តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃពុធនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ក្រោយពេលតម្លៃមាសប្រភេទ Spot Gold បានជួញដូរក្នុងទំហំទឹកប្រាក់ចំនួន៣៣៥១,៩៧ដុល្លារអាមេរិកក្នុងមួយអោនគិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,២៤ភាគរយដល់ត្រឹម៣៣៥៩,៨៩ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៥ភាគរយដល់៣៣៦៧,១០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥២នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៧,៨ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនានេះ។

-->

ចំណែកឯ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបជាមួយនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់៩៩,២៩ពិន្ទុនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៩,២៣ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ៕