តើការកែសម្រួលថ្មីចំពោះពន្ធប្រថាប់ត្រាលើការលក់ផ្ទះនៅសិង្ហបុរីនឹងមានប្រសិទ្ធភាពទប់ស្កាត់ការទិញទុកលក់ចំណេញឬទេ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការកែសម្រួលថ្មីចំពោះពន្ធប្រថាប់ត្រាលើការលក់ផ្ទះ (SSD) របស់រដ្ឋាភិបាលសិង្ហបុរីនឹងជួយទប់ស្កាត់ការទិញទុកលក់ចំណេញក្នុងរយៈពេលខ្លីរបស់ក្រុមអ្នកវិនិយោគមួយចំនួន។ ប៉ុន្តែ ប្រសិទ្ធភាពជាទូទៅលើទីផ្សារត្រូវបានគេរំពឹងថា នឹងមានកម្រិតតិចតួច ដោយសារអតិថិជនភាគច្រើនជាអ្នកទិញក្នុងគោលបំណងរស់នៅ។

យោងតាមសេចក្តីថ្លែងការណ៍រួមរបស់ក្រសួងអភិវឌ្ឍន៍ជាតិ ក្រសួងហិរញ្ញវត្ថុ និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី បានឱ្យដឹងថា ប្រជាជន ដែលកាន់កាប់លំនៅដ្ឋានមិនបានរយៈពេលយ៉ាងតិច៤ឆ្នាំ បន្ទាប់ពីទិញរួច ត្រូវបង់ពន្ធប្រថាប់ត្រាចាប់ពី៤ភាគរយទៅ១៦ភាគរយ នៅពេលសម្រេចចិត្តលក់ចេញវិញ។

ក្រុមអ្នក​វិភាគ​បាន​វាយតម្លៃ​ថា​ នេះ​ជា​ការបោះជំហាន​តូច​មួយដើម្បីទប់ស្កាត់ការទិញទុកលក់ចំណេញ។ កាលពីមុន វិធានការពន្ធប្រថាប់ត្រាលើការលក់ផ្ទះ (SSD) បានជួយកាត់បន្ថយការលក់ Pre-sale ដែលបានកើនឡើងចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤។

លោក Marcus Chu នាយកប្រតិបត្តិនៃទីភ្នាក់ងារអចលនទ្រព្យ ERA Singapore បានអះអាងថា “យើងសង្កេតឃើញមានការកើនឡើងនៃចំនួនអ្នកលក់ ដែលប្រកាសលក់លំនៅដ្ឋានរបស់ពួកគេ បន្ទាប់ពីទិញរួចរយៈពេល៣ឆ្នាំទៅ៤ឆ្នាំ ដែលការណ៍នេះជំរុញឱ្យអាជ្ញាធរចាត់វិធានការ”។

កាលពីឆ្នាំ២០២៤ ប្រជាជនចំនួន២.១០៤នាក់បានដាក់លក់ខុនដូ ឬអាផាតមុិនរបស់ខ្លួន បន្ទាប់ពីបានកាន់កាប់អស់រយៈពេល៣ឆ្នាំទៅ៤ឆ្នាំ កើនឡើងពីចំនួន៣៥៨នាក់ក្នុងឆ្នាំ២០២០។នេះបើយោងតាមការដកស្រង់ទិន្នន័យពីអាជ្ញាធរអភិវឌ្ឍន៍ទីក្រុងសិង្ហបុរី (URA) ។

នៅក្នុងឆមាសទីមួយ ឆ្នាំ២០២៥ ការដាក់លក់ បន្ទាប់ពីបានកាន់កាប់អស់រយៈពេល៣ឆ្នាំទៅ៤ឆ្នាំបានគ្របដណ្តប់ចំណែកចំនួន១៤,៧ភាគរយនៃការលក់ខុនដូ ឬអាផាតមុិនសរុបនៅប្រទេសសិង្ហបុរី៕ប្រភព: The Strait Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here