ដោយ ហ្សូលី
ភ្នំពេញ៖ កំណើនសេដ្ឋកិច្ចក្នុងតំបន់ ដែលកំពុងអភិវឌ្ឍនៅតំបន់អាស៊ី នឹងថយចុះខ្លាំងនៅឆ្នាំ២០២០ ដោយសារផលប៉ះពាល់ខ្លាំងនៃវីរុសឆ្លង Covid-19 ខណៈដែលសេដ្ឋកិច្ចអាចនឹងមានផលប៉ះពាល់ប្រមាណ៤លានលានដុល្លារ (៤,១ទ្រីលានដុល្លារ)។ នេះបើតាមរបាយការណ៍ព្យាករណ៍ថ្មី របស់ធនាគារអភិវឌ្ឍអាស៊ី ដែលបោះពុម្ពផ្សាយនៅឆ្នាំ ២០២០នេះ។
កំឡុងខែមុន ការព្យាករណ៍មានត្រឹមប្រមាណ២ទ្រីលានដុល្លារតែប៉ុណ្ណោះ ប៉ុន្តែពេលនេះវាបានហក់ឡើងដល់៤ទ្រីលានដុល្លារទៅហើយ។ ទិន្នផលសរុបសកលលោកបានធ្លាក់ចុះចន្លោះពី ២,៣ ភាគរយ ដល់ ៤,៨ ភាគរយ ហើយអាចនឹងស្តារត្រឡប់មកវិញនៅក្នុងឆ្នាំ២០២។ នេះបើតាមរបាយការណ៍ដដែលបានបញ្ជាក់។
ការប៉ាន់ស្មាននេះ បានធ្វើការវិវត្តព័ត៌មានបន្ថែមកាលពីថ្មីៗនេះ ឆ្លុះបញ្ចាំងពីរោគរាតត្បាត ចំណាត់ការនយោបាយមួយចំនួន និងការរឹតបន្តឹងការធ្វើដំណើរចេញចូលទូទាំងសកលលោក និងទិន្នន័យបង្ហាញពីការប៉ះពាល់សកម្មភាពសេដ្ឋកិច្ចប្រទេសចិន។
អ្វីដែលគួរកត់សម្គាល់មួយទៀតនោះ គឺការព្យាករណ៍នេះមិនរួមបញ្ចូលកត្តាដូចជាការរំខាននៃការផ្គង់ផ្គង់ ភាពរអាក់រអូលការចំណាយ ថ្លៃសេវាសុខភាពបន្ទាន់ និងការខ្វះខាតផ្នែកហិរញ្ញវត្ថុ ទៅលើវិស័យសេដ្ឋកិច្ចនិងអប់រំនោះទេ។ យ៉ាងណាមិញ នៅឆ្នាំ ២០២១ សេដ្ឋកិច្ចអាចនឹងហក់ឡើងដល់៦ភាគរយវិញ បើសិនជាមេរោគ Covid-19 បញ្ចប់នៅក្នុងឆ្នាំ២០២០ ។
ចំណែកឯសេដ្ឋកិច្ច នៅក្នុងប្រទេសឧស្សាហកម្មរបស់តំបន់អាស៊ី ដូចជា ប្រទេសចិន ក្រុងហុងកុង សាធារណរដ្ឋកូរ៉េខាងត្បូង សិង្ហបុរី និង តៃប៉ិ នឹងហក់ឡើងដល់ ៦.៧ភាគរយនៅឆ្នាំ២០២១ ។
ប្រធានសេដ្ឋវិទូនៃធនាគារអភិវឌ្ឍអាស៊ី ADB លោក Yasuyuki Sawada បានមានប្រសាសន៍ថា ទស្សនវិស័យនៃកំណើនសេដ្ឋកិច្ចពិភពលោក នឹងក្នុងតំបន់អាស៊ីមួយចំនួន គឺមិនមានស្ថានភាពប្រាកដប្រជានោះទេ ដោយសារការវិវឌ្ឍន៍នៃជំងឺរាតត្បាតពិភពលោក Covid-19 ។
លោកបន្តថា “កំណើនសេដ្ឋកិច្ចអាចថយចុះលឿន ហើយងើបឡើងវិញយឺតជាងអ្វីដែលបានព្យាករណ៍បច្ចុប្បន្ន។ លោកបន្ថែមថា “ប៉ុន្តែយ៉ាងណា ADB នឹងព្យាយាមសម្របសម្រួលចាំបាច់ ដើម្បីទប់ស្កាត់ផលប៉ះពាល់សេដ្ឋកិច្ចក្នុងរដូវនេះ ជាពិសេសសម្រាប់ប្រទេសដែលងាយរងគ្រោះបំផុត”៕