ដំណឹងល្អ! គម្រោងជួសជុលថែទាំផ្លូវថ្នល់ក្នុងខេត្តកែបសម្រេចជិតបាន១០០% ហើយ

0

ដោយវុត្ថា

ភ្នំពេញ៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឱ្យដឹងថា រហូតមកដល់ពេលនេះគម្រោងជួសជុលថែទាំផ្លូវថ្នល់ក្នុងខេត្តកែបសម្រេចជិតបាន១០០% ហើយ ខណៈដែលមក្រុមមន្ត្រីជំនាញបាននឹងកំពុងជំរុញឱ្យហើយរួចរាល់នៅមុនចូលឆ្នាំខ្មែរឈានមកដល់នាពេលខាងមុខនេះ។

ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី ៦ ខែមេសាឆ្នាំ ២០២០ នេះ ឱ្យដឹងថា គម្រោងជួសជុលកំណាត់ផ្លូវជាតិលេខ៣៣ ដោយចាក់អ៊ុតបេតុងកៅស៊ូ(A/C) រៀបខឿនបេតុង ស្ថាបនាលូ និងគូសគំនូសចរាចណ៍ សម្រេចបាន ៩៥% ខណៈពេលដែលគម្រោងជួសជុលផ្លូវដោយចាក់ក្រាលបេតុងសរសៃដែក(RC)លើកំណាត់ផ្លូវខេត្តលេខ១៣៣២ (ស្រុកដំណាក់ចង្អើរ) សម្រេចបាន ៩៥% ដូចគ្នា។

លោក ជិន វុទ្ធី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែបបានមានប្រសាសន៍ថានាអំឡុងពេលចុងក្រោយនេះ កម្លាំងនៃមន្ទីររបស់លោកបាន និងកំពុងមមាញឹកក្នុងការងារជួលជុល ថែទាំផ្លូវសំខាន់ៗ ជាច្រើនខ្សែនៅទូទាំងខេត្ត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍។ លោកបន្តថា ជាធម្មតារាល់ចុងសប្តាហ៍ ឬថ្ងៃបុណ្យទានម្តងៗ ភ្ញៀវជាតិ និងអន្តរជាតិតែងមកកម្សាន្តនៅរមណីយដ្ឋាននានាក្នុងខេត្តកែបយ៉ាងច្រើនកុះករ។

លោកអនុប្រធានមន្ទីរបានបន្តថា ដើម្បីលម្អសោភ័ណភាពផ្លូវ ក៏ដូចជាសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទូទៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ មន្ទីរបានធ្វើការបែងចែកជាច្រើនក្រុមសម្រាប់កិច្ចការងារដ៏មមាញឹកនេះ។ កម្លាំងទាំងនោះ រួមមានក្រុមប៉ះអ៊ុតផ្លូវ ក្រុមរៀបចំសួនច្បារតាមបណ្តោយផ្លូវជាតិលេខ៣៣ តភ្ជាប់ជាមួយផ្លូវទៅខេត្តកំពតជាដើម។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនធ្លាប់បានឱ្យដឹងថា ក្រសួងបានជួសជុលកំណាត់ផ្លូវជាតិលេខ៣៣ ក្នុងភូមិសាស្ត្រកែប ដោយសារផ្លូវនេះបានទទួលរងនូវផលប៉ះពាល់ដោយជំនន់ទឹក ភ្លៀងនាពេលកន្លងមក។ លោកបន្តថា រាជរដ្ឋាភិបាល មានគម្រោងលើកកម្ពស់គុណភាពផ្លូវខេត្ត ផ្លូវជាតិ ជាច្រើនទៀតទៅដល់គ្រប់ច្រកល្ហក ដើម្បីប្រជារាស្ត្រមានឱកាសរកចំណូលបន្ថែម ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល។

បើតាម លោក ស៊ុន ចាន់ថុល រដ្ឋាភិបាលកម្ពុជា បានចំណាយថវិការប្រមាណជិត ៣០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ សម្រាប់យកទៅជួសជុល និងថែមទាំហេដ្ឋារចនាសម្ព័ន្ធសំខាន់នានានៅទូទាំងប្រទេស ខណៈ ដែលពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលតាមរយៈក្រសួងបាននឹងកំពុងលើកកម្ពស់គុណភាពផ្លូវឱ្យបានកាន់តែរឹងមាំ និងប្រើប្រាស់បានយូអង្វែង។

លោក វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាងធារណៈការ និងដឹកជញ្ជូន ធ្លាប់បានឱ្យដឹងកាលពីពេលថ្មីៗនេះ ថា គម្រោងស្ថាបនា និងជួសជុលហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងប្រទេសមិនត្រូវបានផ្អាកសកម្មភាពនោះទេ បើទោះបីកម្ពុជាទទួលរងនូវផលប៉ះពាល់ដោយការរាតត្បាតជាសកល នៃជំងឺ COVID 19 យ៉ាងណាក្តី។

លោក បន្តថា “ក្រុមការងារនៅកន្លែងការរដ្ឋាននៅតែធ្វើជាធម្មតា ដោយមិនឈប់សកម្មភាពឡើយ បើទោះបីមន្ត្រីមួយចំនួននៅខាងក្រសួងបានធ្វើការតាមអនឡាញ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID 19”។

សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជាក៏ធ្លាប់បានមានប្រសាសន៍ប្រាប់លោកទេសរដ្ឋមន្ត្រី ស៊ុន រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនឱ្យមានការផ្អាកគម្រោងបើកការដ្ឋាន និងសកម្មភាពសម្ពោធផ្លូវដាក់ឱ្យប្រើប្រាស់ផ្លូវដែលជាគម្រោងរបស់រដ្ឋាភិបាលមួយរយៈដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID 19 ៕

LEAVE A REPLY

Please enter your comment!
Please enter your name here