តម្លៃលំនៅដ្ឋាននៅទីក្រុងធំៗរបស់សហរដ្ឋអាមេរិកធ្លាក់ចុះ ដោយសារកត្តាសំខាន់ៗចំនួន៤

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត CNBC បានចុះផ្សាយថា ទីផ្សារ​អចលនទ្រព្យលំនៅដ្ឋានរបស់​សហរដ្ឋ​អាមេរិក​កំពុង​ធ្លាក់ចុះ​ ​ដោយសារកត្តាចំនួន៤ រួមមាន កត្តាផ្ទះ​មានតម្លៃថ្លៃហួសពីលទ្ធភាពរបស់អ្នកទិញ ការ​កើន​ឡើង​នៃអត្រា​ការប្រាក់លើកម្ចី​ទិញ​ផ្ទះ ការ​បង្កើន​ការ​ផ្គត់ផ្គង់ និង​ការ​ធ្លាក់​ចុះ​នៃតម្រូវ​ការ។

នៅក្នុងខែមិថុនា កំណើនតម្លៃផ្ទះប្រចាំឆ្នាំបានថយចុះមកនៅត្រឹម១,៣ភាគរយ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល២ឆ្នាំ បើធៀបនឹងអត្រាកំណើន១,៦ភាគរយកាលពីខែឧសភា។នេះបើយោងតាមរបាយការណ៍ពីក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុអាមេរិក ICE។

ចំនួនជិតមួយភាគបីនៃបណ្តាទីក្រុងធំៗបំផុតទាំង១០០ នៅសហរដ្ឋអាមេរិក កំពុងជួបប្រទះការធ្លាក់ចុះនៃតម្លៃផ្ទះក្នុងរង្វង់យ៉ាងតិច១ភាគរយ។នៅទូទាំងប្រទេស តម្លៃផ្ទះសម្រាប់គ្រួសារទោល(Single-family home) បានកើនឡើង១,៦ភាគរយ ខណៈដែលតម្លៃខុនដូបានធ្លាក់ចុះ១,៤ភាគរយ។

ចំនួនលំនៅដ្ឋានសរុប ដែលបានចុះបញ្ជីដាក់លក់(Inventory)បានហក់ឡើង២៩ភាគរយ នៅក្នុងខែមិថុនា បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ចំណែក អត្រាការប្រាក់លើកម្ចីទិញផ្ទះនៅតែមានកម្រិតខ្ពស់ចំនួន៦ភាគរយនៅឆ្នាំ២០២៥នេះ។

លោក Andy Walden ប្រធានផ្នែកស្រាវជ្រាវទីផ្សារលំនៅដ្ឋានមកពីក្រុមហ៊ុន ICE បានអះអាងថា តម្លៃផ្ទះនៅទីក្រុង Cape Coral ក្នុងរដ្ឋ Florida បានធ្លាក់ចុះជាង៩ភាគរយ ខណៈតម្លៃផ្ទះនៅក្នុងទីក្រុង Austin ទីក្រុង Tampa និងទីក្រុងសំខាន់ៗភាគច្រើនក្នុងរដ្ឋកាលីហ្វ័រញ៉ាក៏កំពុងធ្លាក់ចុះផងដែរ៕ប្រភព: CNBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here