ដោយ វុត្ថា
ខេត្តព្រះសីហនុ៖ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ ទទួលបាននូវការចាប់អារម្មណ៍ និងការបណ្តាក់ទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីអ្នកវិនិយោគបរទេស ជាពិសេសអ្នកវិនិយោគជនជាតិចិនស្ថិតក្នុងលំដាប់លេខ១ ជាហេតុធ្វើឱ្យខេត្តព្រះសីហនុ មានសន្ទុះអភិវឌ្ឍរីកចំរើនយ៉ាងឆាប់រហ័សលើវិស័យសំខាន់ៗដូចជា ឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន សំណង់ ទេសចរណ៍ និងកាស៊ីណូ។
ក្នុងចំណោមនេះវិស័យសំណង់មានការអភិវឌ្ឍរីកចម្រើនយ៉ាងគំហុកគួរឱ្យកត់សំគាល់ គិតចាប់ពីឆ្នាំ២០១៧ដល់ខែធ្នូឆ្នាំ២០១៩ មានចំនួន១,១៣៧គម្រោង មានផ្ទៃក្រឡាសរុប ១០,៧៧១,៧២០.៩២ម៉ែត្រក្រឡាស្មើនិងទុនវិនិយោគសរុប ៥,៨៧១,៩៧៦,៩៨៥.៥០ ដុល្លារ ។
លោក គួចចរើន អភិបាលខេត្តព្រះសីហនុ នៅក្នុងពិធីជួបជុំអ្នកវិនិយោគិនចិន ដើម្បីអភិវឌ្ឍន៍កោះរ៉ុង កាលពីចុងសប្តាហ៍កន្លងមកនេះ ឱ្យដឹងថា អ្នកវិនិយោគជាតិ-អន្តរជាតិ ដែលមកធ្វើការបណ្តាក់ទុនវិនិយោគ ឬបានកំពុងសិក្សាអំពីផែន ការវិនិយោគនានានៅខេត្តព្រះសីហនុ ដែលជាខេត្តប្រកបដោយ សក្តានុពល គឺជាការសំរេចចិត្តដ៏ត្រឹមត្រូវ។
លោកបន្តថា ខេត្តព្រះសីហុត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាប៉ូលអភិវឌ្ឍ ជាតិប្រកបដោយ ចីរភាព នៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈ ការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងជា តំបន់ សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងជាមជ្ឈមណ្ឌល ឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើប ដែលមានសុខដុមនីយកម្មជាមួយនឹងបរិស្ថាន រស់នៅល្អប្រសើរ ដោយផ្អែកលើសក្តានុពលសេដ្ឋកិច្ច ទីតាំងភូមិ សាស្រ្តនៃតំបន់ឆ្នេរសមុទ្រកម្ពុជា និងក្របខណ្ឌជាតិ តំបន់ និងអន្តរជាតិ ព្រមទាំងយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៤ គោលនយោបាយជាតិស្តីពីការរៀបចំដែនដីនៃព្រះរាជាណាចក្រកម្ពុជា គោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា និង គោលនយោបាយតាមវិស័យសំខាន់ៗជាច្រើនទៀតរបស់រាជរដ្ឋាភិបាល ។
លោកបន្ថែមថា ផ្អែកលើកត្តាវិជ្ជមានខាងលើ ខេត្តព្រះសីហនុត្រូវបានប្រសិទ្ធនាមថាជា តារារៈនាទិសនិរតី ជាមួយនឹងសន្ទុះនៃការអភិវឌ្ឍដ៏ខ្លាំងក្លា និងប្រកបដោយចីរភាព ជាពិសេសការវិនិយោគលើវិស័យអចលនទ្រព្យ រួមមានមជ្ឈមណ្ឌលពាណិជ្ជកម្ម អគារស្នាក់នៅរួម សណ្ឋាគារ មណ្ឌលកំសាន្ត ។ ល។
ការសាងសង់ផ្លូវល្បឿនលឿន ផ្លូវដែក ការកែលម្អ និងពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុដែលជាកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់របស់ប្រទេសកម្ពុជាដែលបច្ចុប្បន្នបានកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការស្តុក ផ្ទេរ និងដឹកជញ្ជូនទំនិញជាកុងតេន័រចេញចូលទូទាំងប្រទេសប្រមាណ ៧៣%និង ការពង្រីក អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុឱ្យក្លាយទៅជាច្រកចេញចូលអន្តរជាតិដ៏ទំនើប និងមានប្រសិទ្ធភាពសម្រាប់ ផ្សារភ្ជាប់សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ ក្នុងបរិបថនៃយុគ្គសម័យសកលភាវូបនីយកម្ម សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និងទំនាក់ទំនងជាមួយនឹងពិភពលោក ៕