រដ្ឋាភិបាលផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនឯកជនមួយដើម្បីរុករកប្រេងនៅប្លុកD ក្នុងដែនទឹកកម្ពុជា

0

ដោយ ប៊ី

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានប្រេងកាតបានឱ្យដឹងថា ក្រុមហ៊ុន Cambodian Resources Energy Development Co Ltd (ក្រុមហ៊ុនអភិវឌ្ឍន៍ធនធានថាមពលកម្ពុជា) ដែលគ្រប់គ្រងដោយវិនិយោគិនចិន ត្រូវបានផ្តល់អាជ្ញាប័ណ្ណការរុករកប្រេងរយៈពេល៣ឆ្នាំ នៅឈូងសមុទ្រថៃប្លុកDនៅឯនាយសមុទ្ររបស់ប្រទេសកម្ពុជា។

លោកជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែនិងថាមពល ត្រូវបានរាយការណ៍ ដោយកាសែតអន្តរជាតិមួយថា ក្រសួងរ៉ែ និងថាមពល និងក្រុមហ៊ុន Cambodian Resources Energy Development បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាលពីខែ ធ្នូ ដែលផ្តល់សិទ្ធិឱ្យក្រុមហ៊ុនក្នុងការរុករកប្រេងតំបន់នោះ។

ក្រុមហ៊ុនគ្រោងនឹងចាប់ផ្តើមរុករកប្រេងនៅប្លុកDនៅឆ្នាំនេះ។ លោកជៀប សួរ បានថ្លែងថា “ឥឡូវនេះ ក្រុមហ៊ុនកំពុងសិក្សារាល់ឯកសារទាំងអស់។ បន្ទាប់មកទៀត ពួកគេនឹងចាប់ផ្តើមរុករកប្រេង”។លោកបានបន្តថា “ប្រសិនបើពួកគេឃើញថា ប្លុកនេះមានសក្តានុពល ពួកគេនឹងចាប់ផ្តើមរៀបចំដើម្បីទាញយកប្រេង។ ប៉ុន្តែយើងកំពុងស្ថិតក្នុងដំណា​ក់កាលដំបូង ដូច្នេះវាត្រូវការពេលវេលាយូរ មុនពេលដែលប្រេងអាចត្រូវបានទាញយក”។

លោកបានកត់សម្គាល់ថា ក្រសួងកំពុងផ្តល់អាទិភាព ក្នុងការទាក់ទាញវិនិយោគិនបន្ថែមទៀត មកវិស័យរ៉ែ និងថាមពលនៅកម្ពុជា។

ប្លុកD គឺជាតំបន់ដែលមានទំហំ៥,៥០០ គីឡូម៉ែត្រក្រឡានៅឈូងសមុទ្រថៃ ដែលពីមុនត្រូវបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុនក្នុងស្រុក CPHL (Cambodia)។

រដ្ឋាភិបាលបានដកហូតអាជ្ញាប័ណ្ណ រុករកប្រេងនៅក្នុងខែ ឧសភា ឆ្នាំ ២០១៦ បន្ទាប់ពីក្រុមហ៊ុនមិនបានបំពេញតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង។

លោកជៀប សួរ បានឱ្យដឹងថា ប្រទេសកម្ពុជាបានបែងចែកតំបន់ សម្រាប់ការរុករកប្រេងកាតទៅជាឆ្នេរសមុទ្រចំនួន៦ និងប្លុកដីគោកចំនួន១៩។

លោកបាននិយាយថា ក្រសួងកំពុងចរចាលើកិច្ចព្រមព្រៀងមួយ ជាមួយក្រុមហ៊ុនកាណាដាEnerCam Co ដើម្បីរុករកប្រេងនៅប្លុក VIII។

លោកបានមានប្រសាសន៍ថា “ខ្ញុំរំពឹងថាយើងនឹងឈានដល់កិច្ចព្រមព្រៀងស្តីពីការរុករកប្រេងជាមួយក្រុមហ៊ុននេះឆាប់ៗនេះ”។

ក្រុមហ៊ុន KrisEnergy ដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបូរីបច្ចុប្បន្ន កំពុងអភិ​វ ឌ្ឍន៍អណ្តូងប្រេងអប្សរាក្នុងប្លុកA របស់ប្រទេសកម្ពុជា។ ក្រុមហ៊ុនមានបំណងទាញយកតំណក់ប្រេងលើកដំបូងនៅឆ្នាំនេះ។

យោងតាមKrisEnergy ប្លុកAនេះត្រូវបានគេរំពឹងថា នឹងឈានដល់ការផលិតខ្ពស់បំផុត៧,៥០០ បារ៉ែលក្នុងមួយថ្ងៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here