សហរដ្ឋអាមេរិកប្រកាសគាំទ្រគម្រោងផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់តំបន់សេដ្ឋកិច្ចសំខាន់ៗក្នុងប្រទេសហ្វីលីពីន

0

ដោយ: គង់់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត South China Morning Post បានចុះផ្សាយថា គម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ដើម្បីតភ្ជាប់រវាងមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់ៗក្នុងប្រទេសហ្វីលីពីនត្រូវបានស្តារឡើងវិញ ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីសហរដ្ឋអាមេរិក និងប្រទេសជប៉ុន។

ក្រុមអ្នកវិភាគបានវាយតម្លៃថា ការគាំទ្ររបស់សហរដ្ឋអាមេរិក និងជប៉ុនចំពោះគម្រោងផ្លូវរថភ្លើងនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងឥទ្ធិពលក្នុងតំបន់របស់ប្រទេសចិន ដោយចាត់ទុកគម្រោងនេះជាផ្លូវពាណិជ្ជកម្ម និងជាទ្រព្យសកម្មយុទ្ធសាស្ត្រ។

គម្រោងផ្លូវដែកនេះមានចម្ងាយ២១២គីឡូម៉ែត្រតភ្ជាប់រវាងតំបន់កំពង់ផែសេរី Subic ឆ្ពោះទៅកាន់ទីក្រុង Batangas ស្ថិតនៅលើកោះ Luzon ដោយឆ្លងកាត់តាមតំបន់សេដ្ឋកិច្ចពិសេស Clark និងរដ្ឋធានីម៉ានីល។

គម្រោងនេះនឹងក្លាយជាចំណុចស្នូលរបស់ច្រករបៀងសេដ្ឋកិច្ចកោះ Luzon ដែលជាគំនិតផ្តួចផ្តើមដ៏លេចធ្លោមួយរវាងសហរដ្ឋអាមេរិក ជប៉ុន និងហ្វីលីពីន ដើម្បីបង្កើនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ និងធានាបាននូវសន្តិសុខខ្សែសង្វាក់ផ្គត់ផ្គង់។

កាលពីពេលថ្មីៗនេះ ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងម៉ានីលបានប្រកាសថា ទីក្រុងវ៉ាស៊ីនតោននឹងចាប់ផ្តើមអនុវត្តន៍គម្រោងនេះ ដោយផ្តល់មូលនិធិជំនួយបច្ចេកទេសតាមរយៈទីភ្នាក់ងារពាណិជ្ជកម្ម និងការអភិវឌ្ឍន៍របស់សហរដ្ឋអាមេរិក (USTDA)។ ទោះជាយ៉ាងណា ប្រភពស្ថានទូតមិនបានបញ្ជាក់អំពីចំនួនទឹកប្រាក់នោះទេ។

ទីភ្នាក់ងារ USTDA បានលើកឡើងថា “ផ្លូវរថភ្លើងនេះនឹងក្លាយជាឆ្អឹងខ្នងរបស់តំបន់ច្រករបៀងសេដ្ឋកិច្ចកោះ Luzon ដែលនឹងពន្លឿនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ចនៅក្នុងប្រទេសហ្វីលីពីន”៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here