ​ទេ​ ទោះបីជា​ច្បាប់​នេះ​បាន​អនុម័ត​រយៈពេល​ជិត​បី​ឆ្នាំ​ហើយ​ក្តី​ ទី២​ រដ្ឋាភិបាល​គួរ​ជំរុញ​ឲ្យ​ប្រជាជន​ត្រូវតែ​ចូល​សាលារៀន​បើកបរ​ នៅ​មិនទាន់​ត្រូវ​បាន​អនុវត្តន៍​ទេ​ ទី៣​ ការ​ផ្សព្វផ្សាយ​ពី​ច្បាប់​ចរាចរណ៍​ នៅ​តាម​បណ្តាញ​ផ្សព្វផ្សាយ​នានា​ដូចជា​ វិទ្យុ​ ទូរទស្សន៍​នៅ​មានកម្រិត​តិចតួច​បំផុត​ ទី៤​ ការ​រឹត​បន្តឹង​ការ​ផាកពិន័យ​លើ​អ្នកបើកបរ​បំពានច្បាប់​ បំពាន​ស្លាក​សញ្ញា​ចរាចរណ៍​ មិនទាន់​បាន​អនុម័ត​បាន​ទូលំទូលាយ​នៅឡើយ​ទេ​ ទី៥​ អ្នកបើកបរ​យានយន្ត​ដែល​មានអំណាច​មួយចំនួន​ បាន​បំពាន​ផ្លូវ​ បំពាន​សិទ្ឋ​អាទិភាព​ និង​បំពានច្បាប់​យ៉ាង​កំរោល​។

តើ​ប្រជាជន​ខុស​អ្វី​? ប្រជាជន​ប្រទេស​នេះ​ មិនសូវ​ចូលចិត្ត​ស្វែង​យល់​ពីព័ត៌មាន​ ពី​ច្បាប់​ ពី​វិន័យ​នោះ​ទេ​ ពួកគេ​ចូលចិត្ត​ធ្វើ​អ្វី​ៗតាម​គ្នា​ ធ្វើតាម​សភាវគតិ​ មិន​ចូលចិត្ត​រៀនសូត្រ​ ហ៊ាន​ជ្រុល​ ខ្លាច​ជ្រុល​។

បើកបរមិនប្រុងប្រយ័ត្ន និងមិនគោរពស្លាកសញ្ញា

ជាក់ស្តែង​គំនូស​សញ្ញា​ចរាចរណ៍​ ដែល​បាន​ដាក់លើ​ស្ពាន​ជ្រោយ​ចង្វា​រទី១​ អ្នកបច្ចេកទេស​ជប៉ុន​ ពួកគេ​បាន​សិក្សា​ច្បាស់​លាស់​រួចហើយ​ មុន​ពួកគេ​សម្រេច​សាងសង់​បែបនេះ​ ហើយ​ពួកគេ​ក៏បាន​ដាក់​ស្លាក​សញ្ញា​បង្ហាញ​ផង​ដែរ​។ ហេតុ​អី​ពួកគេ​មិន​មើល​? មិន​ពិចារណា​? ហេតុ​អី​ភ្លើង​សញ្ញា​ចរាចរ​ណ៍ពណ៌ក្រហម​ហើយ​ ពួកគេ​នៅតែ​បន្ត​ឆ្លងកាត់​ទាំង​បំពាន​? វា​ជា​កំហុស​របស់​រដ្ឋាភិបាល​ឬកំហុស​របស់​ខ្លួនឯង​??។

ភាគច្រើន​ប្រជាជន​ទម្លាក់កំហុស​លើ​រដ្ឋាភិបាល​ ជាជាង​ពិនិត្យមើល​បច្ច័យ​ដែល​បណ្តាល​ឲ្យ​មាន​បញ្ហា​ឬឧបទ្ទវហេតុ​កើតឡើង​លើ​ខ្លួនឯង​។

ប្រធានាធិបតី​អាមេរិក​ លោក ​ចក​ អេ​ហ្វ​ខេនឺ​ឌី ​បាន​មានប្រសាសន៍​ថា​ “អ្នក​មិន​ត្រូវ​សួរ​រដ្ឋាភិបាល​ថា​បាន​ធ្វើអ្វី​សម្រាប់​ខ្លួន​ទេ​ តែ​អ្នក​ត្រូវ​សួរ​ខ្លួនឯង​វិញ​ថា ​តើ​អ្នក​បាន​ធ្វើអ្វី​ដើម្បី​សង្គម​របស់​អ្នក​?។

តើ​ត្រូវ​កែតម្រូវ​ស្ពាន​នេះ​ឡើងវិញ​ឬទេ​?

