តម្លៃអាផាតមុិននៅទីក្រុងសុីដនីរបស់ប្រទេសអូស្ត្រាលីបន្តកើនឡើង ខណៈការផ្គត់ផ្គង់ក្នុងឆ្នាំ២០២៥ រំពឹងធ្លាក់ចុះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការផ្គត់ផ្គង់អាផាតមុិននៅក្នុងទីក្រុងស៊ីដនីរបស់ប្រទេសអូស្ត្រាលីបានបង្ហាញសញ្ញាអំពីការធ្លាក់ចុះ។ យោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ JLL បានឱ្យដឹងថា អាផាតមុិន ដែលបានបញ្ចប់ការសាងសង់មានចំនួន៨០៤យូនីតប៉ុណ្ណោះកាលពីត្រីមាសទី១ ឆ្នាំនេះ។

ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ JLL បានលើកឡើងក្នុងរបាយការណ៍របស់ខ្លួនថា “យើងកំពុងតាមដានវឌ្ឍនភាពក្នុងការសាងសង់អាផាតមុិនចំនួន១.៧៥០យូនីតផ្សេងទៀត ដែលគ្រោងបញ្ចប់រួចរាល់នៅក្នុងឆ្នាំ២០២៥នេះ”។

ប្រសិនបើគម្រោងទាំងអស់បញ្ចប់រួចរាល់តាមកាលវិភាគ នោះការផ្គត់ផ្គង់អាផាតមុិនថ្មីសរុបក្នុងឆ្នាំ២០២៥នេះត្រូវបានគេរំពឹងថា នឹងមានចំនួន២.៥៥៤យូនីត។ តួលេខនៃការព្យាករណ៍នេះបង្ហាញសញ្ញាពីការដាំក្បាលចុះចំនួន១៣ភាគរយបើធៀបនឹងឆ្នាំ២០២៤។

បច្ចុប្បន្ន ទីផ្សារអាផាតមុិននៅក្នុងទីក្រុងស៊ីដនីកំពុងសម្រេចបានទាំងអត្រាកំណើនតម្លៃដាក់លក់ និងតម្លៃជួល។ តម្លៃអាផាតមុិនជាមធ្យមបានកើនឡើង២,៦ភាគរយធៀបនឹងឆ្នាំមុនដល់ចំនួន៧៩៩.៩៩០ដុល្លារអូស្ត្រាលីក្នុងមួយយូនីត ខណៈតម្លៃជួលបានកើនឡើង៧,៧ភាគរយដល់ចំនួន៧០០ដុល្លារអូស្ត្រាលីក្នុងមួយសប្តាហ៍។

ការសម្រេចបានអត្រាកំណើនយ៉ាងរឹងមាំនេះឆ្លុះបញ្ចាំងពីកំណើនតម្រូវការ និងការផ្គត់ផ្គង់អាផាតមុិននៅមានកម្រិត ជាពិសេសសម្រាប់ផ្នែកជួល។

កង្វះនៃការផ្គត់ផ្គង់ និងកំណើនតម្រូវការ ត្រូវបានគេរំពឹងថា នឹងបន្តជំរុញឱ្យតម្លៃជួល និងតម្លៃដាក់លក់អាផាតមុិនកើនឡើង។ ទោះជាយ៉ាងណា កង្វះលទ្ធភាពផ្នែកហិរញ្ញវត្ថុអាចធ្វើឱ្យល្បឿននៃអត្រាកំណើនថយចុះ។

លើសពីនេះទៀត បញ្ហាប្រឈមកង្វះលំនៅដ្ឋានតម្លៃសមរម្យកំពុងបន្តអូសបន្លាយនៅតាមបណ្តាទីក្រុងធំៗ រួមទាំងទីក្រុងសុីដនី ខណៈមនុស្សជាច្រើនមិនមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទិញផ្ទះ ដែលនៅតែបន្តហក់ឡើងថ្លៃជាលំដាប់៕ប្រភព: Real Estate Asia៕

LEAVE A REPLY

Please enter your comment!
Please enter your name here