តើតម្លៃដីនៅអនាគតរដ្ឋធានីថ្មី Nusantara របស់ឥណ្ឌូនេសុីអាចហក់ឡើងថ្លៃលើសទីក្រុងហ្សាការតាឬទេ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បច្ចុប្បន្ន តម្លៃដីក្នុងអនាគតរដ្ឋធានីថ្មី Nusantara របស់ប្រទេសឥណ្ឌូនេសុីនៅមានកម្រិតទាបនៅឡើយ ដោយមានទំហំទឹកប្រាក់ត្រឹមតែ១.៩០០.០០០រូពៀ (ប្រមាណ១២០ដុល្លារអាមេរិក)ក្នុងមួយម៉ែត្រការ៉េ។

តម្លៃដីនៅតំបន់ជុំវិញទីក្រុង Nusantara សម្រេចបានអត្រាកំណើនប្រចាំឆ្នាំចន្លោះពី៥ភាគរយទៅ៨ភាគរយក្នុងមួយឆ្នាំ ដោយសារការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការចាប់អារម្មណ៍របស់បណ្តាអ្នកវិនិយោគចំពោះអនាគតរដ្ឋធានីថ្មីរបស់ឥណ្ឌូនេសុី។

ផ្ទុយទៅវិញ បច្ចុប្បន្ន ទីក្រុងហ្សាការតា (Jakarta) ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី និងមានតម្លៃដីថ្លៃ ដោយសារតម្រូវការនៃការអភិវឌ្ឍន៍មានស្ថានភាពរឹងមាំ បើទោះជាទីក្រុងមួយនេះកំពុងប្រឈមមុខនឹងបញ្ហាទឹកជំនន់ និងបរិស្ថានយ៉ាងណាក្តី។

ទីផ្សារដីធ្លីរបស់ទីក្រុងហ្សាការតាមានភាពចាស់ទុំ(mature) ខណៈក្រុមហ៊ុនអាជីវកម្មនានា ប្រជាជនក្នុងស្រុក និងបណ្តាអ្នកវិនិយោគបានសម្រុកទិញដីក្នុងទីក្រុងហ្សាការតា។

ផ្ទុយទៅវិញ ទីក្រុង Nusantara កំពុងស្ថិតក្នុងដំណាក់កាលនៃការអភិវឌ្ឍន៍នៅឡើយ ខណៈការសាងសង់បណ្តាញហេដ្ឋារចនាសម្ព័ន្ធចាំបាច់នៅមិនទាន់ត្រូវបានបញ្ចប់រួចរាល់នៅឡើយ។

ទោះជាយ៉ាងណា ប្រសិនបើទីក្រុង Nusantara បំពេញបានយ៉ាងពេញលេញនូវគោលដៅអភិវឌ្ឍន៍របស់ខ្លួន ដោយសម្រេចបានកំណើននៃចំនួនប្រជាជន ការតាំងទីលំនៅរបស់មន្ត្រីរដ្ឋាភិបាល បូករួមទាំងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធយ៉ាងរឹងមាំ និងសកម្មភាពសេដ្ឋកិច្ចរស់េវើប នោះតម្លៃដីធ្លីនៅទីក្រុង Nusantara អាចកើនឡើងលើសពីតម្លៃដីនៅតំបន់មួយចំនួននៃទីក្រុងហ្សាការតា។

បច្ចុប្បន្ន តម្លៃដីនៅទូទាំងរដ្ឋធានីហ្សាការតាមានទំហំទឹកប្រាក់ជាមធ្យមចំនួន២៥លានរូពៀ(ប្រមាណ១.៥៤០ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃដីនៅតំបន់ពាណិជ្ជកម្មកណ្តាល(CBD) មានទំហំទឹកប្រាក់២០០លានរូពៀ(ប្រមាណ១២.៣០០ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។

ភាពជោគជ័យរបស់អនាគតរដ្ឋធានីថ្មីនេះពឹងផ្អែកលើកត្តានានា ដូចជាលំហូរវិនិយោគផ្ទាល់បរទេស និន្នាការចំណាកស្រុក ទំនុកចិត្តលើនិរន្តរភាពនៃរដ្ឋធានីថ្មី និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុងប្រកបដោយប្រសិទ្ធភាព៕ប្រភព: Oxford Economics & The Guardian៕

LEAVE A REPLY

Please enter your comment!
Please enter your name here