វា​ជា​វ៉ាក់សាំង​ចម្លែក​មួយ​សំរាប់​ប្រទេស​កម្ពុជា​ ប៉ុន្តែ​វា​មិនមែន​ជា​រឿង​ថ្មី​សំរាប់​ប្រទេស​ជប៉ុន​ និង​ប្រទេស​អភិវឌ្ឍន៍​នានា​ឡើយ​។

សំណួរ​នៅ​ទីនេះ​ តើ​រដ្ឋាភិបាល​គួរតែ​កែ​លំ​អរ​លើ​ ចំណុច​គ្រោះថ្នាក់​នេះ​ឡើងវិញ​ឬទេ​? ហើយ​គួរឲ្យ​ប្រជាជាតិ​នេះ​នៅតែ​បើកបរ​ប្រសេចប្រសាច​ ដោយ​គ្មាន​សណ្តាប់​ធ្នាប់​របៀបរៀបរយ​បន្ត​ទៀត​ឬយ៉ាងណា​? ចម្លើយ​ បើ​រដ្ឋាភិបាល​កែ​លំ​អរ​ចំណុច​នេះ​ វា​ជា​ការ​បរាជ័យ​មួយ​ ក្នុង​ការ​កសាង​សន្តិភាព​ផ្លូវចិត្ត​ សំរាប់​ប្រជាជាតិ​ដែល​កំពុង​ជ្រើម​ជ្រួល​នេះ​។

តម្លៃ​ជីវិត​ មិន​អាច​កាត់ថ្លៃ​បាន​ឡើយ​ តែ​តម្លៃ​វិន័យ​ និង​ច្បាប់​ជា​កត្តា​ស្លាប់រស់​របស់​ប្រជាជាតិ​មួយ​ ហេតុនេះ​ការពិចារណា​ឲ្យបាន​ម៉ត់ចត់​ គ្រប់ជ្រុងជ្រោយ​ពិតជា​មាន​សារៈសំខាន់​ណាស់​ ដើម្បី​ដោះស្រាយ​លើ​បញ្ហា​នេះ​។

លោក​ ស្រុ​ន សម្បត្តិ​ សរសេរ​សារ​នៅ​លើ​ទំព័រ​បណ្តាញ​ ទំនាក់ទំនង​សង្គម​របស់​លោក​ចាន់​ សុផល​ដែល​ជា​អ្នកវិភាគ​សេដ្ឋកិច្ច​មួយ​រូប​ ដែល​មាន​និន្នាការ​កាលៈទេសៈ​និយម​ថា​ មិត្ត​ភ័ក្រខ្ញុំ​ម្នាក់​ ដែល​សព្វថ្ងៃ​រស់នៅ​ប្រទេស​ជប៉ុន​ពន្យល់​ថា​ពាក្យ​ថា​ “ជប៉ុន​” មានន័យថា​ “គំរូ​” ។ ប្រសិនបើ​ធ្វើអ្វី​ខុស​គំរូ​ គឺ​គេ​កំណត់​ថា​ ខុស​ ព្រោះហេតុនោះ​ជនជាតិ​ជប៉ុន​ជា​មនុស្ស​ដែល​មាន​វិន័យ​ យក​គំរូ​ជា​មូលដ្ឋាន​។ស្ពាន​ជ្រោយចង្វា​ ដែល​ទើបតែ​ដាក់ឲ្យ​ប្រើ​ប្រាស់​ថ្មី​ៗនេះ​ គឺ​ជនជាតិ​ជប៉ុន​ធ្វើឡើង​ក្នុង​គោ​លំ​ណង​ថា​ ជនជាតិ​ខ្មែរ​ខ្វះ​វិន័យ​ ទើប​ធ្វើ​ផ្លូវ​ឲ្យ​មាន​គន្លង​ផ្សេងគ្នា​សម្រាប់​ដើរ​ ម៉ូតូ​ ឡាន​។

