ដោយៈ រ៉ាណេត
ភ្នំពេញៈ ស្ថានទូតចិនប្រចាំនៅកម្ពុជាបានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិន Huawei នឹងចូលរួមសកម្មភាពជាកម្លាំង ក្នុងការទប់ស្កាត់ជំងឺCovid-19 នៅកម្ពុជា តាមរយៈការផ្តល់បច្ចេកវិទ្យាចុងក្រោយ5G សម្រាប់កិច្ចទំនាក់ទំនងរវាងអ្នកជំនាញផ្នែកសុខាភិបាលកម្ពុជានៅទូទាំង២៥ខេត្ត/ក្រុង ក៏ដូចជាទំនាក់ទំនងជាមួយអ្នកជំនាញនៅប្រទេសចិន។
ស្ថានទូតចិនប្រចាំនៅកម្ពុជាបានបញ្ជាក់ឱ្យដឹង នៅល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ថា ក្រុមអ្នកជំនាញវេជ្ជសាស្រ្តប្រយុទ្ធប្រឆាំងជម្ងឺវីរុស COVID-19 ដែលជាក្រុមជំនួយរបស់ភាគីចិនជូនចំពោះភាគីកម្ពុជា បានរៀបចំកិច្ចប្រជុំវីឌីអូលើកដំបូង ជាមួយនឹងផ្នែកបញ្ជាការទប់ស្កាត់នឹងជម្ងឺវីរុស ក្នុងតំបន់ស្វយ័តGuangxiនៃប្រទេសចិន ដោយតាមរយៈប្រព័ន្ធទំនាក់ទំនងវីឌីអូWelink ដែលបានរៀបចំឡើងក្នុងមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការថ្មីនៃក្រុមហ៊ុន Huawei តិចណូឡូជី (ខេមបូឌា) ខូអិលធីឌីក្នុងរាជធានីភ្នំពេញ។
លោកYao Yuya ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Huawei តិចណូឡូជី (ខេមបូឌា) ខូអិលធីឌីក្នុងរាជធានីភ្នំពេញបានមានប្រសាសន៍ឲ្យដឹងថា តាមរយៈប្រព័ន្ធកិច្ចប្រជុំវីឌីអូ Welinkរបស់ក្រុមហ៊ុន HUAWEI ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិនបានភ្ជាប់ទំនាក់ទំនងជាមួយផ្នែកបញ្ជាការទប់ស្កាត់នឹងជម្ងឺវីរុស ក្នុងតំបន់ស្វយ័តGuangxi នៃប្រទេសចិនដោយជោគជ័យ នេះបានរួមចំណែកជាកម្លាំងមួយ នៃក្រុមហ៊ុនHUAWEIក្នុងកិច្ចប្រយុទ្ធប្រឆាំងជម្ងឺវីរុសក្នុងប្រទេសកម្ពុជា។
ស្ថិតក្នុងស្ថានភាពដែលបណ្តាប្រទេសលើពិភពលោក ទទួលរងការយាយីពីវីរុសCOVID-19នាពេលបច្ចុប្បន្ននេះ ការលើកម្ពស់អាត្រាប្រសិទ្ធភាពប្រយុទ្ធប្រឆាំងនឺងជម្ងឺវីរុសដោយតាមរយៈបច្ចេកវិទ្យាជឿនលឿន ត្រូវបានក្លាយជាវីធីសាស្រ្តជម្រើសដំបូងគេបង្អស់ សម្រាប់បណ្តាប្រទេសលើសកលលោក។
លោកបន្តទៀតថា ជាកិច្ចបន្ទាប់ក្រុមហ៊ុនHUAWEIក្នុងប្រទេសកម្ពុជា នឹងសហការជាមួយរាជរដ្ឋាភិបាល និងដៃគូផ្សេងទៀតក្នុងការផ្តល់ជាបណ្តាញ5G wireless broadbandជូនដល់ក្រសួងសុខាភិបាល មន្ទីរពេទ្យមិត្តភាពខ្មែរ–សូវៀត មជ្ឈមណ្ឌលព្យាបាលក្នុងសហគមន៍ និងស្ថាប័នផ្សេងទៀត ដើម្បីផ្តល់ជាបណ្តាញអ៊ីធើណេតដែលមានល្បឿនលឿន សម្រាប់ទំនាក់ទំនងជាមួយនឹងអ្នកខាងក្រៅ។
ផ្អែកលើប្រព័ន្ធប្រជុំវីឌីអូCloudlinkរបស់ក្រុមហ៊ុនHUAWEI អាចសម្រេចបានការទំនាក់ទំនងយ៉ាងជាក់ស្តែង ជូនដល់ក្រសួងសុខាភិបាល កន្លែងកំណត់ព្យាបាលជម្ងឺវីរុសCOVID-19ក្នុងរាជធានីភ្នំពេញ មជ្ឈមណ្ឌលព្យាបាលជម្ងឺតាមបណ្តា២៥ខេត្តក្រុង និងក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិន ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសុវត្ថិភាពផ្តល់ការពិនិត្យវិនិច្ឆ័យជម្ងឺជូនដល់អ្នកផ្ទុកមេរោគ និងអ្នកជម្ងឺដោយតាមវិធីសាស្រ្តពិគ្រោះយោបល់ ពីច ម្ងាយ។
ការប្រើប្រាស់បច្ចេកវិទ្យា AIគាំទ្រដល់ការពិនិត្យយ៉ាងឆាប់រហ័ស ជូនដល់មន្ទីរពេទ្យនិងវេជ្ជបណ្ឌិត ប្រើទិន្នន័យ(DATA) និងបច្ចេកវិទ្យាAI ដើម្បីលើកកម្ពស់អាត្រាប្រសិទ្ធភាពក្នុងការពិនិត្យ និងធ្វើតេស្តជំហានដំបូងជូនដល់អ្នកផ្ទុះជម្ងឺសម្រាប់ការវិនិច្ឆ័យ និងពិនិត្យរកយ៉ាងទាន់ពេលវេលា ជូនដល់អ្នកផ្ទុះជម្ងឺវីរុសCOVID-19 បានយ៉ាងឆាប់រហ័ស៕