ADB៖ ទីផ្សារការងារ ៦៨លានកន្លែង នឹងបាត់បង់ក្នុងទ្វីបអាស៊ី បើសិនជា Covid-19 បន្តរាតត្បាត

0

ដោយ ហ្សូលី

ភ្នំពេញៈ ធនាគារអភិវឌ្ឍអាស៊ី(ADB)បានព្រមានថា ការងារ៦៨លានកន្លែងអាចប្រឈមនឹងការបាត់បង់ ដោយសារមេរោគ Corona Covid-19 ប្រទេសក្នុងតំបន់អាស៊ីដែលរងផលប៉ះពាល់ខ្លាំងជាងគេ រួមមានដូចជា ចិន ជប៉ុន ឥណ្ឌា ហើយក្នុងនោះក៏មានកម្ពុជាផងដែរ។

យោងតាមគំរូវាយតម្លៃផលប៉ះពាល់សេដ្ឋកិច្ច ដោយCovid-19 របស់ធនាគារអភិវឌ្ឍអាស៊ី ដែលបានដាក់ចេញកាលពីសប្តាហ៍មុនបានឱ្យដឹងថា ប្រទេសចិនជាប់ជាលំដាប់កំពូល ដែលមានកម្មករទទួលរងផលប៉ះពាល់គ្មានការងារធ្វើ ដោយមានប្រមាណជិត ៥៣លាននាក់។ នេះគឺជាសេណារីយ៉ូដ៏អាក្រក់បំផុតមិនធ្លាប់មាន ក្នុងនោះកម្មករធ្វើតាមសណ្ឋាគារ និងភោជនីយដ្ឋាន ប្រឈមខ្លាំងជាងគេ ព្រោះវិស័យទេសចរណ៍បានធ្លាក់ចុះមិននឹកស្មានដល់ និងមានការរឹតបន្តឹងការធ្វើដំណើរចេញចូលប្រទេស។

ក្រៅពីនោះ បុគ្គលិកដែលបម្រើការងារវិស័យផលិតកម្ម នៅតាមបណ្តារប្រទេសមួយចំនួនក្នុងតំបន់អាស៊ី ដែលមានដូចជា កម្ពុជា វៀតណាម បង់ក្លាដេស ស្រីលង្ការកំពុងស្ថិតក្នុងស្ថានភាពលំបាកលំបិនផងដែរ។ ក្រុមហ៊ុនផលិតកម្ម ដូចជា រោងចក្រផលិតគ្រឿងបន្លាស់រថយន្ត គ្រឿងអេឡិចត្រូនិច កំពុងខ្វះខាតនៅសង្វាក់ផ្គត់ផ្គង់ និងប្រឈមនឹងការគ្មានការបញ្ជាទិញ។

ប្រទេសដែលពឹងផ្អែកលើវិស័យទេសចរណ៍ ដូចជា កម្ពុជា ថៃ និងម៉ាល់ឌីវ គឺពិតជារងសម្ពាធ ព្រោះថាអ្នកបម្រើការងារលើវិស័យនេះមានចំនួនច្រើន។ មកទល់ពេលនេះ ពួកគេត្រូវបាត់បង់ការងារ ឬព្យួរការងារ ដោយមិនដឹងថា ពេលណាទើបស្ថានការណ៍អាចវិលត្រឡប់មករកសភាពដើមវិញឡើយ។ បុគ្គលិកប្រមាណ៤០០,០០០នាក់ បានបាត់បង់ការងារនៅក្នុងប្រទេសកម្ពុជា។

ដោយឡែក លោកស្រី Sunniya Durrani-Jamal នាយកប្រចាំប្រទេសកម្ពុជា របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធ្លាប់បានអះអាងថា កម្ពុជាអាចដកប្រើកញ្ចប់ថវិកាឆ្លើយតបជំងឺCOVID-19 ពីក្នុងចំណោមទឹកប្រាក់៦,៥ពាន់លានដុល្លារ ដែលADBបានប្រកាសកាលពីថ្ងៃទី១៨ ខែមីនា ដើម្បីកំណើនសេដ្ឋកិច្ចរបស់ខ្លួន ដែលកំពុងរងផលប៉ះពាល់ពីការរីករាលដាលCOVID-19

LEAVE A REPLY

Please enter your comment!
Please enter your name here