ដោយ: គង់ លាងហួរ
អន្តរជាតិ: រថភ្លើងល្បឿនលឿនប្រភេទ Maglev ដែលផលិតដោយប្រទេសចិន ត្រូវបានដាក់បង្ហាញជាសាធារណៈនៅទីក្រុងប៉េកាំង។ គម្រោងនេះត្រូវបានគេរំពឹងថា នឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើរបានយ៉ាងច្រើន និងពង្រឹងកេរ្តិ៍ឈ្មោះរបស់ប្រទេសចិនក្នុងនាមជាប្រទេសនាំមុខគេលើពិភពលោកក្នុងការកសាងបណ្តាញផ្លូវដែកល្បឿនលឿន។
រថភ្លើង ដែលអាចរត់ក្នុងល្បឿន៦០០គីឡូម៉ែត្រក្នុងមួយម៉ោងនេះត្រូវបានដាក់តាំងបង្ហាញនៅឯពិធីតាំងពិព័រណ៍ផ្លូវដែកទំនើបលើកទី១៧ ក្នុងរដ្ឋធានីប៉េកាំងកាលពីសប្តាហ៍មុន។ ការណ៍នេះបង្ហាញពីក្តីប្រាថ្នាប្រកបដោយមហិច្ឆិតារបស់ប្រទេសចិនចំពោះអនាគតសម្រាប់ការដឹកជញ្ជូនតាមបណ្តាញផ្លូវដែក។
រថភ្លើងនេះត្រូវបានផលិតឡើងដោយក្រុមហ៊ុន China Railway Rolling Stock Corporation (CRRC) ដែលត្រូវបានរចនាឡើងជាពិសេស ដើម្បីកាត់បន្ថយការកកិតជាមួយកម្លាំងខ្យល់។នេះបើយោងតាមការចុះផ្សាយដោយកាសែត South China Morning Post។
ក្រុមអ្នកតំណាងក្រុមហ៊ុន CRRC បានអះអាងថា ដំណាក់កាលដំបូងនៃវិស្វកម្មត្រូវបានបញ្ចប់កាលពីខែកក្កដា ឆ្នាំមុន។ជាមួយគ្នានោះ ការធ្វើតេស្តផ្លូវដែក និងប្រព័ន្ធសុវត្ថិភាព និងការវាយតម្លៃលទ្ធភាពជោគជ័យផ្នែកវិស្វកម្មនឹងត្រូវបានអនុវត្តន៍ មុនពេលរថភ្លើងនេះអាចដាក់ឱ្យប្រើប្រាស់បាន។
រថភ្លើងនេះនឹងក្លាយជាមធ្យោបាយធ្វើដំណើររវាងបណ្តាទីក្រុងធំៗ ដោយបន្ថែមពីលើបណ្តាញផ្លូវដែកនាពេលបច្ចុប្បន្នក្នុងប្រទេសចិន។នេះបើយោងតាមការចុះផ្សាយដោយគេហទំព័រសារព័ត៌មាន The Paper ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ។
ជាមួយនឹងល្បឿនអតិបរមាចំនួន៦០០គីឡូម៉ែត្រក្នុងមួយម៉ោង ការធ្វើដំណើរចម្ងាយ១.២០០គីឡូម៉ែត្ររវាងទីក្រុងប៉េកាំង និងទីក្រុងសៀងហៃនឹងចំណាយពេលត្រឹមតែជាង២ម៉ោងប៉ុណ្ណោះ បើធៀបនឹងពេលវេលាធ្វើដំណើរបច្ចុប្បន្នចំនួន៥ម៉ោងកន្លះ៕ប្រភព: SCMP៕