ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមទិន្នន័យបង្ហាញថា ប្រទេសម៉ាឡេស៊ីទទួលភ្ញៀវទេសចរណ៍បរទេសចំនួន១០,១លាននាក់នៅត្រីមាសទី១ ឆ្នាំ២០២៥ ដែលធ្វើឱ្យម៉ាឡេសុីក្លាយជាប្រទេសមានអ្នកមកទស្សនាច្រើនជាងគេបំផុតនៅទូទាំងតំបន់អាស៊ាន ដោយសារគោលនយោបាយលើកលែងទិដ្ឋាការរបស់ខ្លួន។
ចំណែក ប្រទេសថៃ ដែលបានគ្រប់គ្រងតំណែងជើងឯកអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ បានជាប់ចំណាត់ថ្នាក់លេខ២ ដោយមានភ្ញៀវទេសចរណ៍បរទេសមកទស្សនាប្រទេសថៃចំនួន៩,៥៥លាននាក់ តាមពីក្រោយដោយប្រទេសវៀតណាមចំនួន៦លាននាក់ និងសិង្ហបុរីចំនួន៤,៣១លាននាក់។

-->
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ាឡេសុី លោក Saifuddin Nasution Ismail បានលើកឡើងថា នាពេលថ្មីៗនេះ ប្រទេសម៉ាឡេស៊ីបានប្រកាសបន្តលើកលែងទិដ្ឋាការសម្រាប់អ្នកដំណើរជនជាតិចិនចំនួន៥ឆ្នាំបន្ថែមទៀត និងអាចបន្តរយៈពេល៥ឆ្នាំបន្ថែមទៀតដល់ឆ្នាំ២០៣៦។
ជាមួយគ្នានេះ ប្រទេសម៉ាឡេសុីក៏បានសម្រេចបន្តការលើកលែងទិដ្ឋាការចំពោះភ្ញៀវទេសចរណ៍ជនជាតិឥណ្ឌារហូតដល់ឆ្នាំ២០២៦ខាងមុខផងដែរ។ នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយកាសែតរៀតណាម Vnexpress។
វិស័យទេសចរណ៍របស់ប្រទេសថៃបានរងគ្រោះដោយសារវិបត្តិផ្សេងៗ រួមមានការព្រួយបារម្ភអំពីសន្តិសុខសុវត្ថិភាពរបស់ភ្ញៀវទេសចរណ៍បរទេស ជាពិសេសបន្ទាប់ពីមានករណីចាប់ជំរិតនៅក្នុងខែមករា។ការណ៍នេះបានធ្វើឱ្យចំនួនភ្ញៀវទេសចរណ៍បរទេសធ្លាក់ចុះ៕
