ស្ថានីយ៍ថាមពលអគ្គិសនីដើរដោយថាមពលព្រះអាទិត្យរបស់ជប៉ុនបានបង្ហាញខ្លួននិងដំណើរការក្នុងខេត្តពោធិសាត់

0

ដោយៈ គង់ សូរិយា

    ពោធិសាត់ៈ ស្ថានីយ​ផលិតថាមពល​អគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០​មេហ្កាវ៉ាត់ ផ្គុំជាមួយប្រព័ន្ធអាគុយស្តុកថាម​ពល​របស់ក្រុមហ៊ុន SchneiTec ZEALOUS ដែល​ស្ថិត​ក្នុង​​ខេត្ត​ពោធិ៍សាត់​ត្រូវបាន​បើក​ឱ្យ​ដំណើរការ​ជាផ្លូវ​ការ​ហើយ។​​​

ពិធី​សម្ពោធត្រូវបានធ្វើឡើងនៅទីតាំងគម្រោង ស្ថិតក្នុងឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយមាន​ការចូលរួមពីលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោកUENO Atsushi ឯកអគ្គរដ្ឋទូតប្រទេសជប៉ុនប្រចាំកម្ពុជា លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រម​ទាំង​អ្នក​ពាក់​ព័ន្ធ​ជា​ច្រើន​ទៀត​។​

លោក​អភិបាល​ខេត្ត​ពោធិ៍សាត់លោក ខូយ រីដាបាន​លើក​ឡើង​ថា ស្ថិរភាព​នយោបាយ និង​ការ​យក​ចិត្ត​ទុកដាក់​ពី​សំណាក់អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ បានធ្វើ​ឱ្យ​​ខេត្ត​ពោធិសាត់ ​​ក្លាយ​ជា​ទីតាំង​ដ៏​មាន​សក្តានុពល​សម្រាប់​ការ​បណ្តាក់​ទុន​លើ​គ្រប់​វិស័យ​។ បច្ចុប្បន្ន​​ខេត្ត​ពោធិ៍សាត់ គឺ​ជា​​ទីតាំង​ដ៏​សំខាន់​មួយ​ ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​ការ​បណ្តាក់​ទុន​ច្រើន​លើ​ការ​ផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ និងប្រភពវារីអគ្គីសនី​។

លោក​អះអាង​ថា “​​បច្ចុប្បន្ន​​ខេត្តពោធិ៍សាត់ ​​មាន​ការ​រីកចម្រើនច្រើន​​ ដោយ​ប្រែក្លាយពីខេត្តឆ្លងកាត់មកជាខេត្ត ដែលពោរពេញដោយការទាក់ទាញ​ទាំងផ្នែកឧស្សាហកម្ម និងទេសចរណ៍”។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បាននិយាយ​​ថា រដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​​រដ្ឋសភា​ កំពុង​​ខិតខំ​យ៉ាងខ្លាំង ​ក្នុង​ការ​ធ្វើពិពិធកម្ម​ភាពជាដៃគូសេដ្ឋកិច្ចជា​មួយ​ផ្នែក​ឯកជន តាម​រយៈ​ការដាក់​ចេញ​នូវ​គោលនយោបាយ​​ថ្មីៗ​ជា​ច្រើន ​ដើម្បី​​ទាក់ទាញការវិនិយោគផ្ទាល់​ពី​បរទេស រួម​ទាំង​ពី​ប្រទេសជប៉ុន​ឱ្យ​បាន​កាន់​តែ​ច្រើន​។

លោកបញ្ជាក់ថា “គម្រោងនេះពិតសំខាន់​ ដើម្បី​ឆ្លើយតបទៅនឹងវឌ្ឍនភាព​ នៃការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្តពោធិ៍សាត់”។ លោកបន្តថា “គម្រោងនេះនឹងជួយផ្គត់ផ្គង់ ដល់បណ្តាញជាតិ​សម្រាប់ការប្រើប្រាស់យ៉ាងទូលំទូលាយ និងការបង្កើតថាមពលកកើតឡើងវិញ​ នៅក្នុងប្រទេសកម្ពុជា ធានាបាននូវការផ្គត់ផ្គង់ថាមពល ដែលមានស្ថេរភាព ដោយប្រើប្រភពថាមពលកាបូនទាប និងត្រួសត្រាយផ្លូវ​ទៅកាន់ការសម្រេចបាននូវអព្យាក្រឹតភាពកាបូន”។

លោក​បាន​ថ្លែង​ថា ​ជាក់ស្តែងគម្រោងនេះ​ ត្រូវបានវិនិយោគដោយក្រុមហ៊ុនថាមពលអគ្គិសនីChugoku ដែលជាក្រុមហ៊ុនថាមពលអគ្គិសនី​ឈានមុខគេមួយ នៅក្នុងប្រទេសជប៉ុន និងសហការជាមួយក្រុមហ៊ុន SchneiTec ZEALOUS ដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា។

ឯកអគ្គរដ្ឋទូតជប៉ុន លោក UENO Atsushi បាន​លើកឡើង​ថា៖​គម្រោងថាមពលពន្លឺព្រះអាទិត្យ និងប្រព័ន្ធអាគុយស្តុកថាមពលនៅទីនេះ នឹងរួមចំណែកបំពេញតម្រូវការអគ្គិសនី ដែលកំពុងកើនឡើងរបស់កម្ពុជា និងតម្រូវការសម្រាប់ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here