ដោយ ហ្សូលី
ភ្នំពេញ៖ ធនាគារជាតិកម្ពុជា បានចាត់វិធានការអំពាវនាវដល់បណ្តារធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅទូទាំងប្រទេសកម្ពុជា ចៀសវាងការរឹបអូសទ្រព្យសម្បត្តិបញ្ចាំរបស់កូនបំណុលជាដាច់ខាត ស្របពេលដែលស្ថានការណ៍សេដ្ឋកម្ពុជាកំពុងប្រឈមនឹងហានិភ័យ អំឡុងវិបត្តិជម្ងឺរាតត្បាតកូវីដ១៩។
អគ្គនាយករងត្រួតពិនិត្យទី១ នៃធនាគារជាតិនៃកម្ពុជា លោក គិត សុវណ្ណារិទ្ធ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកនៅរសៀលថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២០ នេះថា លោកសូមអំពាវនាវដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ សូមរក្សាភាពទនភ្លន់ដោះស្រាយបំណុល ជាមួយកូនបំណុលតាមការណែនាំ របស់ធនាគារជាតិនៃកម្ពុជា និងជៀសវាងដាច់ខាត ក្នុងការរឹបអូសទ្រព្យបញ្ចាំដូចជា ផ្ទះសំបែងរបស់អតិថិជន ក្នុងកំឡុងពេលពួកគាត់កំពុងទទួលរងផលប៉ះពាល់ ពីការរីករាលដាលនៃជំងឺកូវីដ១៩នេះ។
លោកបានមានប្រសាសន៍បន្តថា ធនាគារជាតិនៃកម្ពុជា ក៏បានបង្កើតប្រព័ន្ធទូរស័ព្ទ HOTLINE ដើម្បីទទួលព័ត៌មានអំពីផលវិបាករបស់ប្រជាពលរដ្ឋដែលជាអតិថិជនបានកំពុងជួបប្រទះ ក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ។
ធនាគារជាតិនៃកម្ពុជា បានដាក់ដំណើរការលេខទូរស័ព្ទទំនាក់ទំនងប្រចាំទីស្នាក់ការកណ្ដាល និងតាមបណ្ដាសាខាធនាគារជាតិនៃកម្ពុជារាជធានី-ខេត្ត ដើម្បីទទួលការហៅទូរស័ព្ទពីសាធារណជន ដែលមានចម្ងល់ ឬបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់ សេវាហិរញ្ញវត្ថុនៅកម្ពុជា។ ដូច្នេះសាធារណជនអាចទូរស័ព្ទ មកកាន់លេខនីមួយៗ ដែលមានដាក់នៅខាងក្រោមបានជារៀងរាល់ថ្ងៃចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច៕