ដោយវុត្ថា
ភ្នំពេញៈ គោលនយោបាយគាំពារនិយម ជាគោលនយោបាយសេដ្ឋកិច្ចនៃការរឹតត្បិតការនាំចូលពីប្រទេសដទៃទៀត តាមរយៈវិធីសាស្ត្រដូចជាតម្លើងពន្ធគយ លើទំនិញនាំចូល កូតានាំចូល និងបទបញ្ញត្តិផ្សេងៗទៀតរបស់រដ្ឋាភិបាល។
គោលនយោបាយគាំពារនិយមនេះ ត្រូវបានអនុវត្តដោយប្រទេសជាច្រើន ទោះបីអ្នកសេដ្ឋកិច្ចស្ទើរតែទាំងអស់យល់ថា សេដ្ឋកិច្ចពិភពលោកជាទូទៅទទួលបានអត្ថប្រយោជន៍ពីពាណិជ្ជកម្មសេរី។
ម្យ៉ាងទៀត គោលនយោបាយគាំពារនិយមនេះ គឺសកម្មភាព ឬគោលនយោបាយរបស់រដ្ឋាភិបាលចំពោះពាណិជ្ជកម្មអន្តរជាតិ ក្នុងគោលបំណងជួយជ្រោមជ្រែងផលិតផល ឬសេវាក្នុងស្រុកជាអាទិ៍ ការកម្រិតឬការរឹតត្បឹតការនាំចូល ការដាក់ពន្ធទៅលើផលិតផលនាំចូល ការកំណត់កូតា វិធានការរដ្ឋបាល ការឧបត្ថម្ភធន៘ ពួកគេតម្លើងថ្លៃនាំចូលដែលធ្វើឱ្យតម្លៃថ្លៃជាងផលិតផលក្នុងស្រុក។
សម្រាប់ប្រទេសកំពុងអភិវឌ្ឍនៅតែជួបប្រទះ នឹងបញ្ហាប្រឈមក្នុងការនាំចេញកសិផលទៅប្រទេសអភិវឌ្ឍ ដែលអនុវត្តគោលនយោបាយគាំពារនិយម តាមរយៈការកំណត់អត្រាពន្ធខ្ពស់លើការនាំចូលកសិផល។ បច្ចុប្បន្នការអនុវត្តនយោបាយគាំពារនិយម របស់សហរដ្ឋអាមេរិក បានបង្កឲ្យមានជម្លោះពាណិជ្ជកម្មយ៉ាងខ្លាំងក្លា ជាមួយនឹងបណ្តាប្រទេសផ្សេងៗទៀត ជាពិសេសជាមួយនឹងចិន។
សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលមានការលូតលាស់សេដ្ឋកិច្ចដ៏ខ្លាំងក្លាដែរនោះ បានស្ថិតនៅចំកណ្តាល នៃការប្រកួតប្រជែងរបស់មហាអំណាចធំៗ ដែលស្តែងឡើងតាមការប្រជែងគ្នា រវាងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់ចិន និងយុទ្ធសាស្រ្ត «ឥណ្ឌូ ប៉ាស៊ីហ្វិក» របស់អាមេរិក ជប៉ុន ឥណ្ឌា និងអូស្រ្តាលី។
អាស៊ាន និងតំបន់ទន្លេមគង្គ ក៏ទទួលរងឥទ្ធិពល និងសម្ពាធពីការប្រកួតប្រជែងនេះដែរ ដែលនាំឲ្យប្រទេសសមាជិកអាស៊ានទាំងអស់ ផ្តោតសារៈសំខាន់ក្នុងការរក្សាមជ្ឈភាពរបស់សហគមន៍ខ្លួន៕