ដោយ: គង់ លាងហួរ
អន្តរជាតិ: វិស័យអចលនទ្រព្យរបស់ប្រទេសជប៉ុនកំពុងរីកចម្រើន។ ប៉ុន្តែ កង្វះខាតកម្លាំងពលកម្មកំពុងបង្កឱ្យមានការពន្យារពេលនៃការសាងសង់ និងការវិនិយោគថ្លៃដើមខ្ពស់នៅគ្រប់គម្រោងអភិវឌ្ឍន៍ទាំងអស់ ដូចជាអគាររដ្ឋាភិបាល អាផាតមុិន និងឃ្លាំង។
ជាក់ស្តែង ស្ថាប័ន ESR ដែលជាក្រុមហ៊ុនអចលនទ្រព្យខាងផ្នែកភស្តុភារដ៏ធំមួយ មានមូលដ្ឋាននៅទីក្រុងហុងកុង កំពុងប្រឈមមុខនឹងសម្ពាធនេះ។
លោក Stuart Gibson សហនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ESR បានមានប្រសាសន៍ឱ្យដឹងថា “អត្រាកំណើនថ្លៃដើមសំណង់ និងកង្វះខាតកម្លាំងពលកម្ម ជាបញ្ហាប្រឈមដ៏ធំបំផុតចំនួន២ នៅក្នុងប្រទេសជប៉ុន”។
ដោយសារតែថ្លៃដើមសំណង់កើនឡើងខ្ពស់ បណ្តាអ្នកអភិវឌ្ឍន៍កំពុងដំឡើងថ្លៃជួល ជាពិសេសសម្រាប់ថ្លៃជួលឃ្លាំង។ ឃ្លាំងទាំងនោះភាគច្រើនត្រូវបានសាងសង់ ក្នុងអំឡុងពេលមានការរីកចម្រើនផ្នែកពាណិជ្ជកម្មអេឡិចត្រូនិក(E-commerce)។
នៅដើមឆ្នាំ២០២៥ អត្រាឃ្លាំងទំនេរ(Vacancy Rate)នៅជុំវិញទីក្រុងតូក្យូ បានហក់ឡើងដល់ចំនួន១១,១ភាគរយ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល១៥ឆ្នាំ។ អត្រាឃ្លាំងទំនេរមានកម្រិតទាបនៅកណ្តាលក្រុងតូក្យូ ខណៈអត្រាឃ្លាំងទំនេរនៅជាយក្រុងមានកម្រិតខ្ពស់។
លោក Gibson បានលើកឡើងថា “ឃ្លាំងនៅក្នុងប្រទេសជប៉ុនពឹងផ្អែកយ៉ាងខ្លាំងលើកម្លាំងពលកម្ម។ ប៉ុន្តែ បច្ចុប្បន្ន ប្រទេសនេះកំពុងជួបប្រទះការខ្វះខាតកម្លាំងពលកម្ម ដែលជាកត្តាធ្វើឱ្យបណ្តាអ្នកវិនិយោគមិនសូវចាប់អារម្មណ៍លើការជួល ឬទិញឃ្លាំង”។
ការផ្គត់ផ្គង់ឃ្លាំងលើសតម្រូវការនៅក្នុងប្រទេសជប៉ុនត្រូវបានគេរំពឹងថា នឹងថយចុះនៅឆ្នាំ២០២៧ខាងមុខ ដោយសារការកាត់បន្ថយការអភិវឌ្ឍន៍ឃ្លាំងថ្មី ហើយតម្រូវការពាណិជ្ជកម្មអេឡិចត្រូនិកនៅតែមានភាពរឹងមាំ។ នៅចុងឆ្នាំ២០២៦ អត្រាឃ្លាំងទំនេរនៅជុំវិញទីក្រុងតូក្យូត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះមកនៅត្រឹមចំនួន៩,៧ភាគរយ៕ប្រភព: Nikkei Asia៕