ដោយ: គង់ លាងហួរ
ភ្នំពេញ: កម្ពុជាកំពុងបង្ហាញការប្ដេជ្ញាចិត្តក្នុងការទាក់ទាញភ្ញៀវទេសចរណ៍បរទេសកាន់តែច្រើនឡើងឱ្យចូលមកទស្សនាប្រទេសរបស់ខ្លួន។ជាក់ស្តែង កម្ពុជាកំពុងអភិវឌ្ឍន៍ភាពជាដៃគូជាមួយបណ្តាខេត្តនានារបស់ប្រទេសចិន។
ឆ្នាំ២០២៥ ត្រូវបានប្រកាសថា ជាឆ្នាំទេសចរណ៍ចិន-កម្ពុជា ហើយកាលពីពេលថ្មីៗនេះ ក្រុមទេសចរណ៍ចិនដំបូងគេ ដែលមានមនុស្ស១.០០០នាក់បានធ្វើដំណើរពីទីក្រុង Wuxi ខៃខេត្តជាំងស៊ូ មកដល់ទីក្រុងភ្នំពេញ។
ទន្ទឹមនឹងនោះ កម្ពុជាគ្រោងបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានចម្ងាយ២០គីឡូម៉ែត្រពីភាគខាងត្បូងរាជធានីភ្នំពេញក្នុងខែកញ្ញាខាងមុខ ដោយចំណាយដើមទុនវិនិយោគអស់១,៥ពាន់លានដុល្លារ។
យោងតាមក្រុមហ៊ុនបារាំង VINCI ដែលកំពុងគ្រប់គ្រងអាកាសយានដ្ឋានចំនួន៣ នៅកម្ពុជាបានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោនឹងក្លាយជាព្រលានយន្តហោះធំជាងគេទី៩ នៅលើពិភពលោក ហើយនឹងអាចផ្ទុកយន្តហោះធំៗលើពិភពលោកដូចជា យន្តហោះ Airbus A380-800 និងយន្តហោះ Boeing 747-800 ជាដើម។ ជើងហោះហើរត្រង់ពីអឺរ៉ុប និងតំបន់ឆ្ងាយៗផ្សេងទៀត អាចនឹងដំណើរការចាប់ពីឆ្នាំក្រោយ។
កម្ពុជាមិនមានគោលនយោបាយលើកលែងទិដ្ឋាការដូចបណ្តាប្រទេសជិតខាងនោះទេ។ជាធម្មតា ទិដ្ឋាការអេឡិចត្រូនិករបស់កម្ពុជាសម្រាប់វិស្សមកាលរយៈពេល៣០ថ្ងៃមានតម្លៃ៣៩ដុល្លារ ហើយការលើកលែងថ្លៃសេវាអនុវត្តន៍ចំពោះតែដៃគូក្នុងតំបន់អាស៊ានប៉ុណ្ណោះ។
បើទោះបីជាកម្ពុជាមិនមានគោលនយោបាយលើកលែងទិដ្ឋាការក្តី ក្រុមប្រតិបត្តិករទេសចរណ៍ចិនអះអាងថា “គ្មានបញ្ហានោះទេ ព្រោះជើងហោះហើរ សណ្ឋាគារ និងថ្លៃចំណាយលើការរស់នៅក្នុងប្រទេសកម្ពុជាសុទ្ធតែមានតម្លៃសមរម្យ”។
ប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរណ៍បរទេសចំនួន២,៤លាននាក់ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២៥ កើនឡើង១៤ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ការមកដល់របស់ជនជាតិចិនបានកើនឡើងចំនួន៤៩ភាគរយ ខណៈចំនួនភ្ញៀវទេសចរណ៍អឺរ៉ុបភាគច្រើនមកពីប្រទេសអង់គ្លេស និងបារាំង៕