ដោយវុត្ថា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឱ្យដឹងថា កម្ពុជាំមានរោងចក្រមួយនៅភ្នំពេញដែលអាចផលិតម៉ាសក្នុង១ថ្ងៃ បានរហូតដល់៥០ម៉ឺន សម្រាប់បំពេញបន្ថែមនូវតម្រូវការម៉ាសពាក់មុខ ដើម្បីការពារពីការឆ្លងនូវវីរុសកូវីដ-១៩ ដែលកំពុងជាក្តីបារម្ភ សម្រាប់ប្រជាជននៅលើពិភពលោក។
លោក ម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងឱកាសចុះពិនិត្យចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ នេះ ឱ្យដឹងថា ក្រុមហ៊ុនចិនមួយដែលមានទីតាំងនៅផ្លូវហាណូយ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានលទ្ធភាពផលិតម៉ាសដែលមានគុណភាពល្អ ក្នុង១ថ្ងៃបានរហូតដល់៥០ម៉ឺន ដើម្បីធ្វើការផ្គត់ផ្គង់ក្នុងស្រុក និងសម្រាលបន្ទុកការនាំចូលពីក្រៅប្រទេស។
លោកបន្តថា ក្រុមហ៊ុននេះ អាចផលិតម៉ាសបានទាំងមនុស្សចាស់ និងកូនក្មេង ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ ខណៈដែលប្រមុខរាជរដ្ឋាភិបាល បានបញ្ជាទិញម៉ាសចំនួន៥លាន២សែនម៉ាស ដើម្បីផ្តល់ជូនគ្រូពេទ្យ និងចែកជូនប្រជាពលរដ្ឋ ស្របពេលដែលកម្ពុជាកំពុងមានករណីឆ្លងរាលដាលនៃជំងឺកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីពេលថ្មីៗនេះបានចាត់ឲ្យក្រសួងសុខាភិបាល បញ្ជាទិញម៉ាស់ពីក្រៅប្រទេសចំនួន៤លានម៉ាស និងបញ្ជាទិញពីរោងចក្រផ្ទាល់នៅខេត្តព្រះសីហនុចំនួន១លាន២សែនម៉ាស ដើម្បីបន្ថែមលើអ្វីដែលក្រសួងសុខាភិបាលបានស្តុកទុក ខណៈសម្ភារពេទ្យសម្រាប់ការពារពីការឆ្លងនូវវីរុសកូវីដ-១៩ ដូចជា ម៉ាស អាវការពារ ជាដើម ត្រូវបានបញ្ចេញប្រើប្រាស់ជារៀងរាល់ថ្ងៃ៕