ដោយៈវុត្ថា
ភ្នំពេញៈ វិធានបញ្ជាក់ជាមុន (Advance Ruling) ត្រូវបានបង្កើតនិងដាក់អោយអនុវត្តនៅកម្ពុជានាថ្ងៃទី៤ ខែមករា ឆ្នាំ២០១៣ ក្នុងគោលបំណងដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងដើម្បីធានាថា ប្រតិវេទន៍គយ ត្រូវបានប្រកាសត្រឹមត្រូវស្របតាមបញ្ញត្តិនៃច្បាប់ស្តីពីគយជាធរមាន។
និយមន័យ
វិធានបញ្ជាក់ជាមុន គឺជាសេចក្តីសម្រេចជាលាយលក្ខណ៍អក្សរ ដែលចេញដោយ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ(អគរ)ស្តីពី (ក) ចំណាត់ ថ្នាក់ទំនិញតាមតារាងពន្ធគយ (ខ)ការបកស្រាយនិងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការកំណត់តម្លៃគិតពន្ធគយនៃទំនិញ ឬ (គ) ដើមកំណើតទំនិញ ដែលនឹងត្រូវនាំចូល ឲ្យទៅបុគ្គលណាមួយនៅពេល មានការស្នើសុំ។
វិធានបញ្ជាក់ជាមុន នឹងមានលក្ខណៈគតិយុត្តិចំពោះអាជ្ញាធរគយ ចាប់ពីថ្ងៃវិធាននេះចូលជាធរមាន។
បុគ្គលដែលមានសិទ្ធិស្នើសុំវិធានបញ្ជាក់ជាមុន (អ្នកស្នើសុំ)
• អ្នកនាំចូល
• អ្នកផលិតទំនិញ
• ឬ បុគ្គលដែលបានទទួលសិទ្ធិក្នុងការនាំចូលទំនិញដែលជាកម្មវត្ថុនៃការស្នើសុំ។
ការិយាល័យទទួលបន្ទុកវិធានបញ្ជាក់ជាមុន
ការិយាល័យចំនួនពីរទទួលបន្ទុកវិធានបញ្ជាក់ជាមុន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានផែនការ បច្ចេកទេស និងកិច្ចការអន្តរជាតិ (ផបក) នៃអគរ៖
• ការិយាល័យផែនការ និងគោលនយោបាយសម្រាប់ការចាត់ថ្នាក់ទំនិញ តាមតារាងពន្ធគយ និងដើមកំណើតទំនិញ។
• ការិយាល័យបច្ចេកទេសគយ សម្រាប់ការកំណត់តម្លៃគិតពន្ធគយ៕