ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥៖ ដើម្បីឆ្លើយតបជាមួយនឹងការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងធនាគារជាតិនៃកម្ពុជា ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទូទៅ ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមានជាង ៣០ឆ្នាំក្នុងប្រទេសកម្ពុជា និងជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុរបស់ MUFG មានមូលដ្ឋានក្នុងប្រទេសជប៉ុន បានចូលរួមរំលែកទុក្ខ និងលុបបំណុលចោលទាំងស្រុង ជូនដល់ក្រុមគ្រួសាររបស់យោធិនពលីចំនួន ០២រូប ដែលមានទីលំនៅក្នុងភូមិពោធិចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តមានជ័យ។
លោក មិន សុផា ប្រធាននាយកប្រតិបត្តិនៃធនាគារ ហត្ថា បានមានប្រសាសន៍ថា៖ “តាងនាមអោយថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់ធនាគារ ហត្ថា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះជាមួយក្រុមគ្រួសាររបស់អតិថិជនទាំងពីរចំពោះការបាត់បង់ដ៏ធំធេងនេះ ហើយខ្ញុំសង្ឃឹមថា ការលុបចោលបំណុលទាំងស្រុងក្នុងថ្ងៃនេះ អាចជួយសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុជូនក្រុមគ្រួសារ សាច់ញាតិយោធិនពលីទាំង ០២រូប បានមួយចំនួនផងដែរ។ ”
អំពីធនាគារ ហត្ថា
ធនាគារ ហត្ថា ជាធនាគារពាណិជ្ជ ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាលជាង ៣០ឆ្នាំមកហើយ ដែលបានផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដល់អតិថិជនរបស់ខ្លួន ដែលរួមានអតិថិជនជាលក្ខណៈបុគ្គល សហគ្រាសខ្នាតតូច និងមធ្យម (SME) ព្រមទាំងស្ថាប័នសាអាជីវកម្មធំៗជាច្រើនទៀត។ ធនាគារ ហត្ថា គឺជាសមាជិករបស់ MUFG ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំមួយ របស់ប្រទេសជប៉ុន ដែលមានសាខាប្រហែល ២000 ទីតាំង ស្ថិតនៅក្នុងទីផ្សារជាង ៤០ ក្នុងពិភពលោក។ សម្ព័ន្ធក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុ MUFG បានការចុះបញ្ជីនៅលើផ្សារហ៊ុន (Tokyo Stock Exchange), ណាហ្គូយ៉ា (Nagoya Stock Exchange) និងញូយ៉ក (New York Stock Exchange) ដោយមានតម្លៃទីផ្សាររហូតដល់ ២៤.២៧ កោដិយាន់ និងប្រាក់ចំណេញសុទ្ធចំនួន ១.៥៩១,១ ពាន់លានយាន់ នៅត្រឹមចុងខែមីនា ឆ្នាំ ២០២៥។