ដោយៈ រ៉ាណេត
កំពង់ចាមៈ រដ្ឋាភិបាលកម្ពុជាបានសិក្សាលម្អិត និងដាក់ផែនការកសាងកំពង់ផែទឹកសាបនៅតាមខេត្តសំខាន់ៗមួយចំនួន រួមជាមួយនឹងការស្នើសុំឱ្យមានការចូលរួមវិនិយោគពីវិស័យឯកជន ដើម្បីធ្វើយ៉ាងណាជួយសម្រួល ដល់វិស័យដឹកជញ្ជូនតាមផ្លូវទឹកឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នៅក្នុងខេត្តកំពង់ចាម។
ទីតាំងដែលនឹងត្រូវសាងសង់កំពង់ផែរណបទឹកសាប នៅក្នុងខេត្តកំពង់ចាម គឺត្រូវបានកំណត់យកតំបន់ទន្លេបិទ ដែលជាអតីតកំពង់ចម្លង និងជាកំពង់ផែចាស់ហើយរហូតមកដល់ពេលនេះអជ្ញាធរបានត្រៀម និងរៀបចំដីរួចរាល់សម្រាប់ការអនុវត្តន៍ ទៅតាមផែនការដែលបានគ្រោងទុក។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន” នៅទីស្ដីការគណរដ្ឋមន្ត្រី កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បច្ចុប្បន្ន ក្រុងមន្ត្រីជំនាញ បានកំណត់កំណត់ទីតាំងសម្រាប់សាងសង់រួចហើយ។
លោកបានបញ្ជាក់ថា “យើងបានសិក្សា និងកំណត់ទីកន្លែងសម្រាប់សាងសង់រួចហើយ និងបានត្រៀបដីរួចរាល់ដែរ គឺនៅទន្លេបិទជាទីតាំងកំពង់ចម្លងចាស់”។ លោកបានបន្តទៀតថា “យើងចង់ឱ្យមានការចូលរួមពីសំណាក់វិស័យឯកជន ក្នុងការកសាងជាកំពង់ផែតូចៗបន្ថែមទៀត នៅតាមតំបន់ផ្សេងៗនៃដងទន្លេ ដើម្បីបង្កភាពកាន់តែងាយស្រួលក្នុងការដឹកជញ្ជូនតាមផ្លូវទឹក”។
ក្រៅពីកំពង់ផែរណបខេត្តកំពង់ចាម ដែលមានទីតាំងស្ថិតនៅតំបន់ច្រាំងទន្លេបិទ រដ្ឋាភិបាល ក៏មានគម្រោងសាងសង់កំពង់ផែ រណបទឹកសាបមួយកន្លែងផ្សេងទៀត ស្ថិតនៅតំបន់ក្អមសំណរ ដែលស្ថិតនៅក្នុងស្រុកលើកដែក ខេត្តកណ្តាល រួមជាមួយនឹងតំបន់សេដ្ឋកិច្ចពិសេសផងដែរ។
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបង្ហាញពីក្ដីសាទរ និងគាំទ្រទៅនឹងគម្រោងអភិវឌ្ឍន៍នានារបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសនៅក្នុងទឹកដីខេត្តកំពង់ចាម។
លោកបានមានប្រសាសន៍ថា“គ្រប់គម្រោងអភិវឌ្ឍន៍ទាំងអស់ របស់រាជរដ្ឋាភិបាល ដែលបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសង្គមជាតិ គឺអាជ្ញាធរខេត្តត្រៀមខ្លួនក្នុងការចូលរួមជាមួយ ធ្វើយ៉ាងណាឱ្យគម្រោងទទួលបានជោគជ័យ ដែលជាការលើកកម្ពស់បរិយាកាសវិនិយោគ នៅក្នុងខេត្តកំពង់ចាមឱ្យបានកាន់តែច្រើន ក៏ដូចជាបង្កើននូវកម្រិតជីវភាពរបស់ប្រជាពលរដ្ឋបន្ថែមទៀត”។
លោកបន្តទៀតថា បច្ចុប្បន្ននេះក៏ដូចជាកាលពីពេលកន្លងទៅ កប៉ាល់ទេសចរណ៍ធំៗដែលមកពីប្រទេសវៀតណាម តែងតែមកចូលចត និងដឹកនាំភ្ញៀវទេសចរមកកម្សាន្តនៅតាមទីរមណីយដ្ឋាននានានៅក្នុងខេត្តជាបន្តបន្ទាប់។ ប្រសិនបើគម្រោងសាងសង់កំពង់ផែថ្មី ត្រូវបានបញ្ចប់រួចរាល់ គឺកាន់តែផ្តល់ភាពងាយស្រួល ដល់វិស័យដឹកជញ្ជូនតាមផ្លូវទឹកថែមមួយកម្រិតទៀត៕