ដោយៈ គង់ សូរិយា
ប្រទេសចិនៈ អភិបាលខេត្តព្រះសីហនុ លោកម៉ាង ស៊ីណេតបានជំរុញអភិបាលខេត្តអាន ហ៊ួយ លោកវ៉ាង ឈីងស៊ាន (WANG QING XIAN)អភិបាលខេត្តអានហ៊ួយ ប្រទេសចិនជួយជំរុញអ្នកវិនិយោគ និងភ្ញៀវទេសចរណ៍មកធ្វើធុរកិច្ច និងទស្សនានៅខេត្តព្រះសីហនុ។
ក្នុងដំណើរទស្សនកិច្ចទៅកាន់ខេត្តអាន ហ៊ួយ លោកម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ត្រូវបានស្វាគមន៍យ៉ាងកក្តៅ ពីលោកវ៉ាង ឈីងស៊ាន អភិបាលខេត្តអានហ៊ួយ។
-->
លោកអភិបាលខេត្តអានហ៊ួយ ក៏បានលើកឡើងអំពីស្ថានភាពភូមិសាស្រ្ត ប្រជាសាស្ត្រ និងសក្តានុពលរបស់ខេត្តអានហួយ ដែលជាខេត្តមួយដែលមានការអភិវឌ្ឍខ្លាំង លើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងជាខេត្តមួយ ដែលមានចំណូលខ្ពស់សម្រាប់ប្រទេសចិន និងនាំមុខក្នុងការផលិត រថយន្តប្រើចរន្តអគ្គីសនី និងថាមពលផ្សេងៗ ដែលមានការនាំចេញរហូត ដល់ជាងមួយលានគ្រឿងនៅក្នុងមួយឆ្នាំផងដែរ។
ក្នុងកិច្ចជំនួបនេះ ភាគីទាំងពីរ ក៏បានលើកឡើងអំពីទំនាក់ទំនងកម្ពុជា និងចិន បានបង្កើតជាផ្លូវការក្នុងឆ្នាំ១៩៥៨ គិតមកដល់ឆ្នាំនេះមាន រយៈពេល៦៧ឆ្នាំហើយ ប៉ុន្តែប្រជាជននៃប្រទេសទាំងពីរមានការប្រាស្រ័យទាក់ទងគ្នា យ៉ាងជិតស្និទ្ធរាប់រយឆ្នាំកន្លងមក។ ហើយទំនាក់ទំនងនេះជាទំនាក់ទំនង (មិត្តដែកថែប និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ) ដែលជាលទ្ធផលនៃភាពស៊ីសង្វាក់គ្នារវាង យុទ្ធសាស្ត្រចតុកោណ និងយុទ្ធសាស្រ្តបច្ចកោណ របស់រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយ “ខ្សែក្រវាត់ និងផ្លូវ” របស់លោក ប្រធានាធិបតី ស៊ី ជីនពីង។
តាមរយៈទំនាក់ទំនងការទូត នៃប្រទេសទាំងពីរ ក្នុងនោះ ក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ បានចុះហត្ថលេខាលើលិខិតផ្តួចផ្តើម (Letter of Intent) ជាមួយទីក្រុងស៊ូចូវ នៃខេត្តអានហ៊ួយ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ដោយបានព្រមព្រៀងគ្នាបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្របច្ចេកទេស វប្បធម៌ ការអប់រំ កីឡា អនាម័យ ធនធានមនុស្ស និងទេសចរណ៍។ ហើយស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ និងស្រុកយ៉ុងឈាវ នៃក្រុងស៊ូចូវ ក៏បានចុះហត្ថលេខាលើលិខិតផ្តួចផ្តើម (Letter of Intent) កាលពីឆ្នាំ២០១៦ ដោយព្រមព្រៀងគ្នាបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្របច្ចេកទេស វប្បធម៌ ការអប់រំ កីឡា អនាម័យ ធនធានមនុស្ស និងទេសចរណ៍ ផងដែរ។

ក្រោមលទ្ធផលផ្លែផ្កានេះ ខេត្តយើងទាំងពីរក៏បានបន្តខិតខំជំរុញកិច្ចសហប្រតិបត្តិការមិត្តភាព និងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅថែមទៀត តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតខេត្តសម្ព័ន្ធមេត្រីភាពរវាងខេត្តព្រះសីហនុ និងខេត្តអានហ៊ួយ ដែលនឹងធ្វើឡើងនៅថ្ងៃស្អែកនេះ(ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥)។
ផ្អែកតាមគោលការណ៍សមភាព និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ហើយភាគីទាំងពីរនឹងផ្លាស់ប្តូរទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ការអប់រំ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ វប្បធម៌ ទេសចរណ៍ និងឧស្សាហកម្ម។
ក្នុងឱកាសនេះ លោកម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានសម្តែងនូវក្តីរីករាយ ដោយបានជួបពិភាក្សាការងារយ៉ាងស្និទ្ធស្នាល ជាមួយឯកឧត្តមអភិបាលខេត្ត និងថ្នាក់ដឹកនាំនៃខេត្តអានហ៊ួយ ព្រមទាំងទទួលបានការស្វាគមន៍គណៈប្រតិភូខេត្តព្រះសីហនុ យ៉ាងកក់ក្តៅបំផុត។
លោកអភិបាលខេត្តព្រះសីហនុ សង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការរវាងខេត្តព្រះសីហនុ និងខេត្តអានហ៊ួយ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម អប់រំ បច្ចេកវិទ្យានិងវិទ្យាសាស្ត្រ វប្បធម៌ ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ នឹងទទួលបានលទ្ធផលជាផ្លែផ្កាកាន់តែល្អប្រសើរ។
ព្រមជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានស្នើសុំលោកអភិបាលខេត្តអានហ៊ួយ សូមជួយជំរុញវិនិយោគគិន និងភ្ញៀវទេសចរណ៍ ឱ្យទៅបណ្តាក់ទុនវិនិយោគ និងទស្សនាកំសាន្តនៅខេត្តព្រះសីហនុ ឱ្យកាន់តែច្រើនថែមទៀត។ បន្ថែមពីលើនេះទៀត គឺស្នើសុំ ឯកឧត្តមអភិបាលខេត្តអានហ៊ួយ ជួយជំរុញការរៀបចំតភ្ជាប់ជើងហោះហើរត្រង់ពីខេត្តអានហ៊ួយ ទៅខេត្តព្រះសីហនុ។ ជាចុងក្រោយឯកឧត្តមអបាលខេត្តព្រះសីហនុ ក៏បានអញ្ជើញឯកឧត្តមអភិបាលខេត្តអានហ៊ួយ ទៅធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ទៅតាមពេលវេលាសមស្របណាមួយ៕
