ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ គ្រប់អ្នកដែលចូលប្រឡូកនៅក្នុងសង្គមនៃមុខជំនួញគឺសុទ្ធតែមានក្ដីប្រាថ្នាដូចគ្នា នោះគឺការទទួលបានភាពជោគជ័យនៃមុខជំនួញរបស់ខ្លួន ប៉ុន្តែក្ដីប្រាថ្នាមួយនេះមិនអាចសម្រេចបានដូចគ្នានោះទេ ជាពិសេសចំពោះអ្នកដែលមានវ័យក្មេង និងមិនទាន់មានបទពិសោធន៍។ ជាការចែករំលែក អ្នកជំនាញដែលមានភាពជោគជ័យនៅក្នុងមុខជំនួញចំនួន២រូប បានបង្ហើបប្រាប់ពីគន្លឹះសំខាន់ៗដែលជាធាតុផ្សំក្នុងការជំរុញឱ្យមុខជំនួញចៀសផុតពីហានិភ័យ។
លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យដែលកំពុងមានកេរ្តិ៍ឈ្មោះបោះសំឡេង Khmer Foundation Appraisal បានលើកឡើងថា “ភាពជោគជ័យនៅក្នុងការធ្វើអាជីវកម្ម និងមុខជំនួញណាមួយ មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែវាត្រូវទាមទារឱ្យមានការរៀបចំផែនការ យុទ្ធសាស្ត្រសម្រាប់អនុវត្ត ភាពអត់ធ្មត់ រួមជាមួយភាពវៃឆ្លាតក្នុងការចេះទំនាក់ទំនងទូទៅនៅក្នុងសង្គមជំនួញ”។
លោកឧកញ៉ាបានបន្តថា “ក្រៅពីភាពអំណត់ ការចេះធ្វើផែនការអាជីវកម្ម ការធ្វើយុទ្ធសាស្ត្រទីផ្សារ និងកិច្ចទំនាក់ទំនង គឺសុទ្ធតែជាធាតុផ្សំសំខាន់មិនអាចខ្វះបាន ហើយរឹតតែចាំបាច់បន្ថែមពីនេះ គឺការចេះស្វែងយល់ និងសិក្សាបន្ថែមពីមនុស្សនៅជុំវិញខ្លួន ដែលជាអ្នកស្ថិតនៅក្នុងសង្គមជំនួញ រាប់ទាំងអ្នកជោគជ័យ និងអ្នកបរាជ័យ ដើម្បីបានដឹងពីចំណុចខ្លាំង និងចំណុចខ្សោយ យកមកពិចារណា ដើម្បីរៀបចំផែនការថ្មីផ្ទាល់ខ្លួនសម្រាប់អនុវត្ត”។
ស្រដៀងគ្នានេះ អ្នកជំនាញវិភាគសេដ្ឋកិច្ចឯករាជ្យកម្ពុជា និងជាអ្នកជំនួញនៅក្នុងវិស័យអចលនទ្រព្យ លោក ង៉ែត ជូ បានចែករំលែកចំណេះដឹងពាក់ព័ន្ធទៅនឹងការធ្វើជំនួញថា ការធ្វើធ្វើជំនួញ ឬការវិនិយោគនានាចាំបាច់ត្រូវតែពិចារណាទៅលើ៤ចំណុចសំខាន់រួមមាន ៖
ទី១ មានភាពអត់ធ្មត់៖ “ភាពអត់ធ្មត់” គឺជាមេរៀនដែលអ្នកវិនិយោគវ័យក្មេង ឬខ្វះបទពិសោធន៍ត្រូវរៀនសូត្រ។ ពួកគេរមែងចង់បានលទ្ធផលភ្លាមៗ។ ដើម្បីទទួលបានភាពជោគជ័យត្រូវការពេលវេលាយ៉ាងតិចក៏១០-១៥ឆ្នាំដែរ។
ទី២ កុំឆាប់ផ្តល់រង្វាន់ខ្លួនឯង៖ គួរយកផលចំណេញដែលទទួលបានទៅវិនិយោគបន្ត។ មនុស្សជាច្រើនតែងដកផលចំណេញទៅចាយវាយដើម្បីជាការអោយរង្វាន់ខ្លួនឯង។
ទី៣ បន្ថែមគ្រាប់ពូជជានិច្ច៖ ត្រូវចេះសន្សំប្រាក់ខែ និងប្រភពចំណូលផ្សេងៗដើម្បីបង្កើនទុនវិនិយោគបន្ថែម។ យ៉ាងហោចណាស់ក៏គួរតែសន្សំអោយបាន ៥០ភាគរយនៃប្រាក់ខែដែលរកបានដោយលំបាកដែរ។
ទី៤ ដុសខាត់បញ្ញាជាប់ជាប្រចាំ៖ មិនត្រូវមោទនភាពនឹងភាពជោគជ័យឬចំណេះដឹងដែលខ្លួនមាននោះទេ។ ត្រូវខិតខំរៀនសូត្រ និងស្រាវជ្រាវចំណេះដឹងថ្មីៗជាប់ជាប្រចាំ៕