ដោយ វុត្ថា
ភ្នំពេញៈ ការបញ្ចប់គម្រោងវិនិយោគ ត្រូវបានបញ្ចប់តាមមធ្យោបាយពីរយ៉ាង ដូចជាទី១ ក្រៅប្រព័ន្ធតុលាការបញ្ចប់ដោយឆន្ទៈរបស់វិនិយោគិន និងទី២ ក្នុងប្រព័ន្ធតុលាការ គឺបញ្ចប់ដោយបរាជ័យក្នុងអាជីវកម្មរបស់វិនិយោគិន។
បញ្ចប់អាជីវកម្មក្រៅប្រព័ន្ធតុលាការ ដោយឆន្ទៈរបស់វិនិយោគិន គឺអ្នកវិនិយោគ មានបំណងឈប់ធ្វើសកម្មភាពវិនិយោគ។ អ្នកវិនិយោគនោះត្រូវផ្តល់ជូនព៌តមានទៅ ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា (CDC) តាមលិខិត អនុសិទ្ធិ ឬលិខិតប្រគលផ្ទាល់ដៃ ដោយបញ្ជាក់ពីមូលហេតុ នៃការឈប់ធ្វើសកម្មភាពនៃអាជីវកម្មរបស់ខ្លួន ក្នុងលិខិតនោះត្រូវមានចុះហត្ថលេខារបស់អ្នកវិនិយោគិន ឬមេធាវីតំណាងឲ្យវិនិយោគិន។
ក្នុងឯកសារដែលមានការពាក់ព័ន្ធនោះ ត្រូវធ្វើការបញ្ជាក់ឲ្យបានត្រឹមត្រូវពីការដោះស្រាយបំណុលរួចរាល់ចប់សព្វគ្រប់។ ពិសេសបំណុលពន្ធរដ្ឋ ដោយមានការអនុញ្ញាតឲ្យបញ្ចប់អាជីវកម្មពី CDC រួចមក អ្នកវិនិយោគិនត្រូវសុំលុបឈ្មោះក្រុមហ៊ុនពីក្រសួងពាណិជ្ជកម្ម អនុលោមតាមច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីវិនិយោគឆ្នាំ២០០៣ មាត្រា ២១ និង២២ថ្មី។
បញ្ចប់អាជិវកម្មក្នុងប្រព័ន្ធតុលាការៈក្នុងករណីដែលអ្នកវិនិយោគិន ប្រកបរបរអាជីវកម្មខាតបង់ប្រាកកាស ប្រកាសក្ស័យធន ពេលនោះតុលាការត្រូវអនុវត្តច្បាប់ស្តីពី ការក្ស័យធន ដើម្បីជម្រះបំណុល និងលក់ឡាយឡុងនូវទ្រព្យសម្បត្តិ ក្រុមហ៊ុនយកទៅសងបំណុល បន្ទាប់មកតុលាការធ្វើការប្រកាសបិទក្រុមហ៊ុនជាស្ថាពរ៕