ដោយគង់ សូរិយា
ភ្នំពេញៈ វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ (KIT) បានប្រកាសផ្តល់អាហារូបករណ៍ ១០០ភាគរយ ដល់និស្សិតកម្ពុជា ដែលបន្ទាប់ពីបញ្ចប់ការសិក្សានិស្សិតអាចទៅធ្វើការនៅប្រទេសជប៉ុន និងប្រទេសនានាក្នុងតំបន់អាស៊ានជាដើម។
យោងតាមទំព័រហ្វេសប៊ុករបស់វិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ ក៏ដូចជាទំព័រផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡារបស់កម្ពុជាបានឱ្យដឹងកាលពីសប្តាហ៍មុនថា អាហារូបករណ៍នេះ នឹងផ្តល់ជូនសិស្សបញ្ចប់់ថ្នាក់ទី១២ ក្នុងឆ្នាំសិក្សា ២០១៩-២០២០ នេះ។
វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ផ្ដល់អាហារូបករណ៍ចំពោះមុខវិទ្យាពីរមុខ ដោយទីមួយគឺ វិស្វកម្មកុំព្យូទ័រ (Software Engineering) និងគ្រប់គ្រងបដិសណ្ឋារកិច្ចអន្តរជាតិ International Hospitality Management។
សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ចង់ធ្វើការប្រឡងយកអាហាររូបករណ៍អាចធ្វើការ ចូលទៅចុះឈ្មោះតាមតំណរលី៖ https://goo.gl/forms/ly8zdI6Q18jaqqg03 ។ ក្រោយពីចុះឈ្មោះរូចរាល់ហើយ បេក្ខជនអាចទៅស្ដាប់សិក្ខាសាលាណែនាំ ដែលរៀបចំឡើងដោយវិទ្យាស្ថានផ្ទាល់តែម្ដង ហើយចំណែកឯថ្ងៃប្រឡងវិញ នឹងប្រព្រឹត្តឡើងនាថ្ងៃទី ២៩ ខែមីថុនាឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន។
សម្រាប់វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ ២០១៤មកម្លេះ ដោយមានកម្មវិធីសិក្សារដូចជា៖ វិស្វករកុំព្យូទរ័ វិភាគប្រពន្ធ័កុំព្យូទ័រ បង្កើតប្រពន្ធ័កុំព្យូទ័រ គណនេយ្យ និងគ្រប់គ្រង រួមទាំងបង្រៀនភាសារអង់គ្លេស និងជប៉ុនផងដែរ។
វិទ្យាស្ថានស្ថិតនៅក្នុងឧទ្យានជាតិគិរីរម្យនេះ ត្រូវបានបង្កើតដោយអគ្គនាយកក្រុមហ៊ុន A2A Town Cambodia ដែលលោកជាជនជាតិជប៉ុនមានឈ្មោះថា Takeshi Izuka ដើម្បីផ្ដល់ការអប់រំប្រកបដោយគុណភាពខ្ពស់ជូននិស្សិតកម្ពុជា ជាពិសេសទៅលើមុខវិទ្យាទាក់ទងទៅនឹងវិទ្យាសាស្ត្រកុំព្យូទ័រ និងវិស្វកម្មកម្មវិធីកុំព្យូទ័រជាដើម។
ជាលទ្ធផលនៃការបណ្ដុះបណ្ដាលរបស់វិទ្យាស្ថានមួយនេះ និស្សិតជំនាន់ទី១ទទួលបានឱកាសការងារ១០០% ហើយមាននិស្សិតរហូតដល់ទៅ ៧០%បានទៅធ្វើការដល់ប្រទេសជប៉ុន។
សម្រាប់លក្ខខណ្ឌក្នុងការប្រឡង បេក្ខជនត្រូវមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ ប្រកបដោយសុខភាពល្អ ហើយប្រឡងជាប់សញ្ញាប័ត្រទុតិយភូមិដំណាក់កាល ដើម្បីបានអាហារូបករណ៍។ ការប្រឡងត្រូវបានប្រឡងទៅលើ IQ គណិតវិទ្យា និងភាសាអង់គ្លេស ហើយបេក្ខជនក៏ត្រូវឆ្លងកាត់ការសម្ភាសន៍ផងដែរ។
ទាក់ទងសាកសួរព៌តមានបន្ថែម សិស្ស និស្សិតអាចធ្វើការទំនាក់ទំនងតាមរយៈអ៊ីម៉ែល register@kit.edu.kh ឬលេខទូរស័ព្ទ ០៧៨ ៧៧៧ ៣៨៤ / ០៧៨ ៧៧៧ ៣៤៤៕