ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ នៅក្នុងពិភពនៃការធ្វើជំនួញគឺត្រូវប្រឈមជាមួយនឹងបញ្ហា និងឧបសគ្គរាប់រយ រាប់ពាន់ជំពូក ដែលតម្រូវឱ្យមានភាពជាម្ចាស់ការ រួមជាមួយភាពវៃឆ្លាត ក្នុងកាស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។ ប៉ុន្តែអ្វីដែលរឹតតែសំខាន់បំផុតនៅក្នុងភាពជាអ្នកជំនួញជោគជ័យ គឺការចេះគ្រប់គ្រងអារម្មណ៍នៅក្នុងស្ថានការណ៍ដែលលំបាក។
ជាការចែករំលែកនូវចំណេះដឹងទៅលើការចេះគ្រប់គ្រងអារម្មណ៍ដូចទៅនឹងប្រធានបទដែលបានលើកឡើងខាងលើនេះ លោក ង៉ែត ជូ អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងជាអ្នកជំនួញមួយរូបផងដែរនោះ បានលើកយកវិធីសាស្ត្រដ៏អស្ចារ្យរបស់កំពូលអ្នកជំនួញជនជាតិអាមេរិកមកបង្ហាញ។
លោកង៉ែត ជូ បានលើកឡើងថា អ្នកណាក៏ដឹងដែរថា លោក Warren Buffett ជាអ្នកវិនិយោគជនជាតិអាមេរិកកាំងដែលមានភាពជោគជ័យខ្លាំងបំផុត។ គាត់បានរៀនអំពីរបៀបនៃការគ្រប់គ្រងអារម្មណ៍ដែលរួមចំណែកធ្វើឱ្យគាត់អាចសំរេចកិច្ចការធំៗបាន។ លោកទទួលបានការទូន្មានពីលោក Murphyថា ៖ “នៅថ្ងៃស្អែកអ្នកតែងតែអាចដាក់បណ្តាសសារអ្នកណាម្នាក់ឱ្យចុះនរកបាន”។
ដូច្នេះអ្នកមិនត្រូវបញ្ចេញកំហឹងភ្លាមៗទៅតាមអារម្មណ៍ខឹងនោះទេ។ លោកលើកឡើងថា ក្នុងស្ថានភាពមានកំហឹង មនុស្សឆ្លាតវៃនឹងទប់អណ្តាតរបស់ខ្លួន។ នេះសមតាមការទូន្មានរបស់ចាស់បូរាណខ្មែរដែលទូន្មានថា ៖ “មុននឹងស្រដីចូរគ្រលាស់អណ្តាតឱ្យបាន១០០ជុំសិន”។
លោក Pauline Yan អ្នកសរសេរblog អំពីហិរញ្ញវត្ថុបុគ្គល (Personal Finance) បានលើកឡើងថាលោក Warren Buffett ជាអ្នកវិនិយោគជោគជ័យ ព្រោះលោកយល់ពីអារម្មណ៍ខ្លួនឯង និងអារម្មណ៍មហាជន។ ហើយមហាជនប្រើអារម្មណ៍ក្នុងការសំរេចចិត្ត អញ្ចឹងហើយទើបលោកតែងមានវិន័យគ្រប់គ្រងអារម្មណ៍នៅពេលលោកធ្វើសេចក្តីសំរេចចិត្តវិនិយោគម្តងៗ។ ជាឧទាហរណ៍ យើងទទួលបានការទូន្មានមួយចំនួនពីលោក Warren Buffett ថា៖ ទី១- ចូរមានចិត្តលោកភលន់នៅពេលដែលអ្នកដទៃមានការភ័យខ្លាច ហើយចូរមានការភ័យខ្លាចនៅពេលដែលអ្នកដទៃមានចិត្តលោភលន់ ( Be greedy when the others are fearful, and be fearful when the others are greedy) ទី២- ជាចិត្តសាស្រ្តមនុស្សជាច្រើនរមែងចង់បានផលចំណេញរយៈពេលខ្លី។ អញ្ចឹងហើយទើបលោកទូន្មានថា បើអ្នកមិនមានចេតនាវិនិយោគរយៈពេល១០ឆ្នាំនោះទេ អ្នកក៏មិនគួរវិនិយោគសូម្បីតែរយៈពេល១០នាទីនោះដែរ៕