ដោយៈ ម៉ាល័យ
សៀមរាបៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់បានថ្លែងថា បឹងទន្លេសាប ក៏ជាសក្តានុពលដ៏ធំមួយសម្រាប់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្នុងការធ្វើពិពិធកម្មផលិតផលទេចរណ៍ សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
លោកបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីបើក “វេទិកាបណ្តាញអេកូទេសចរណ៍ បឹងទន្លេសាបលើកទី២ឆ្នាំ២០២៥” ក្រោមប្រធានបទ “ទេសចរណ៍ និងអេកូទេសចរណ៍ ជាប្រភពចំណូលដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប្រជាសហគមន៍ និងការគ្រប់គ្រងធនធានធម្មជាតិ នៅបឹងទន្លេសាប”កាលពីព្រឹកថ្ងៃទី១០ កក្កដាកន្លងមកនេះ។
វេទិកានាព្រឹកនេះ គឺជាការជួបជុំដ៏សំខាន់ប្រចាំឆ្នាំមួយ ដែលមានគ្រប់សមាសភាពពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ វិស័យឯកជន រួមជាមួយស្ថាប័នដៃគូអភិវឌ្ឍ អង្គការជាតិ អង្គការអន្តរជាតិ និងបងប្អូនប្រជាសហគមន៍ ប្រមាណជាង៤០០នាក់ ដើម្បីពិភាក្សាអំពីការជំរុញ ការអភិវឌ្ឍវិស័យទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍នៅតំបន់បឹងទន្លេសាប តាមរយៈយន្តការស្ថាប័ន ចំណុះឱ្យគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងក្រសួងទេសចរណ៍ គឺ “បណ្តាញអេកូទេសចរណ៍បឹងទន្លេសាប” (Tonlesap Ecotourism Network) ដែលយើងអាចហៅកាត់ខ្លី ជាភាសាអង់គ្លេសថាបណ្តាញ “TEN”៕