ដោយ ហ្សូលី
ភ្នំពេញ៖ រោងចក្រនៅទូទាំងប្រទេសកម្ពុជា ប្រមាណ ៩៥ភាគរយ នៅតែបន្តបើកដំណើរការធ្វើការជាធម្មតានៅថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដែលជាការអនុវត្តតាមបទបញ្ជារដ្ឋាភិបាលដែលប្រកាសថាត្រូវធ្វើការជាធម្មតានិងលើកថ្ងៃចូលឆ្នាំទៅពេលវេលាណាមួយសាកសម ដើម្បីការពារការរីករាលដាលនៃជំងឺឆ្លង Covid-19។
បើតាមឱ្យដឹងពីអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ នៅព្រឹកថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២០នេះ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា រោងចក្រប្រមាណជា ៩៥ ភាគរយបើកដំណើរការ ចំណែកឯកម្មករកម្មការិនីនៅតែមកធ្វើការជាធម្មតា។
អ្នកនាំពាក្យក្រសួងការងាររូបនេះបានបញ្ជាក់ថា រោងចក្រមួយនៅខេត្តស្វាយរៀងដែលបានឈប់សម្រាកកាលពីថ្ងៃសៅរ៍សប្តាហ៍មុននោះ ក៏បើកដំណើរការនៅថ្ងៃនេះវិញផងដែរ។
ឯកឧត្តមបន្តថា ដោយឡែកសម្រាប់អ្នកឈប់សម្រាកការងារចំថ្ងៃបុណ្យចូលឆ្នាំខ្មែរវិញ ដោយគ្មានការអនុញ្ញាតពីរោងចក្រទេនោះ គឺមិនមានការបើកប្រាក់បៀរវត្សន៍នោះទេ ហើយត្រូវធ្វើចត្តាឡីស័ក (ដាក់ខ្លួនឱ្យនៅដោយឡែក) រយៈពេល១៤ថ្ងៃ ដើម្បីតាមដានក្រែងលោមានការឆ្លងជំងឺ Covid-19។
កាលពីសប្តាហ៍មុន រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានចេញបទបញ្ជាប្រកាសផ្អាកពិធីបុណ្យចូលឆ្នាំខ្មែរនៅឆ្នាំនេះ និងតម្រូវឱ្យមន្ត្រីរាជការ ក្រុមហ៊ុនឯកជន កម្មករកម្មការិនី និយោជិត ប្រកបការងារជាធម្មតា ហើយរដ្ឋាភិបាលនឹងសងថ្ងៃឈប់សម្រាកចូលឆ្នាំរយៈពេល ៥ថ្ងៃវិញ នៅពេលដែលស្ថានភាពជំងឺ Covid-19 នៅទូទាំងប្រទេសកម្ពុជា បានបញ្ចប់។
បន្ថែមពីនេះ រដ្ឋាភិបាលបានសម្រេចបិទការធ្វើដំណើរពីរាជធានីភ្នំពេញ ទៅបណ្តារខេត្ត និងពីបណ្តារខេត្ត ទៅខេត្ត ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺ Covid-19 ដោយមានការអន្តរាគមន៍ពីអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដែលអនុវត្តចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១៦ មេសា ឆ្នាំ២០២០៕