ដោយ វុត្ថា
ភ្នំពេញៈ បច្ចុប្បន្នពលរដ្ឋកម្ពុជាជាច្រើន ពិសេសយុវជនដែលទើបរៀបការហើយថ្មីថ្មោងហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើការស្វែងរកលំនៅឋានផ្ទាល់ខ្លួន ដើម្បីរស់នៅសាងសុភមង្គលគ្រួសារ និងមានជីវិតដែលឯករាជ្យ។ ក្នុងនោះគេមើលឃើញថា មានអ្នកខ្លះមានចំណាប់អារម្មណ៍ ទៅលើការទិញផ្ទះនៅក្នុងបុរី រីឯអ្នកខ្លះទៀតបានសម្លឹងទៅលើការរស់នៅក្នុងលំនៅឋាននៅក្នុងអគារសហកម្មសិទ្ធិ។
ភាពខុសគ្នារវាងអគារសហកម្មសិទ្ធិ និង បុរី
A) អគារសហកម្មសិទ្ធិ
• គ្រប់គ្រងដោយអនុក្រឹត្យស្តីពីការគ្រប់គ្រង និងប្រើប្រាស់អគារសហកម្មសិទ្ធិ
• ជាអគារឬសំណង់ដែលមានកម្មសិទ្ធិករច្រើននាក់
• មានការបែងចែកជាចំណែករួមនិងចំណែកឯកជន
• ជនបរទេសអាចមានកម្មសិទ្ធិ លើចំណែកឯកជននៃអគារសហកម្មសិទ្ធិបាន។
• សង់អគាររួចរាល់១០០%ត្រឹមត្រូវតាមច្បាប់ ទើបអាចសុំចុះបញ្ជីចំណែកឯកជនបាន។
• កម្មសិទ្ធិករកាន់ប័ណ្ណសំគាល់ម្ចាស់ចំណែកឯកជន
• ចុះបញ្ជីនៅក្នុងសៀវភៅគោលបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិ
B) បុរី
• គ្រប់គ្រងដោយអនុក្រឹត្យស្តីពីការគ្រប់គ្រងបុរី
• ជាទីតាំងដែលត្រូវបានរៀបចំជាឡូត៍ ជាសំណង់លំនៅដ្ឋាន ឬសំណង់ផ្សេងៗ
• មានចែកដីជាឡូត៍ ដីឡូត៍លំនៅដ្ឋាន ឬសំណង់ផ្សេងៗ ដែលមានកម្មសិទ្ធិករដោយឡែកៗ
• ជនបរទេសមិនអាចមានកម្មសិទ្ធិលើដីឡូត៍នៅក្នុងបុរីទេ
• មិនកំណត់ឲ្យមានសំណង់ទេ ឲ្យតែមានប្លង់ក្បាលដី នោះអាចសុំចុះបញ្ជីបាន។
• កម្មសិទ្ធិករកាន់ប័ណ្ណសំគាល់ម្ចាស់អចលនវត្ថុ ឬ ប័ណ្ណសំគាល់សិទ្ធិកាន់កាប់
• ចុះបញ្ជីនៅក្នុងសៀវភៅគោលបញ្ជីដីធ្លី៕