ប៉ុន្តែ​ជនជាតិ​ខ្មែរយើង​ មិនព្រម​ធ្វើការ​ឆ្លុះបញ្ចាំង​ខ្លួនឯង​ថា​ ជា​ជនជាតិ​ខ្វះ​វិន័យ​ទេ​ ទៅ​បន្ទោស​អ្នកធ្វើ​ស្ពាន​ថា​មាន​ខ្ពស់​ទាប​ ហើយ​ចង់​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​សារ​ថ្មី​។ ចំពោះ​ខ្ញុំ​យល់ថា​ មិន​គួរ​ធ្វើ​ស្ពាន​តម្រូវ​តាមចិត្ត​ជនជាតិ​ខ្មែរ​នោះ​ទេ​ ប៉ុន្តែ​គួរ​ជួយ​បង្រៀន​ជនជាតិ​ខ្មែរ​ឲ្យ​កាន់តែ​មាន​វិន័យ​ ទើប​ជា​ប្រយោជន៍​វែងឆ្ងាយ​។ យើង​ចង់​ដឹង​ដែរ​ថា​ “ប្រសិនបើ​ទូទាំង​ប្រទេស​ ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍៤ទៅ៥នាក់​ក្នុង​មួយថ្ងៃ​ តើ​ស្ពាន​ជ្រោយចង្វា​ នឹង​សម្លាប់​មនុស្ស​ប៉ុន្មាន​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ?”។ ជនជាតិ​យើង​ គួរតែ​ទទួល​បាន​ឱកាស​រៀនសូត្រ​ចំណុច​ល្អ​ ពី​ជនជាតិ​ដទៃ​ មិន​គួរ​បន្ត​គំនិត​អាត្មានិយម​ដូច្នេះ​ទៀត​ទេ​។

លោក​បាន​លើក​ជា​សំណួរ​ថា​ “មនុស្ស​មានតែ​ចំណេះ​ ខ្វះ​វិន័យ​យក​ធ្វើ​អី​កើត​?”។

ដំណោះស្រាយ​

រដ្ឋាភិបាល​ជា​អ្នក​ត្រូវតែ​ដើរតួ​នាទី​មុនគេ​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ ដោយ​ចាប់ផ្តើម​ពី​ការអប់រំ​ តាមរយៈ​វិទ្យុ​ ទូរទស្សន៍​ គេហទំព័រ​នានា​ តាមរយៈ​ការ​វិភាជន៍​ថវិកាជាតិ​ខ្លះ​ ដើម្បី​ជួល​ម៉ោង​ទូរទស្សន៍​ វិទ្យុ​ និង​បណ្តាញ​សារ​ព៌​តមាន​នានា​ ផ្សាយ​ពី​ការអប់រំ​លើច្បាប់​ចរាចរណ៍​ និង​ច្បាប់​ពាក់​ព័ន្ឋនានា​ ព្រោះ​ដើម្បី​សង្គម​មួយ​មាន​របៀបរៀបរយ​ ថ្លៃ​ថ្នូ​ ស៊ីវិល័យ​ ការអប់រំ​ពិតជា​មាន​សារៈសំខាន់​ណាស់​។

ចូរបើកបរគោរពស្លាកសញ្ញា

ទន្ទឹម​នឹង​នោះ​ការអនុវត្ត​ន៍​ច្បាប់​ ត្រូវតែ​ធ្វើឡើង​ដោយ​ខានមិនបាន​ ព្រោះ​ប្រទេស​ត្រូវតែ​មានច្បាប់​ ប្រជាជន​ត្រូវតែ​គោរពច្បាប់​ ហើយ​ក្នុង​ទិដ្ឋភាព​ច្បាប់​រដ្ឋាភិបាល​បង្កើត​ច្បាប់​ដើម្បីឲ្យ​ប្រជាជន​គោរព​ បើ​មិន​គោរព​ “ត្រូវតែ​ចាប់​ឲ្យ​គោរព​”។

ចំណែក​ប្រជាពលរដ្ឋ​វិញ​ ត្រូវតែ​ជា​ពលរដ្ឋ​ស៊ីវិល័យ​ ចូលចិត្ត​អាន​ ចូលចិត្ត​ស្វែងយល់​ពី​រឿង​ល្អ​ៗសំរាប់​ខ្លួនឯង​ និង​ដើម្បី​អភិវឌ្ឍន៍​ខ្លួនឯង​ ព្រោះ​ការ​អភិវឌ្ឍ​ខ្លួនឯង​មានន័យ​ស្មើនឹង​ស្រលាញ់​ខ្លួនឯង​ ស្រលាញ់​ប្រទេសជាតិ​របស់​ខ្លួន​ពិតប្រាកដ​ហើយ​។

