ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប៉េង ពោធិ៍នា បានអនុញ្ញាតឱ្យលោកស្រី Amélie HUMPHREYS នាយកគ្រប់គ្រងនៃក្រុមហ៊ុនដឹកជញ្ជូនCMA CGM Group និងជាអនុប្រធានគណៈកម្មការដឹកជញ្ជូន និងភស្តុភារកម្មសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ។
គោលបំណងនៃជំនួបសម្តែងការគួរសមនេះ គឺធ្វើឡើងដើម្បីបង្ហាញអំពីចំណាប់អារម្មណ៍ ចែករំលែកគំនិតផ្តួចផ្តើមថ្មីៗ និងឧត្តមានុវត្តអន្តរជាតិរបស់CMA CGM Group ដែលបានកំពុងអនុវត្តនៅក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាម ព្រមទាំងដើម្បីស្វែងរកកិច្ចសហការរវាងសាធារណៈ និងឯកជន សំដៅស្វែងរកឱកាសវិនិយោគក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រ។
នៅក្នុងជំនួបសម្តែងការគួរសមនេះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណលោកស្រី នាយកគ្រប់គ្រងនៃក្រុមហ៊ុនដឹកជញ្ជូន CMA CGM Group ដែលបានចែករំលែកនូវឧត្តមានុវត្តរបស់ក្រុមហ៊ុនក្នុង វិស័យដឹកជញ្ជូន និងភស្តុភារកម្ម។
លោករដ្ឋមន្រ្តីក៏បានស្នើឱ្យ លោកស្រីនាយកគ្រប់គ្រង បន្តការសហការជាមួយក្រុម ការងារបច្ចេកទេសរបស់ក្រសួង ដើម្បីសិក្សាស្វែងយល់អំពីតម្រូវការទីផ្សារ ក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម សំដៅរួមចំណែកលើកកម្ពស់ ការអភិវឌ្ឍវិស័យដឹកជញ្ជូន និងភស្តុភារកម្មប្រកបដោយនិរន្តរភាព និងការបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាលើវិស័យភស្តុភារកម្មក្នុងតំបន់ ឱ្យស្របតាមទិសដៅគោលនយោបាយ និងផែនការមេនានារបស់រដ្ឋាភិបាលកម្ពុជា ប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០៕