ដោយ វុត្ថា
ភ្នំពេញៈ ទាំងការជួល និងការទិញផ្ទះសម្រាប់រស់នៅសុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិដូចគ្នា។ ការជួលផ្ទះធ្វើឲ្យលោក អ្នកមិនចំណាយថវិការច្រើនក្នុងពេលខ្លី។ ចំនែកឯការទិញផ្ទះវិញ អាចផ្តល់លោកអ្នកនូវសុវត្ថិភាពរយៈពេលវែង។
សូមមើលពីគុណសម្បត្តិ និងគុណវិបត្តិដូចខាងក្រោម៖
គុណសម្បត្តិនៃការទិញផ្ទះ
• មានផ្ទះផ្ទាល់ខ្លួនផ្តល់នូវសុវត្ថិភាពអត្ថប្រយោជន៍រយៈពេលវែង ព្រមទាំងទ្រព្យសម្បត្តិ និងការរីកចម្រើនផ្ទាល់ខ្លួន។
• តម្លៃនៃផ្ទះនឹងកើនឡើងតាមពេលវេលា លោកអ្នកនឹងបានប្រាក់ចំណេញពេលដែលលក់ត្រូវពេលល្អ។
• ផ្ទះផ្ទាល់ខ្លួនជាទ្រព្យសម្បត្តិស្របច្បាប់របស់អ្នក ដូច្នេះលោកអ្នកមានសិទ្ធិនិងសេរីភាពក្នុងគ្រប់ការទាំងអស់ក្នុងផ្ទះ។
• មានផ្ទះផ្ទាល់ខ្លួននឹងធ្វើឲ្យលោកអ្នកមានភាពច្នៃប្រឌិតកាន់តែខ្ពស់ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិ។ លោកអ្នកអាចផ្លាស់ប្តូរការតុបតែង កែច្នៃទីធ្លាថ្មី ឬអ្វីផ្សេងតាមចិត្តប្រាថ្នា។
• លោកអ្នកអាចទិញហើយដាក់ជួលវិញ វានឹងផ្តល់ប្រាក់ចំណូលដែលលោកអ្នកអាចយកវាទៅបង់រំលស់ផ្ទះនោះបាន។
• បើលោកអ្នកជាម្ចាស់ផ្ទះមា្នក់ ដែលបង់រំលស់ទៀងទាត់ តាមពេលវេលាបានល្អនោះលោកអ្នកនឹងទទួលបានកេរ្តិ៍ឈ្មោះល្អ ដែលវាមានប្រយោជន៍សម្រាប់អាជីវកម្មរបស់អ្នកនិងកម្ចីពេលក្រោយ។
• លោកអ្នកមានជម្រើស ដោយអាចយកប្លង់ផ្ទះទៅតម្កល់បញ្ចាំ ក្នុងករណីមានតម្រូវការបន្ទាន់ ឬទិញរបស់ធំដុំណាមួយ។
គុណវិបត្តិនៃការទិញផ្ទះ
• ពេលមានផ្ទះផ្ទាល់ខ្លួនលោក អ្នកត្រូវទទួលខុសត្រូវលើប្រាក់បង់រំលស់ និងការថែទំាផ្ទះ។
• មា្ចស់ផ្ទះត្រូវមានកាតព្វកិច្ចដូចជា បង់ពន្ធផ្ទះ បង់ធានារ៉ាប់រង និងការថែទំាផ្ទះ។
• មា្ចស់ផ្ទះនឹងប្រឈមក្នុងការលក់មិនបានប្រាក់ចំណេញ បើសិនជាមានបញ្ហាសេដ្ឋកិច្ចឬក៏ទីតាំងលែងមានអំណោយផល។
• លោកអ្នកដែលជាម្ចាស់ផ្ទះ នឹងពិបាកក្នុងការផ្លាស់ប្តូរទីលំនៅពេល ដែលត្រូវការផ្លាស់ប្តូរ ពីព្រោះត្រូវរងចំាផ្ទះលក់ដាច់ទើបអាចទៅបាន។
គុណសម្បត្តិនៃការជួលផ្ទះ
• ការជួលផ្ទះមានភាពងាយស្រួល ក្នុងការផ្លាស់ប្តូរទីលំនៅ ជាពិសេសបើសិនជាអ្នកមានការផ្លាស់ប្តូរកន្លែងការងារ ឬក៏ចូលចិត្តក្នុងការផ្លាស់ទីលំនៅ។
• ក្នុងនាមជាអ្នកជួលផ្ទះ លោកអ្នកអាចមានលទ្ធភាពជួលផ្ទះនៅតំបន់ ដែលលោកអ្នកមិនមានលទ្ធភាពទិញបាន។
• បើសិនជាលោកអ្នកចង់ផ្លាស់ប្តូរទីលំនៅ លោកអ្នកនឹងមិនឈឺក្បាលក្នុងការរកអ្នកមកថែទំាផ្ទះឬត្រូវបារម្ភក្នុងការលក់មុននឹងចេញ។
• បន្ទាប់ពីបង់ថ្លៃឈ្នួលផ្ទះរួច លោកអ្នកអាចប្រើប្រាស់ប្រាក់ ដែលនៅសល់យកទៅបង់រំលស់ផ្ទះឬក៏វិនិយោគក្នុងអាជីវកម្ម។
គុណវិបត្តិនៃការជួលផ្ទះ
• អ្នកជួលត្រូវគោរពតាមច្បាប់របស់កិច្ចសន្យា ដែលវាអាចប៉ះពាល់ដល់សេរីភាពមួយចំនួនក្នុងការប្រើប្រាស់។
• លោកអ្នកមិនអាចធ្វើការផ្លាស់ប្តូរអ្វីទាំងអស់ទាល់តែមានការអនុញ្ញាត្តពីម្ចាស់ផ្ទះ។
• ការជួលនឹងមិនផ្តល់អត្ថប្រយោជន៍អ្វីពីទ្រព្យសម្បត្តិនោះឡើយ ហើយក៏នឹងមិនក្លាយជាកម្មសិទ្ធរបស់អ្នកជួលនៅថ្ងៃណាមួយដែរ។ ផ្ទុយទៅវិញអ្នកជួលប្រៀបដូចជាជួយបង់ថ្លៃរំលស់ផ្ទះជំនួសម្ចាស់ផ្ទះទៅវិញ។
• អ្នកជួលមិនមានអំណាចក្នុងការគ្រប់គ្រងលើបញ្ហាអតិផរណាទេ។
• ផងដែរគឺមិនមានការសន្យាថា តម្លៃឈ្នួលនឹងនៅថេរបន្ទាប់ពីបញ្ចប់កិច្ចសន្យាទេ៕