ហេតុនេះ​ច្បាប់​និង​វិន័យ​ ពិតជា​ស្នូល​មួយ​ និង​ជា​ព្រលឹង​មួយ​សំរាប់​ខ្លួនឯង​ និង​ប្រជាជាតិ​របស់​ខ្លួន​ ហើយ​ការ​កែ​លំ​អរ​ស្ពាន​នេះ​ឡើងវិញ​ គួរតែ​ត្រូវ​បដិសេធ​ ព្រោះ​ការ​កែ​លំ​អរ​មានន័យ​ស្មើនឹង​ការ​លើកទឹកចិត្ត​ឲ្យ​ប្រជាជន​គ្មាន​វិន័យ​ និង​មិន​គោរពច្បាប់​។

សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សម្រេច​សមិទ្ឋិ​ផល​ធំៗ​ជូន​ជាតិនេះ​ជាច្រើន​ ដោយ​សម្តេច​បាន​ដាក់​ចេ​ញយុទ្ឋ​សាស្រ្ត​ឈ្នះ​ ឈ្នះ​ ដើម្បី​នាំ​ខ្មែរក្រហម​ចេញពី​ព្រៃ​ នាំមក​នូវ​សន្តិភាព​ កសាង​សេដ្ឋកិច្ច​សម្រេច​បា​នកំនើន​ជាមធ្យម៧​,៧ភាគរយ​ ក្នុងរយៈពេល​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ​ និង​ពេល​ថ្មី​ៗនេះ​បាន​ដាក់​ចេ​ញនូ​វយុទ្ឋ​នា​ការ​ថ្មី​ គឺ​ គោលនយោបាយ​ចាស់​សកម្មភាព​ថ្មី​ តាមរយៈ​ការ​ពង្រាយ​យុវជន​រាប់ពាន់​នាក់​នៅ​ទូទាំង​ប្រទេស​ ដើម្បី​ចុះ​វាស់វែង​ដី​ជូន​ប្រជាពលរដ្ឋ​បាន​ទទួលជោគជ័យ​។

ហេតុនេះ​ដើម្បី​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​គោរពច្បាប់​ និង​មាន​វិន័យ​ សម្តេច​តេជោ​គួរតែ​ដាក់ចេញ​នូវ​គោលនយោបាយ​ ឬយុទ្ឋ​នា​ការ​ថ្មី​ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ចូល​សិក្សា​នៅ​តាម​សាលា​បើកបរ​នានា​ ហើយ​ក្រសួង​សាធារណៈ​ការ​និង​ដឹកជញ្ជូន​ អាច​ចូលរួម​លើ​ការងារ​នេះ​ តាមរយៈ​ការ​ដាក់​មន្រ្តី​ជួយ​បង្រៀន​ ដល់​ប្រជាពលរដ្ឋ​លើច្បាប់​ចរាចរណ៍​ផ្លូវគោក​រយៈពេល៦ខែ​ ទៅ១ឆ្នាំ​នឹង​ទទួ​លបានលទ្ឋ​ផល​។

ការ​ទទួល​បាន​ប្រជាជាតិ​មួយ​មាន​វិន័យ​ មាន​សេចក្តី​ថ្លៃ​ថ្នូ​ បើកបរ​ចេះ​គោរពច្បាប់​ត្រឹមត្រូវ​ នឹង​ធ្វើឲ្យ​ប្រទេស​នេះ​មាន​ភាព​ស៊ីវិល័យ​ ហើយ​ប្រជាជន​នឹង​រឹងរឹតតែ​គោរព​ស្រលាញ់​សម្តេច​ប្រមុខ​រដ្ឋាភិបាល​ថែមទៀត​។

“វិន័យ​ និង​ច្បាប់​ជា​ព្រលឹង​របស់​ប្រជាជាតិ​មួយ​ ប៉ុន្តែ​ការ​គ្មាន​វិន័យ​និង​មិន​គោរពច្បាប់​ ក៏​ជា​ភាព​អាម៉ាស់​សម្រាប់​ជាតិ​មួយ​ផង​ដែរ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here