ដោយ: គង់ លាងហួរ
អន្តរជាតិ: ការលក់អាផាតមុិននៅទីក្រុងសេអ៊ូលបានដាំក្បាលចុះជាង៦៤ភាគរយ ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ ក្រោយរដ្ឋាភិបាលថ្មីរបស់ប្រទេសកូរ៉េខាងត្បូងបានដាក់ចេញបទប្បញ្ញត្តិយ៉ាងតឹងរុឹងលើការផ្តល់ប្រាក់កម្ចីទិញផ្ទះកាលពីថ្ងៃទី២៧ ខែមិថុនា។
ចាប់ពីថ្ងៃទី២៧ ខែមិថុនាដល់ថ្ងៃទី៣ ខែកក្កដា ការលក់អាផាតមុិនរបស់ទីក្រុងសេអ៊ូលសម្រេចបានចំនួន៥៧៧យូនីតប៉ុណ្ណោះ ដាំក្បាលចុះ៦៤,៦ភាគរយ បើធៀបជាមួយនឹងការលក់អាផាតមុិនចំនួន១.៦២៩យូនីតកាលពីមួយសប្តាហ៍មុន ដោយរាប់ថយក្រោយពីថ្ងៃទី២៧ ខែមិថុនា។
ការលក់អាផាតមុិននៅតាមសង្កាត់ធំៗចំនួន៣ ដែលធ្លាប់មានសន្ទុះខ្លាំងជាងគេនៅទីក្រុងសេអ៊ូល ដូចជាសង្កាត់ Songpa សង្កាត់ Seocho និងសង្កាត់ Gangnam ក៏បានដាំក្បាលចុះផងដែរ។
ជាក់ស្តែង ការលក់អាផាតមុិននៅក្នុងសង្កាត់ Songpa បានធ្លាក់ចុះពីចំនួន២៤យូនីតមកនៅត្រឹម១យូនីត ខណៈការលក់អាផាតមុិននៅក្នុងសង្កាត់ Seocho ក៏បានធ្លាក់ចុះពីចំនួន១៥យូនីតមកនៅត្រឹម១យូនីត ហើយការលក់នៅសង្កាត់ Gangnam បានធ្លាក់ចុះពីចំនួន៧៦យូនីតមកនៅត្រឹម២៤យូនីត។
យោងតាមក្រសួងដែនដីកូរ៉េបានឱ្យដឹងថា កិច្ចសន្យាទិញ-លក់អាផាតមុិនចំនួន៣០១យូនីត នៅទីក្រុងសេអ៊ូលត្រូវបានលុបចោលនៅចន្លោះថ្ងៃទី២៧ ខែមិថុនារហូតដល់ថ្ងៃទី៥ ខែកក្កដា ទោះបីជារដ្ឋាភិបាលកូរ៉េបានបញ្ជាក់ថា ច្បាប់ផ្តល់ប្រាក់កម្ចីថ្មីនេះនឹងមិនអនុវត្តន៍ចំពោះកិច្ចសន្យាដែលបានចុះហត្ថលេខារួចរាល់ មុនពេលច្បាប់ថ្មីចូលជាធរមានយ៉ាងណាក្តី។
នៅឆ្នាំ២០២៦ អាផាតមុិនថ្មីចំនួន២៨.៣៥៥យូនីត ត្រូវបានគេរំពឹងថានឹងបញ្ចប់ការសាងសង់នៅក្នុងទីក្រុងសេអ៊ូល ដាំក្បាលចុះ៣៩,៣ភាគរយបើធៀបនឹងការព្យាករណ៍ចំពោះការផ្គត់ផ្គង់អាផាតមុិនថ្មីសរុបចំនួន៤៦.៧៣៨យូនីតក្នុងឆ្នាំ២០២៥។
ច្បាប់ថ្មីស្តីពីការផ្តល់ប្រាក់កម្ចីទិញផ្ទះ រួមមាន ការកំណត់ទំហំនៃការផ្តល់ប្រាក់កម្ចីក្នុងកម្រិតអតិបរមាត្រឹម៦០០លានវ៉ុន និងការហាមឃាត់មិនឱ្យផ្តល់ប្រាក់កម្ចីថ្មីបន្ថែមទៀតដល់ប្រជាជន ដែលមានផ្ទះច្រើនយូនីត៕ប្រភព: Chosun៕