ធនាគារពិភពលោកផ្តល់ឥណទាន ២០លានដុល្លារ ជួយកម្ពុជាក្នុងការឆ្លើយតបទៅនឹងការរាលដាលនៃជំងឺ COVID-19

0

ដោយ ប៊ី

ភ្នំពេញ៖ នាយកប្រតិបត្តិនៃធនាគារពិភពលោក បានអនុម័តលើឥណទានទឹកប្រាក់ ២០លានដុល្លារអាមេរិក របស់សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់គម្រោងឆ្លើយតបជាបន្ទាន់ទៅនឹងជំងឺកូវីឌ-១៩នៅប្រទេសកម្ពុជា ដែលឥណទាននេះជាលើកដំបូងហើយនៅក្នុងកញ្ចប់ថវិកាប្រតិបត្តិការសម្រាប់ជួយក្នុងសភាពការបន្ទាន់ តាមរយៈយន្តការសេវារហ័សក្នុងពេលមានការរាលដាលកូវីឌ-១៩។  

លោកស្រី អ៊ីងហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា៖ «ហិរញ្ញប្បទានតាមរយៈយន្តការសេវារហ័សនេះ នឹងជួយដល់ប្រទេសកម្ពុជាក្នុងការឆ្លើយតបទៅនឹងស្ថានការណ៍បន្ទាន់ផ្នែកសុខាភិបាលទូទាំងសាកលលោកដែលមិនធ្លាប់មានពីមុនមក ហើយហិរញ្ញប្បទាននេះគឺសម្រាប់កម្ពុជាយកទៅប្រើដើម្បីជាវការផ្គត់ផ្គង់គ្រឿងបរិក្ខារ និងឧបករណ៍សម្ភារៈពេទ្យចាំបាច់នានា ដើម្បីយកមកធ្វើតេស្តរករោគសញ្ញា និងព្យាបាលជំងឺកូវីឌ-១៩, កាត់បន្ថយការរាលដាលឆ្លងរបស់មេរោគ, ពង្រឹងសមត្ថភាពឆ្លើយតបទៅនឹងការរាលដាលមេរោគ, និងជួយធ្វើយ៉ាងណាឱ្យអ្នកជំងឺឆាប់ជាសះស្បើយនិងសេដ្ឋកិច្ចឆាប់បានងើបឡើងវិញ។» 

គម្រោងនេះនឹងជួយកម្ពុជាឱ្យសម្រេចបានតាមគោលដៅដែលបានដាក់ចេញនៅក្នុងផែនការមេកូវីឌ-១៩ របស់ខ្លួន ក្នុងនោះរួមមាន ការពង្រឹងសកម្មភាពទប់ស្កាត់ជំងឺ, ការរកឃើញជំងឺឱ្យបានរហ័ស, ការត្រៀមលក្ខណៈ និងការឆ្លើយតបទៅនឹងជំងឺ។ 

គម្រោងនេះនឹងផ្តល់ហិរញ្ញវត្ថុសម្រាប់ការសាងសង់មណ្ឌលដាក់អ្នកជំងឺឱ្យនៅដាច់ដោយឡែក និងព្យាបាលអ្នកជំងឺ ហើយវានឹងជួយបង្កើនសមត្ថភាពវិភាគរោគសញ្ញានៅតាមមន្ទីរពិសោធន៍របស់មន្ទីរពេទ្យបង្អែក នៅទូទាំង២៥ខេត្ត-ក្រុង។ លើសពីនេះ គម្រោងក៏នឹងជួយទៅលើការចំណាយក្នុងការជាវការផ្គត់ផ្គង់សម្ភារៈបរិក្ខារពេទ្យ ដែលចាំបាច់សម្រាប់យកមកព្យាបាលអ្នកជំងឺ និងទប់ស្កាត់ការរាលដាលនៃការឆ្លងមេរោគ។

ជាមួយគ្នានេះ គម្រោងនឹងជួយផងដែរដល់វិធានការដាក់ពង្រាយឱ្យបានរហ័សនូវក្រុមការងារឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលនៅទូទាំងប្រទេស តាមរយៈការជួលនិងការហ្វឹកហ្វឺនបណ្តុះបណ្តាលបុគ្គលិកបន្ថែម, ពង្រឹងសមត្ថភាពរបស់មណ្ឌលប្រតិបត្តិការបន្ទាន់នៃសេវាសុខាភិបាលសាធារណៈ — ដែលសម្របសម្រួលការងារជាមួយកិច្ចខិតខំត្រៀមលក្ខណៈនិងឆ្លើយតបជំងឺកូវីឌ-១៩ទូទាំងប្រទេស — និងបង្កើតមណ្ឌលប្រតិបត្តិការបន្ទាន់នៅកម្រិតខេត្ត ទៀត។   

គម្រោងឆ្លើយបតបន្ទាន់ទៅនឹងជំងឺកូវីឌ-១៩នេះ បំពេញបន្ថែមដល់ការងារអភិវឌ្ឍន៍វែងឆ្ងាយមួយដែលធនាគារពិភពលោកកំពុងជួយជ្រោមជ្រែងនៅក្នុងវិស័យសុខាភិបាល ក្នុងនោះមាន គម្រោងលើកកម្ពស់សមធម៌និងគុណភាពសុខាភិបាល (H-EQIP) ដែលសំដៅបង្កើនលទ្ធភាពរបស់ពលរដ្ឋក្រីក្រជាងគេនៅកម្ពុជាឱ្យទទួលបានសេវាសុខាភិបាលមានគុណភាព។ កាលពីសប្តាហ៍កន្លងទៅ ថវិកា ១៤លានដុល្លារអាមេរិករបស់គម្រោង H-EQIP នេះ ត្រូវបានផ្តល់តាមរយៈ សមាសភាគបម្រុងសម្រាប់ការឆ្លើយតបបន្ទាន់ (CERC) នៅក្នុងគម្រោង សម្រាប់យកទៅប្រើក្នុងការទិញរថយន្តសង្គ្រោះនិងគ្រឿងបរិក្ខារពេទ្យ និងដើម្បីរៀបចំមន្ទីរពិសោធន៍ជាតិឱ្យមានសមត្ថភាពឆ្លើយតបបានរហ័សទៅនឹងការរាលដាលនៃជំងឺកូវីឌ-១៩។ សមាសភាគ CERC នៅក្នុងគម្រោង អនុញ្ញាតឱ្យបង្វែរមូលនិធិពីផ្នែកនានានៃគម្រោង H-EQIP នេះ ដើម្បីយកទៅបំពេញភាពចាំបាច់សម្រាប់ធ្វើការឆ្លើយតបជាបន្ទាន់ ដែលអាចកើតមានឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here