ដោយៈ គង់ សូរិយា
ប្រទេសកូរ៉េៈ រដ្ឋមន្រ្តីទេសចរណ៍លោកហួត ហាក់ បានអនុញ្ញាតជូនលោក Park Jongman អគ្គនាយករងប្រតិបត្តិ និងជាប្រធានផ្នែកកិច្ចការអ្នកដំណើរ របស់ក្រុមហ៊ុនអាកាសចរណ៍ Asiana Airline ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-កូរ៉េ នៅពន្លារបស់ក្រសួងទេសចរណ៍។
លោករដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរូមចំណែក របស់ក្រុមហ៊ុនលើសេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងអ្នកទេសចរតាមផ្លូវអាកាសរវាងកម្ពុជា និងកូរ៉េ ប្រកបដោយផាសុកភាព និងសុវត្ថិភាពខ្ពស់រហូតមក និងស្នើសុំបន្តជួយ ព្រមទាំងស្នើពិនិត្យលទ្ធភាព ពង្រីកបន្ថែមទៀតតាមរយៈការហោះហើរត្រង់ និងជាប្រចាំមកខេត្តសៀមរាប និងខេត្តព្រះសីហនុដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយម ដើម្បីផ្តល់ភាពងាយស្រួលមួយកម្រិតទៀតដល់ប្រជាជន និងវិនិយោគិនកូរ៉េ និងអន្តរជាតិដែលធ្វើដំណើរមកប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត៕