ទីក្រុងគូឡាឡាំពួរនៅតែជាទីក្រុងមានតម្លៃជួលលំនៅដ្ឋានខ្ពស់ជាងគេបំផុតក្នុងប្រទេសម៉ាឡេសុី

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីក្រុងគូឡាឡាំពួរនៅតែបន្តរក្សាបានតំណែងជាទីក្រុងមានតម្លៃជួលលំនៅដ្ឋានជាមធ្យមខ្ពស់ជាងគេបំផុតនៅក្នុងប្រទេសម៉ាឡេសុី។នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនផ្តល់ទិន្នន័យអចលនទ្រព្យ Juwai IQI។

តួយ៉ាង តម្លៃជួលលំនៅដ្ឋានជាមធ្យមនៅទីក្រុងគូឡាឡាំពួរ ក្នុងផ្នែកសមរម្យ(Affordable) មានទំហំទឹកប្រាក់ចំនួន១.៨០៨ រីងហ្គីតក្នុងមួយខែ បើធៀបនឹងតម្លៃជួលជាមធ្យមទូទាំងប្រទេសចំនួន១.៦៧៤ រីងហ្គីតក្នុងមួយខែ។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយសារព័ត៌មានម៉ាឡេសុី The Star។

ចំណែក តម្លៃជួលលំនៅដ្ឋានជាមធ្យមនៅទីក្រុងគូឡាឡាំពួរ ក្នុងផ្នែកលំដាប់ខ្ពស់ (Premium) បានកើនឡើង០,៥ភាគរយ ខណៈតម្លៃជួលជាមធ្យមទូទាំងប្រទេសមានទំហំទឹកប្រាក់ចំនួន៦.៣៤៤រីងហ្គីតក្នុងមួយខែ។

ទីផ្សារជួលលំនៅដ្ឋានត្រូវបានគេព្យាករណ៍ថា នឹងបន្តសម្រេចបានកំណើនសន្សឹមៗក្នុងរយៈពេល១២ខែបន្ទាប់ ដោយសារស្ថិរភាពគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលម៉ាឡេសុី និងកំណើនតម្រូវការជួលលំនៅដ្ឋានជាលំដាប់នៅក្នុងតំបន់សំខាន់ៗ។

ធនាគារកណ្តាលម៉ាឡេសុីបានទាញទម្លាក់អត្រាការប្រាក់របស់ខ្លួនមកនៅត្រឹម២,៧៥ភាគរយ ដោយធ្វើឱ្យអត្រាការប្រាក់លើប្រាក់កម្ចីថយចុះ។ការណ៍នេះត្រូវបានគេរំពឹងថា នឹងជួយជំរុញទំនុកចិត្តរបស់អ្នកទិញផ្ទះ និងវិនិយោគិន។

ការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុនេះអាចនាំឱ្យទីផ្សារជួលលំនៅដ្ឋានកាន់តែមានភាពប្រកួតប្រជែងខ្ពស់ ស្របពេលមានការកើនឡើងនៃការផ្គត់ផ្គង់លំនៅដ្ឋាន។ ប៉ុន្តែ ការណ៍នេះក៏អាចជំរុញឱ្យតម្លៃជួលកើនឡើងផងដែរ ដោយសារកំណើននៃតម្រូវការ៕ប្រភព: The Star៕

LEAVE A REPLY

Please enter your comment!
Please enter your name here