ដោយវុត្ថា
ភ្នំពេញៈ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩- ២០២៣ ជាឯកសារដ៏មានសារៈសំខាន់ ដែលត្រូវបានរៀបចំឡើង ក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រសួង ស្ថាប័នពាក់ព័ន្ឋរបស់រដ្ឋាភិបាលកម្ពុជា និងដោយមានការចូលរួមសហការ និងផ្ដល់អនុសាសន៍ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ តាមរយៈនៃអង្គសិក្ខាសាលា ក៏ដូចជាអង្គប្រជុំនានាច្រើនលើកច្រើនសារនាពេលកន្លងមក។
ផែនការយុទ្ធសាស្ត្រនេះ បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអនុវត្តគោលនយោបាយអាទិភាពនានារបស់រាជរដ្ឋាភិបាល ដែលបានកំណត់នៅក្នុងគោលដៅអាទិភាពនានា ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០១៦- ២០៣០ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ ក្លាយជាប្រទេសអភិវឌ្ឍន៍។
ដើម្បីធានានូវប្រសិទ្ធភាពនៃការអនុវត្ត ដូចមានចែងនៅក្នុងយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៤ ដែលបានកំណត់ថា យុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៤ នឹងត្រូវអនុវត្តន៍ តាមរយៈនៃផែនការអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ដូច្នេះវិធីសាស្រ្តនៃការកំណត់ខ្លឹមសាររបស់ផែនការ គឺត្រូវបានកែលម្អដោយផ្តោតទៅលើ៣ចំណុចដូចជា ទី១. ការផ្សារភា្ជប់នូវសកម្មភាពអាទិភាព ដែលត្រូវបានអនុវត្តដោយក្រសួង-ស្ថាប័ននីមួយៗ ជាមួយនឹងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ។
ទី២ កំណត់តម្លៃដែលត្រួវចំណាយលើការអនុវត្តសកម្មភាពទាំងនោះ គឺដោយផ្អែកលើក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច សម្រាប់រយៈពេល៥ឆ្នាំ (២០១៩-២០២៣) និងទី៣ ការប៉ាន់ស្មាននូវបរិមាណធនធានសារុបពីគ្រប់ប្រភពទាំងអស់ ដែលអាចមានឬដែលចាំបាច់ត្រូវតែធ្វើការកៀរគរ ដើម្បីសម្រេចឲ្យបាននូវរាល់ចំណុច គោលដៅទាំងឡាយរបស់ផែនការ ហើយសង្ឃឹមថា តាមរយៈនៃការប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តនេះ នឹងផ្តល់បាននូវចំណេះដឹង និងបទពិសោធន៍សម្រាប់មន្រ្តីពាក់ព័ន្ធទាំងអស់ មានសមត្ថភាពប្រើប្រាស់ សម្រាប់ការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ នៅតាមអង្គភាព-ស្ថាប័ន របស់ខ្លួនផ្ទាល់៕