ដោយ វុត្ថា
ភ្នំពេញ៖ អ្នកសាងសង់ដែលមានបំណងសាងសង់ ត្រូវមកយកទម្រង់បែបបទ និងបំពេញឲ្យបានត្រឹមត្រូវ ដែលអនុលោមទៅតាមច្បាប់សំណង់របស់ កម្ពុជាដែលបានកំណត់។
សម្រាប់អ្នកដែលរស់នៅទីក្រុងភ្នំពេញ អាចទៅសុំច្បាប់ និងដាក់ពាក្យសាងសង់នៅមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ ព្រមជាមួយនឹងក្រសួងរៀបចំដែនដី នរគរូបនីយកម្ម និងសំណង់។
សំណួរ តើអ្នកណាអាចមានសិទ្ធិស្នើសុំលិខិតអនុញ្ញាតសាងសង់បាន?
ចម្លើយ.១. រាល់ការស្នើសុំលិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតសាងសង់ពង្រីកបន្ថែម លិខិតអនុញ្ញាតជួសជុល លិខិតអនុញ្ញាតបើកការដ្ឋាន និងលិខិតបិទការដ្ឋាន តម្រូវឱ្យដាក់ពាក្យស្នើសុំដោយម្ចាស់គម្រោង។ អ្នកតំណាងស្របច្បាប់អាចជំនួសម្ចាស់គម្រោង ក្នុងការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតទាំងនោះបាន។
សំណួរៈតើការសាងសង់ប្រភេទណាខ្លះ ដែលមិនចាំបាច់ស្នើសុំលិខិតអនុញ្ញាតសាងសង់?
ចម្លើយៈ រាល់ការអភិវឌ្ឍអចលនវត្ថុ (ការសាងសង់) គ្រប់ប្រភេទតម្រូវឱ្យស្នើសុំលិខិតអនុញ្ញាតជាមុន លើកលែងតែការសាងសង់ថ្មី ឬការជួសជុលលំនៅឋានតូចតាចនិងពុំមានលក្ខណៈជាការធ្វើពាណិជ្ជកម្ម ដែលស្ថិតនៅទីជនបទឬតំបន់ឆ្ងាយពីផ្លូវជាតិ ផ្លូវដែក និងឆ្ងាយពីតំបន់រមណីយដ្ឋានទេសចរណ៍ តំបន់បេតិកភ័ណ្ឌជាតិ តំបន់រក្សាទុកការពារ។
សំណួរ តើការសាងសង់ចំណតរថយន្ត ឬចំណតម៉ូតូដែលប្រក់ដំបូលនៅក្នុងបរិវេណក្រុមហ៊ុន ឬរោងចក្រចាំបាច់ត្រូវមានលិខិតអនុញ្ញាតសាងសង់ជាមុនដែរឬទេ?
ចម្លើយៈ រាល់ការសាងសង់ចំណតរថយន្ត ឬចំណតម៉ូតូដែលប្រក់ដំបូល នៅក្នុងបរិវេណក្រុមហ៊ុន ឬរោងចក្រដែលមានលិខិតអនុញ្ញាតសាងសង់រួចហើយ មិនតម្រូវឱ្យស្នើសុំលិខិតអនុញ្ញាតសាងសង់ទេ លើកលែងតែការសាងសង់នោះ ធ្វើឱ្យប៉ះពាល់ដល់រចនាសម្ព័ន្ធសុវត្ថិភាពគ្រឿងផ្គុំសំណង់ សណ្តាប់ធ្នាប់សាធារណៈ ឬខុសពីការកំណត់នៃគម្លាតអប្បបរមា កំណត់ដោយបទប្បញ្ញតិ្តជាធរមាន ដែលចាំបាច់ត្រូវស្នើសុំលិខិតអនុញ្ញាតសាងសង់បន្ថែម។
សំណួរ តើស្ថាប័នណាខ្លះមានសមត្ថកិច្ចក្នុងការចេញលិខិតអនុញ្ញាតសាងសង់?
ចម្លើយៈ សមត្ថកិច្ចក្នុងការចេញលិខិតអនុញ្ញាត មានបីថ្នាក់ ៖ ក. ថ្នាក់ក្រុង ស្រុក ខណ្ឌ ចំពោះសំណង់ដែលមានផ្ទៃក្រឡាកម្រាលសំណង់ សរុបតូចជាងឬស្មើ៥០០ម៉ែត្រក្រឡា។ ខ. ថ្នាក់រាជធានី ខេត្ត ចំពោះសំណង់ដែលមានផ្ទៃក្រឡា កម្រាលសំណង់សរុបធំជាង៥០០ម៉ែត្រក្រឡា ដល់៣.០០០ ម៉ែត្រក្រឡា។
គ. ថ្នាក់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំពោះសំណង់ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបធំជាង៣.០០០ម៉ែត្រក្រឡា និងគ្រប់សំណង់ស្ថានីយប្រេងឥន្ធនៈ៕