ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាបន្ទាន់ដោយឱ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់បិទការធ្វើដំណើរក្នុងប្រទេស ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្ត និងការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយទៀត រហូតដល់ពីស្រុកមួយ ទៅស្រុកមួយ ដោយចាប់អនុវត្តពីម៉ោង២៤ ថ្ងៃទី០៩ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។
យោងតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ចេញផ្សាយនារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះបានបញ្ជាក់ថា ក្នុងគោលបំណងទប់ស្កាត់ការរាតត្បាតនៃជំងឺ Covid-19 នៅក្នុងកាលៈទេសៈនេះ មិនឱ្យមានការរាលដាលឈានចេញពីដំណាក់កាលនៃការឆ្លងដោយសារការនាំចូលពីប្រភពខាងក្រៅទៅដល់ដំណាក់កាលនៃការឆ្លងរាលដាលរវាងប្រជាជនក្នុងសហគមន៍នៅក្នុងប្រទេស រាជរដ្ឋាភិបាលដាក់ចេញនូវបទបញ្ជាដូចខាងក្រោម ៖
ទី១-ហាមឃាត់ការធ្វើដំណើរនៅផ្ទៃក្នុងប្រទេស រួមមាន ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល រាជធានីភ្នំពេញ (ដោយមិនប៉ះពាល់ដល់ការធ្វើដំណើរផ្ទៃក្នុងរាជធានីភ្នំពេញ នោះទេ) ការធ្វើដំណើរឆ្លងកាត់ពីស្រុកមួយ ទៅស្រុកមួយ និងការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយទៀត។
ទី២-ការហាមឃាត់នេះ ត្រូវបានលើកលែងចំពោះ ៖ ការដឹកជញ្ជូនទំនិញ គ្រប់ប្រភេទ ទាំងផ្លូវ គោក ផ្លូវទឹក និងផ្លូវដែក ,រថយន្ដ និងមធ្យោបាយធ្វើដំណើររបស់មន្ដ្រីរាជការស៊ីវិលគ្រប់ស្ថា ប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដែលម្ចាស់យាយយន្ដត្រូវបង្ហាញដល់កងកម្លាំងមានសមត្ថកិច្ចត្រួតពិនិត្យនូវអញ្ញាណប័ណ្ណការងាររបស់ខ្លួន, រថយន្ដ និងមធ្យោបាយធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន, រថយន្ដសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងឯកជន ,រថយន្ដពន្លត់អគ្គីភ័យ ,រថយន្ដបម្រើសេវាដឹកជញ្ជូនសំរាម និងកាកសំណល់ ,ការដឹកជញ្ជូនកម្មករទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ-សហគ្រាស ដែលត្រូវមានប័ណ្ណអនុញ្ញាតចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ,ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ដើម្បីទទួលបាននូវសេវាសុខភាពចាំបាច់ និងបន្ទាន់ ដោយកំណត់ចំនួនមនុស្ស មិនឱ្យលើសពី៤ នាក់ សម្រាប់ករណីនីមួយៗ។
ទី៣-បទបញ្ជានេះមានប្រសិទ្ធភាពអនុវត្តចាប់ពីម៉ោង ២៤ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ រហូតដល់ម៉ោង ២៤ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ដោយគ្រប់ក្រសួង-ស្ថាប័ន និងអាជ្ញាធរមានសម្ថកិច្ចពាក់ព័ន្ធត្រូវអនុវត្តបទបញ្ជានេះឱ្យបានម៉ឺងម៉ាត់បំផុត និងមានប្រសិទ្ធភាពខ្ពស់៕