ចំណេះដឹង​! តើ​ការចុះបញ្ជី​ក្រុមហ៊ុន​មាន​តួនាទី​ដូចម្តេច​ក្នុង​សេដ្ឋកិច្ច​ទីផ្សារ​?

0

ដោយ ​វុត្ថា

ភ្នំ​ពេញៈ​ ការចុះបញ្ជី​ពាណិជ្ជកម្ម​ និង​លទ្ធផល​នៃ​បញ្ចី​ចុះឈ្មោះ​ពាណិជ្ជកម្ម​ ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​សេដ្ឋកិច្ច​ទីផ្សារ​ ដោយ​បាន​ផ្ដល់ឲ្យ​អាជីវកម្ម​មាន​សុពលភាព​ស្របច្បាប់​អាច​ជឿ​ទុកចិត្ត​បាន​ និង​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗពី​អាជីវកម្ម​ និង​មុខងារ​ក្នុង​ការ​ធ្វើអាជីវកម្ម​ប្រកបដោយ​ប្រសិទ្ធភាព​។

នៅ​ប្រទេស​កម្ពុជា​ ប្រព័ន្ធ​ចុះបញ្ជី​ពាណិជ្ជកម្ម​កំពុង​មានការ​រីកចម្រើន​ ក្នុង​ការ​កែ​លំ​អរ​ និង​ធ្វើឲ្យ​មាន​លក្ខណៈ​ប្រសើរ​ឡើង​។ ភាព​ស្មុគស្មាញ​មួយចំនួន​នៃ​ការចុះបញ្ជី​ក្រុមហ៊ុន​ ត្រូវ​បាន​លុបបំបាត់​ ឬត្រូវ​បាន​ធ្វើឲ្យ​មាន​ភាព​ងាយស្រួល​ សម្រាប់​ការចុះបញ្ជី​ក្រុមហ៊ុន​។

ការចុះបញ្ជី​ពាណិជ្ជកម្ម​ ជា​ជំ​ហ៊ាន​មួយ​ដែល​បាន​ធ្វើឡើង​ ដោយ​ម្ចាស់​ក្រុមហ៊ុន​ដើម្បី​បង្កើត​អាជីវកម្ម​មួយ​ឲ្យ​មាន​លក្ខណៈ​ជា​នីតិបុគ្គល​ ដោយ​អនុវត្ត​តាម​នីតិវិធី​ជា​លក្ខ​ណៈ​ស្ដ​ង់​ដារ​ ដែល​អាជីវកម្ម​ទាំងអស់​ត្រូវតែ​បំពេញ​។ ការចុះបញ្ជី​ពាណិជ្ជកម្ម​ គ្របដណ្ដប់​ទាំង​ការបង្កើត​អាជីវកម្ម​ថ្មី​ និង​ការ​កែប្រែ​ក្រុមហ៊ុន​ដែល​មានស្រាប់​ជា​លក្ខណៈ​ផ្លូវការ​ ដូចជា​ការផ្លាស់ប្ដូរ​ទីតាំង​អាជីវកម្ម​ ការផ្លាស់ប្ដូរ​រចនាសម្ព័ន្ធ​ម្ចាស់​ក្រុមហ៊ុន​ និង​ការ​រំលាយ​ក្រុមហ៊ុន​។

សកម្មភាព​នៃ​ការចុះបញ្ជី​អាជីវកម្ម​ ទៅ​ក្នុង​បញ្ជី​ឈ្មោះ​ពាណិជ្ជកម្ម​ មានន័យថា​ព័ត៌មាន​ដែល​មាន​សុពលភាព​ស្របតាម​ផ្លូវច្បាប់​ អាច​ប្រើប្រាស់​បាន​ជា​ប្រយោជន៍​ទៅលើ​សកម្មភាព​ពាណិជ្ជកម្ម​ ហើយក៏​អាច​ស្វែងរក​បាន​ផង​ដែរ​ តាមរយៈ​បញ្ជី​ឈ្មោះ​ពាណិជ្ជកម្ម​។ការចុះបញ្ជី​ពាណិជ្ជកម្ម​ ត្រូវ​បាន​ចាត់ទុកថា​ជា​ឧបករណ៍​សម្រាប់​វាស់​ស្ទង់​អំ​ពី​ស្ដ​ង់​ដារ​និង​ការអនុវត្ត​អភិបាលកិច្ច​ល្អ​ រួម​ទាំង​សិទ្ធិ​ កាតព្វកិច្ច​ និង​កាលានុវត្ត​ភាព​សម្រាប់​ធ្វើអាជីវកម្ម​។

ទាំង​វិស័យ​ឯកជន​ និង​វិស័យ​សាធារណៈ​ ដោយ​រួម​បញ្ជូល​ទាំង​សាធារណៈ​ជន​ទូទៅ​ ទទួល​បានផល​ប្រយោជន៍​យ៉ាងច្រើន​ ក្នុង​ទីផ្សារ​ពី​ការចុះបញ្ជី​ពាណិជ្ជកម្ម​ រួមមាន​ ទាក់ទង​ដល់​ការ​បើក​ច្រក​ទីផ្សារ​ និង​ការ​អភិវឌ្ឍ​សហគ្រាស​ ទាក់ទង​ដល់​សហគមន៍​អាជីវកម្ម​ និង​ទាក់ទង​ដល់​សាធារណៈ​ជន​ទូទៅ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here