ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស
ដោយ: គង់ លាងហួរ
ភ្នំពេញ: វេបសាបអនឡាញ VISA2FLY ដែលជាភ្នាក់់ងារផ្តល់សេវាប្រឹក្សាយោបល់ផ្នែកទិដ្ឋាការ បានដាក់រាជធានីភ្នំពេញ ដែលជាទីក្រុងដ៏រស់រវើករបស់ប្រទេសកម្ពុជានៅចំណាត់ថ្នាក់លេខ២ ក្នុងចំណោមបណ្តាទីក្រុងចំនួន១៤ នៅលើពិភពលោក ដែលមានសកម្មភាពកំសាន្តនាពេលរាត្រីល្អជាងគេបំផុត។
ប្រភពខាងលើបានកត់សម្គាល់ថា “ជីវិតនាពេលរាត្រីនៅប្រទេសកម្ពុជាមានបង្កប់ទៅដោយវប្បធម៌ និងភាពទំនើប។ ក្នុងនោះ ទីក្រុងភ្នំពេញអាចផ្តល់នូវទិដ្ឋភាពកម្សាន្តនាពេលរាត្រី ដែលមានតម្លៃសមរម្យសម្រាប់អ្នកដំណើរ ដែលមានគោលបំណងចំណាយប្រាក់អស់តិច”។
-->

ជាពិសេស ការកម្សាន្តពេលរាត្រីនៅតាមក្លឹបនានាក្នុងទីក្រុងភ្នំពេញមានភាពរស់រវើក បើប្រៀបធៀបទៅនឹងបណ្តាប្រទេសនានានៅលើពិភពលោកទាំងមូល។នេះបើយោងតាមការលើកឡើងរបស់វេបសាយ VISA2FLY ដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌា។
ក្រសួងទេសចរណ៍កម្ពុជាបានលើកឡើងថា បន្ទាប់ពីដាក់ឱ្យដំណើរការសាកល្បងផ្លូវថ្មើរជើងនៅខាងមុខព្រះបរមរាជវាំង រាជធានីភ្នំពេញបានវ៉ាដាច់ទីក្រុងធំៗលើពិភពលោក ដោយក្លាយជាគោលដៅកម្សាន្តនាពេលរាត្រីដ៏ទាក់ទាញបំផុតទីពីរនៅលើពិភពលោក។

ទីក្រុងបាងកករបស់ប្រទេសថៃ ដណ្តើមបានចំណាត់ថ្នាក់កំពូលលេខ១ ក្នុងនាមជាទីក្រុងដែលមានសកម្មភាពកំសាន្តនាពេលរាត្រីល្អជាងគេបំផុត ខណៈពេលដែលកោះបាលីរបស់ប្រទេសឥណ្ឌូនេស៊ីជាប់ចំណាត់ថ្នាក់កំពូលលេខ៣ បន្ទាប់ពីរាជធានីភ្នំពេញ។
ទីក្រុងឌូបៃរបស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម(UAE) ជាប់ចំណាត់ថ្នាក់កំពូលលេខ៤ ខណៈពេលដែលទីក្រុងហូជីមិញរបស់ប្រទេសវៀតណាមទទួលបានចំណាត់ថ្នាក់លេខ៥ក្នុងចំណោមបណ្តាទីក្រុងចំនួន១៤ នៅលើពិភពលោក ដែលមានសកម្មភាពកំសាន្តនាពេលរាត្រីល្អជាងគេបំផុត។
ទីក្រុងផ្សេងទៀត ដែលជាប់ឈ្មោះក្នុងបញ្ជី រួមមានដូចជាទីក្រុង Istanbul របស់ប្រទេសតួកគី ទីក្រុង Las Vegas របស់សហរដ្ឋអាមេរិក ទីក្រុង Berlin របស់អាល្លឺម៉ង់ ទីក្រុង Ibiza របស់អេស្ប៉ាញ ទីក្រុង Miami របស់សហរដ្ឋអាមេរិក ទីក្រុងតូក្យូរបស់ជប៉ុន ទីក្រុង Rio de Janeiro របស់ប្រេស៊ីល ទីក្រុងឡុងដ៍របស់ចក្រភពអង់គ្លេស) និងទីក្រុងញូវយ៉ក របស់សហរដ្ឋអាមេរិក៕ប្រភព: VISA2FLY៕
