ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋផ្តោតការយកចិត្តទុកដាក់ ក្នុងការទាក់ទាញការវិនិយោគលើដីឯកជនរបស់រដ្ឋ ដែលបានធ្វើអត្តសញ្ញាណកម្មរួចហើយ សំរាប់គោលដៅសម្បទាន ដែលមានផលិតភាព បង្កើតមានការងរធ្វើ និងបំពេញមុខងារជាដៃគូរបស់រដ្ឋ ឱ្យមកវិនិយោគលើដីរដ្ឋ។
យោងតាមមឯកសាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ស្តីពីគោលនយោបាយសម្បទានដីសេដ្ឋកិច្ចបានឱ្យដឹងថា រដ្ឋស្វះស្វែងរកការវិនិនិយោគណាដែលមានលទ្ធភាពផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសក្នុងការវិនិយោគ និងអ្នកដែលយកចិត្តទុកដាក់ជួយដល់រដ្ឋ ក្នុងការសម្រេចគោលដៅការពារបរិស្ថាន សង្គមកិច្ច និងសេដ្ឋកិច្ច ។ រដ្ឋនឹងយកចិត្តទុកដាក់ សំរិតសំរាំងយកអ្នកដាក់ពាក្យសុំត្រឹមត្រូវ ដើម្បីធានាថាអ្នកនោះនឹងបំពេញភារកិច្ចរបស់ខ្លួនតាមកិច្ចសន្យា។
រដ្ឋអាចផ្តល់សម្បទានដីសេដ្ឋកិច្ចនៅគ្រប់ពេល ដោយហៅរកសំណើដែលជាកម្មវត្ថុសំរាប់ការដេញថ្លៃ ទៅតាមលក្ខខណ្ឌដូចបានចែងក្នងអនុក្រឹត្យស្តីពី សម្បទានស្របតាមច្បាប់ និងនីតិវិធីស្តីពីសម្បទាន។
នីតិវិធីសំរាប់ការផ្តួចផ្តើមគំនិតសម្បទានដីសេដ្ឋកិច្ច គប្បីបញ្ចូលឱ្យមាននីតិវិធីនៃការដាក់ពាក្យសុំ នីតិវិធីនៃការវាយតម្លៃ និងការពិនិត្យឡើងវិញ ហើយនីតិវិធីទាំងនេះ ត្រូវដាក់ឱ្យស្ថិតក្រោមសកម្មភាពដូចជា គ្រប់សំណើសម្បទានដីសេដ្ឋកិច្ច ត្រូវបានផ្តួចផ្តើមឡើង ដោយផ្អែកលើមូលដ្ឋាននៃទំរង់បែបបទស្តង់ដារ នៃការដាក់ពាក្យស្នើសុំដោយលំអិតពីឈ្មោះ។
អាស័យដ្ឋានរបស់អ្នកស្នើសុំ ភាពស្របច្បាប់នៃក្រុមហ៊ុន ការផ្តល់ទិន្ន័យផ្នែកសាជីវកម្ម និងហិរញ្ញវត្ថុ ការពិព័ណ៌នាអំពីគម្រោងដែលបានស្នើឡើង និងទិសដៅនៃការប្រើប្រាស់ទីតាំង បច្ចេកទេសនៃការដាំដុះ ការកែច្នៃ ការវាយតម្លៃបឋមពីផលប៉ះពាល់បរិស្ថាន និងសង្គម។
គម្រោងអាចស្នើឡើងនូវទីតាំងជាក់លាក់ណាមួយ ឬលើសំណើរសុំទីតំាងសំរាប់គម្រោងដែលបានស្នើឡើង ដោយមានភា្ជប់គំនូសផែនទីទីតាំងដែលបានស្នើ។
ពាក្យស្នើសុំអាចដាក់នៅច្រកចេញចូលតែមួយ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬនៅគណៈកម្មាធិការប្រើប្រាស់ និងបែងចែកដីថ្នាក់ខេត្តក្រុង ប្រសិនតម្លៃវិនិយោគសរុបរបស់គម្រោមានទឹកប្រាក់ជាង២លានដុល្លារអាមេរិក។ ក្រោយពីលេខាធិការដ្ឋានបច្ចេកទេសនឹងធ្វើការកំណត់ ប្រសិនបើការស្នើសុំនេះ ឆ្លើយតបទៅនឹងដែនយុទ្ធសាស្ត្រ ដែលបានកំណត់ដោយលេខាធិការដ្ឋានបច្ចេកទេស និងប្រសិនបើមានទីតាំងណាអាចទទួលយកពាក្យស្នើសុំនេះបាន ដោយផ្អែកលើផែនការប្រើប្រាស់ និងបែងចែកដីដែលបានបង្កើតឡើងដោយខេត្តក្រុងនីមួយៗ ។
ប្រសិនបើពាក្យសុំនេះ ត្រូវបានបញ្ជាក់ថាសមស្រប លេខាធិការដ្ឋានបច្ចេកទេសនឹងតម្រូវឱ្យអ្នកដាក់ពាក្យសុំលើកសំណើរជាផ្លូវការ៕