វឌ្ឍនភាព! ការសាងសង់អគារកប់ពពក Jeddah Tower កំពស់ជាង១.០០០ម៉ែត្រកំពុងបោះជំហានទៅមុខយ៉ាងលឿន

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: មិនយូរទៀតទេ ភ្ញៀវទេសចរណ៍ក្នុងពិភពលោកនឹងដណ្តើមគ្នាទិញសំបុត្រឡើងទស្សនា អាគារខ្ពស់បំផុតក្នុងលោក ដែលមានកំពស់រហូតដល់១០០០ម៉ែត្រ គឺJEDDHA TOWER។

ល្បឿននៃការសាងសង់អាគារដ៏អស្ចារ្យនេះ កំពុងបង្ហាញវឌ្ឍនភាពយ៉ាងប្រសើរ។ គំរោងដ៏មហិច្ឆតានេះ ស្ថិតក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។

គិតរហូតមកទល់ពេលនេះ ក្រុមការងារវិស្វកម្មបានចាក់បេតុងដល់ជាន់ទី៦៤នៃអគារ។ ការចាក់បេតុងនៅគ្រប់ជាន់នីមួយៗ ត្រូវបានគេរំពឹងថា នឹងបញ្ចប់រៀងរាល់៤ថ្ងៃម្តង។

ល្បឿននៃការសាងសង់យ៉ាងលឿនឆាប់រហ័សនេះ អាចធ្វើទៅបាន ដោយសារកត្តាបច្ចេកទេស និងការប្រើប្រាស់បច្ចេកវិទ្យាប្រកប​ដោយភាពច្នៃប្រឌិត ដែលអាចបូមបេតុង បានដល់កំពស់ខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ អគារនេះគ្រោងនឹងបញ្ចប់ការសាងសង់រួចរាល់នៅចន្លោះឆ្នាំ២០២៨ និងឆ្នាំ២០២៩ខាងមុខ។

បច្ចុប្បន្ន ក្រុមការងារសំណង់មានសមត្ថភាព បូមបេតុងបានដល់កំពស់២.៦២៤ហ្វីត (ប្រហែល៧៩៩,៨ម៉ែត្រ)។ យ៉ាងណាមិញ ពួកគេកំពុងបង្កើនសមត្ថភាព បូមបេតុងបន្ថែមទៀតឱ្យកើនឡើងដល់កំពស់សរុបជាង១.០០០ម៉ែត្ររបស់អគារJeddah Tower។

ការងារនេះ តម្រូវឱ្យមានគ្រឿងចក្រទំនើបៗ និងការរៀបចំផែន​ការយ៉ាងល្អិតល្អន់ ដើម្បីធានាបាននូវភាពធន់រឹងមាំរបស់អគារដ៏ខ្ពស់ មួយនេះ។ ភាពជោគជ័យរបស់គម្រោង ពឹងផ្អែកលើបច្ចេកទេសវិស្វកម្មទំនើបកម្រិតខ្ពស់ និងការច្នៃប្រឌិត ដើម្បីយកឈ្នះបញ្ហាប្រឈមនៃការសាងសង់អគារខ្ពស់ជាងគេបំផុតនៅលើពិភពលោក។

អគារ Jeddah Tower ជាផ្នែកដ៏សំខាន់បំផុតមួយនៃគម្រោងអភិវឌ្ឍន៍ទីក្រុងJeddah ឱ្យក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងវប្បធម៌សកល។ អគារនេះមានកំពស់១៥៧ជាន់ ដែលនឹងមានជណ្តើរយន្តចំនួន៥៩ សណ្ឋាគារប្រណីត លំនៅដ្ឋានលំដាប់ខ្ពស់ និងបន្ទប់ការិយាល័យធំទូលាយ។

ដំណាក់កាលទីមួយ នៃគម្រោងអភិវឌ្ឍន៍ទីក្រុង Jeddah រួមមាន មន្ទីរពេទ្យ សាលារៀន សាកលវិទ្យាល័យ និងលំនៅដ្ឋានសម្រាប់មនុស្សចំនួន១០០.០០០នាក់។

គម្រោងប្រកបដោយមហិច្ឆិតានេះ ស្ថិតនៅក្រោមចក្ខុវិស័យឆ្នាំ២០៣០ របស់ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងកាត់បន្ថយការពឹងផ្អែកលើការនាំចេញប្រេង។

តាមរយៈការបណ្តាក់ទុនវិនិយោគ លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍ទីក្រុងធំៗ ប្រទេសអារ៉ាប៊ីសាអូឌីត កំពុងក្លាយជាប្រទេសនាំមុខគេក្នុងការច្នៃប្រឌិត និងនិរន្តរភាពនៅលើឆាកពិភពលោក៕ប្រភព: Rude Baguette៕

LEAVE A REPLY

Please enter your comment!
Please enter your name here