ដោយ វុត្ថា
ភ្នំពេញ៖ សម្បទានដីសេដ្ឋកិច្ច សំដៅដល់យន្តការសម្រាប់ផ្តល់ដីឯកជនរបស់រដ្ឋ តាមរយៈកិច្ចសន្យាសម្បទានមួយជាក់លាក់ ទៅឲ្យសម្បទានិក ដើម្បីប្រើប្រាស់សម្រាប់ធ្វើអាជីវកម្មកសិកម្ម និងកសិ-ឧស្សាហកម្ម។ (មាត្រា២នៃអនុក្រឹត្យ)។
សម្បទានដីសេដ្ឋកិច្ចទាំងអស់ តម្រូវឲ្យមានកិច្ចសន្យារវាងម្ចាស់សម្បទាន និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដោយមានចែងច្បាស់អំពីគោលបំណងនៃសម្បទានមានរយៈពេល ទីកន្លែង និងគោលបំណងរបស់វា។
សម្បទានដីសេដ្ឋកិច្ចមិនអាចលើសពី១០,០០០ហិកតាបានឡើយ (មាត្រា៥៩នៃច្បាប់ភូមិបាល) ហើយមានរយៈពេលជាអតិបរិមា៩៩ឆ្នាំ (មាត្រា៦១នៃច្បាប់ភូមិបាល) ហើយម្ចាស់សម្បទាន ត្រូវចាប់ផ្តើមអនុវត្តក្នុងអំឡុងពេលមួយឆ្នាំបន្ទាប់ពី សម្បទាននោះត្រូវបានផ្តល់ហើយ (មាត្រា៦២នៃច្បាប់ភូមិបាល)។ ប្រសិនបើម្ចាស់សម្បទានមិនអនុវត្តតាមល័ក្ខខ័ណ្ឌច្បាប់ទេសម្បទាននោះអាចត្រូវបានលុបចោលវិញ។
សម្បទានដីសេដ្ឋកិច្ច អាចត្រូវបានផ្តល់ក្នុងគោលបំណងដូចខាងក្រោម៖
- អភិវឌ្ឍសកម្មភាពកសិកម្ម ប្រពលវប្បកម្ម និងកសិ-ឧស្សាហកម្ម ដែលតម្រូវឲ្យមានការវិនយោគ ដើមទុនដំបូងក្នុងអត្រាខ្ពស់ និងកម្រិតសមស្រប។
- សម្រេចបាននូវការព្រមព្រៀងមួយចំនួន ជាក់លាក់ពីអ្នកវិនយោគ សម្រាប់ការអភិវឌ្ឍដីក្នុងលក្ខណសមស្រប និងប្រកបដោយចិរភាព និងផ្អែកលើផែនការប្រើប្រាស់ដីនៃតំបន់នោះ។
- បង្កើតភាពមានការងារធ្វើនៅជនបទ ក្នុងក្របខណ្ឌនៃការធ្វើប្រពលវប្បកម្ម និងការធ្វើឲ្យមានកាលានុវត្តភាព នៃការរកស៊ីចិញ្ចឹមជីវិតមានលក្ខណៈសម្បូរណ៍បែប និងក្របខណ្ឌនៃការគ្រប់គ្រងធនធានធម្មជាតិតាមប្រព័ន្ធអេកូឡូស៊ីសមស្រប។
- លើកទឹកចិត្តរាល់ការវិនយោគក្នុងគម្រោងសម្បានដីសេដ្ឋកិច្ច
- បង្កើតចំណូលរដ្ឋ ឬចំណូលខេត្តរាជធានី ឃុំសង្កាត់ តាមរយៈការប្រមូលថ្លៃប្រើប្រាស់ដី ពន្ធ និងកម្រៃលើសេវាពាក់ព័ន្ធ។ (មាត្រា៣នៃអនុក្រឹត្យ)៕