ខេត្តសៀមរាបជាប់ចំណាត់ថ្នាក់កំពូលជាថ្មីជាគោលដៅទេសចរណ៍ល្អបំផុតក្នុងពិភពលោកនៅឆ្នាំ២០២៥

0

ដោយៈ គង់ សូរិយា

    សៀមរាបៈ ខេត្តសៀមរាបដ៏ល្បីល្បាញ ដែលមានប្រាសាទអង្គរដ៏ល្បីរបស់ប្រទេសកម្ពុជា ត្រូវបានគេដាក់ឈ្មោះថា Travellers’ Choice Awards Best of the Best Destinations នៅឆ្នាំ២០២៥។

ចំណាត់ថ្នាក់នេះត្រូវបានប្រកាសដោយTripadvisor ដែលជាវេទិកាទេសចរណ៍ដ៏ល្បីល្បាញលើពិភពលោក។

ក្រុងសៀមរាបទទួលបានចំណាត់ថ្នាក់ទី១៤ ក្នុងចំណោមគោលដៅទេសចរណ៍កំពូលទាំង២៥នៅលើពិភពលោក ដែលត្រូវបានទទួលស្គាល់ចំពោះភាពសម្បូរបែបនៃវប្បធម៌ និងអច្ឆរិយប្រវត្តិសាស្ត្រ។

Tripadvior បានធ្វើអត្ថាធិប្បាយថា “នៅពេលពន្លឺព្រះអាទិត្យពេលព្រឹកព្រលឹម ចែងចាំងលើប្រាសាទអង្គរវត្ត និងប្រាសាទជាច្រើនទៀត ព្រះអាទិត្យរះក្នុងខេត្តសៀមរាបដ៏សាមញ្ញមួយ បានក្លាយទៅជាព្រឹត្តិការណ៍ដ៏ជ្រាលជ្រៅ។

វេទិកាអនឡាញដ៏ល្បីល្បាញនេះបានពិព៌ណនាថា សំណង់បុរាណនានា មាននៅក្នុងបរិវេណសាសនាដ៏ធំបំផុតមួយ ក្នុងពិភពលោក។ ប្រាសាទអង្គរធំនៅសតវត្សរ៍ទី១២ ត្រូវបានគេចាត់ទុកថាជាហេតុផលចម្បង ក្នុងការមកទស្សនាខេត្តសៀមរាប។ ទទួលបានមេរៀននៃប្រវត្តិសាស្ត្រជាតិ នៅភូមិវប្បធម៌ខ្មែរ និងមេរៀននៃការតថ្លៃនៅផ្សាររាត្រីអង្គរ តូបលក់ទំនិញ អាជីវករលក់អាហារ និងបារជាច្រើន។

ចំណែកទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស បានឈរនៅលើកំពូលតារាងពិភពលោក បន្ទាប់មកគឺកោះបាលី នៃប្រទេសឥណ្ឌូនេស៊ី និងទីក្រុងឌូបៃនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។

នៅអាស៊ី ក្រុងសៀមរាបជាប់លេខ៥ ហើយទីក្រុងភ្នំពេញដែលជាបេះដូងរបស់កម្ពុជា ជាប់ចំណាត់ថ្នាក់ទី១៨ ក្នុងបញ្ជីដូចគ្នា។

យោងតាមគេហទំព័រ Tripadvisor ពានរង្វាន់ Travellers’ Choice Awards Best of the Best ផ្តល់កិត្តិយសដល់ឧត្តមភាពនៃការធ្វើដំណើរកម្រិតខ្ពស់បំផុត។

ពានរង្វាន់នេះ ត្រូវបានផ្តល់ឱ្យទៅកន្លែង ដែលទទួលបានការវាយតម្លៃឆ្នើមជាច្រើនពីសហគមន៍Tripadvisor ក្នុងរយៈពេលមួយឆ្នាំ។ តិចជាង៨% នៃបញ្ជីឈ្មោះ៨លានទទួលបានពានរង្វាន់នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here